ភ្នំពេញៈ ឧស្សាហកម្មធានារ៉ាប់រងព្រះរាជាណាចក្រកម្ពុជា នៅតែដំណើរការល្អក្នុងឆមាសទី១ ឆ្នាំនេះ បើទោះបីភាពមិន ច្បាស់លាស់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដែលបណ្តាលមកពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បន្តប៉ះពាល់ដល់សកម្មភាពអាជីវកម្ម និងប្រាក់ចំណូលប្រជាជនក៏ដោយ។
ទិន្នន័យពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បង្ហាញថា បុព្វលាភសរុបនៃឧស្សាហកម្មមួយនេះបានកើនឡើងដល់ ៨១,២ លានដុល្លារនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៣ កើនឡើង ៦,៣ ភាគរយពី ៧៦,៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះបុព្វលាភធានារ៉ាប់រងសរុបដែលបានពីធានារ៉ាប់រងទូទៅបានកត់ត្រាចំនួន ៣៣,៣ លានដុល្លារនៅត្រីមាសទី២ ឆ្នាំនេះបើធៀបនឹង ២៨,៦១ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង ១៦,៤ភាគរយ ខណៈបុព្វលាភធានារ៉ាប់រងអាយុជីវិត ចំនួន ៤៦,១ លានដុល្លារ ធ្លាក់ចុះ ០,១៣ភាគរយ និងបុព្វលាភធានារ៉ាប់រងខ្នាតតូច ១,៧ លានដុល្លារ កើនឡើង ១២,៣ ភាគរយ។
លោក យុគ ចំរើនរិទ្ធ អគ្គនាយកក្រុមហ៊ុន Forte បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សម្រាប់ឧស្សាហកម្មមួយនេះគឺនៅកើនឡើងបន្តិចនៃបុព្វលាភធានារ៉ាប់រងក្នុងវិស័យអគ្គិភ័យ យានយន្ត និងជាពិសេសវិស័យសំណង់ ប៉ុន្តែមានការធ្លាក់ចុះការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ។
លោកបានបន្តថា បុព្វលាភធានារ៉ាប់រងនៃក្រុមហ៊ុន Forte បានកើនឡើងប្រហែល ៨ ភាគរយ នៅឆមាសទី១ ឆ្នាំ ២០២៣ នេះ ជាពិសេសនៅផ្នែកយានយន្ត អចលនទ្រព្យ និងសំណង់ ខណៈការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រធ្លាក់ចុះ។
លោកថ្លែងថា៖ «ខ្ញុំកត់សម្គាល់ឃើញថា ផលប៉ះពាល់ដោយសារការធ្លាក់ចុះជាបន្តបន្ទាប់នៃសេដ្ឋកិច្ចពិភពលោកក៏ប៉ះពាល់ដល់កំណើនយឺតរបស់ឧស្សាហកម្មនេះផងដែរ ខណៈយើងក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀត។ យើងទទួលការធ្លាក់ចុះបុព្វលាភពីធានារ៉ាប់រងផ្នែកវេជ្ជសាស្ដ្រ ប៉ុន្តែយើងក៏បង្កើនការចំណាយលើប្រាក់សំណង ដែលបានបង់សម្រាប់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ»។
លោក ប៊ូ ចាន់ភីរូ អគ្គនាយក IRC កន្លងមកធ្លាប់បានថ្លែងថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅតែរីកចម្រើនឆាប់រហ័សក្នុងអត្រាប្រចាំឆ្នាំមធ្យមប្រហែល ២៥ ភាគរយ ទោះមានការរីករាលដាលជំងឺកូវីដ ១៩។ លោកបន្តថា ក្នុងនោះក៏មានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ឆ្នាំ ២០២១-២០៣០ ដោយបានដាក់ចេញផែនទីបង្ហាញផ្លូវសម្រាប់ភ្នាក់ងារនេះក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។
ក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលខ្លី ឆ្នាំ ២០២១-២០២៣ កំណត់ប្រព័ន្ធចែកចាយធានារ៉ាប់រងដោយផ្តោតជាពិសេសលើការលើកកម្ពស់ការលក់ផលិតផលតាមរយៈធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការរៀបចំដែលគេស្គាល់ថា Bancassurance។
យោងតាមលោក ប៊ូ ចាន់ភីរូ អនុបាតនៃ GWP ជាតិធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) មានប្រហែល ១,១ ភាគរយ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងព្រឹត្តិការណ៍កាលពីចុងខែកក្កដាថា ឧស្សាហកម្មធានារ៉ាប់រងនៅប្រទេសកម្ពុជាកំពុងទទួលបានកំណើនសក្តានុពលនៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែមានការខ្វះខាតការយល់ដឹងជាសាធារណៈអំពីការទទួលបានធានារ៉ាប់រងសម្រាប់ការការពារហានិភ័យរបស់ពួកគេ។
លោកថ្លែងថា៖ «យើងមើលឃើញថាមានការខ្វះខាតការយល់ដឹងជាសាធារណៈពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង ទោះបីឧស្សាហកម្មនេះនៅតែរីកចម្រើនក៏ដោយ។ មានតម្រូវការសម្រាប់ឧស្សាហកម្មនេះក្នុងការផ្តល់ការអប់រំបន្ថែមដល់ប្រជាជនអំពីតម្លៃរបស់ឧស្សាហកម្មមួយនេះ»។
ទិន្នន័យពី IRC បង្ហាញថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ ឧស្សាហកម្មមួយនេះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៧ ក្រុមហ៊ុនធានារ៉ាប់រងឡើងវិញចំនួន ១ និងឈ្មួញកណ្តាលធានារ៉ាប់រង ២០ ភ្នាក់ងារសាជីវកម្ម និងក្រុមហ៊ុនកែតម្រូវការខាតបង់ចំនួន ៣៤។ ទ្រព្យសកម្មសរុបរបស់វិស័យនេះបានកើនដល់ជាង ១ ពាន់លានដុល្លារគិតត្រឹមត្រីមាសទី ២ ឆ្នាំនេះ កើន ១០,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
បុព្វលាភធានារ៉ាប់រងដែលសរសេរជាលាយលក្ខណ៍អក្សរសរុប (GWP) របស់វិស័យធានារ៉ាប់រងកម្ពុជា សម្រាប់ឆ្នាំ ២០២២ មាន ៣៣១,៨៧ លានដុល្លារកើនឡើង ១០,៦៨ ភាគរយពី ២៩៩,៨៣៥ លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ IRC៕