ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ជំរុញ​ឱ្យ​ពាណិជ្ជករ និង​វិ​និ​យោគិន​ឥណ្ឌា​ចាប់យក​ឱកាស​អាជីវ​​កម្ម និង​វិនិយោគ​នៅ​កម្ពុជា ខណៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ជាច្រើន​ត្រូវបាន​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​កំពុង​ពិ​​ភា​ក្សា​គ្នា​។​

​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​រវាង​កម្ពុជា និង​ឥណ្ឌា នៅ​ថ្ងៃទី​ ២៤ ខែសីហា ឯកអគ្គ​​រដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោកស្រី Devyani Khobragade បាន​ប្រាប់​វេទិកា​នេះ​ថា ឥណ្ឌា និង​កម្ពុជា មាន​ទំនាក់ទំនង​នយោបាយ​ដ៏​ល្អ​ហើយ​ការណ៍​នេះ​ផ្តល់ឱ្យ​ប្រទេស​ទាំង ​២ ​នូវ​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហើយក៏​ផ្តល់​លទ្ធភាព​ឱ្យ​ប្រទេស​នានា​ទទួលបាន​ការយ​ល់​ដឹង​ដើម្បី​ជួយ​ដល់​ទំនាក់ទំនង​ធុរកិច្ច​រវាង​អាជីវកម្ម និង​អាជីវកម្ម ​(B2B)​ រវាង​ប្រទេស​ទាំង​ ២​។​


​លោកស្រី​ពន្យល់ថា ការផ្តោត​ការ​យកចិត្តទុកដាក់​រប​ស់​ឥណ្ឌា​នៅក្នុង​ប្រទេស​កម្ពុជា ​គឺ​ទៅលើ 3Cs ដែល​រួមមាន​ការតភ្ជាប់​ពាណិជ្ជកម្ម និង​វប្បធម៌​។ ដូច្នេះហើយ ការជួញដូរ ការវិនិយោគ និង​ពាណិជ្ជកម្ម មានការ​ផ្ដោត​ដ៏​សំខាន់​លើ​វិស័យ​នានា​សម្រាប់​កិច្ចខិតខំ​ប្រឹង​ប្រែង​ទាំងអស់ កំណត់​យុទ្ធសាស្ត្រ​ដែល​ចាំបាច់​ត្រូវ​លើកកម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។​

​លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​ធានាថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​គាំទ្រ​អ្នក ហើយ​អ្នកមាន​បរិយាកាស​នយោបាយ និង​យុទ្ធសាស្ត្រ​ដែលមាន​សុវត្ថិភាព និង​ស្ថិរភាព​បំផុត​ក្នុងការ​ដំណើរការ​អាជីវកម្ម​របស់​អ្នក​»​។​


​លោកស្រី​បន្តថា មានគំនិត​ផ្តួចផ្តើម​ជាច្រើន​ដែល​រដ្ឋាភិបាល​ឥណ្ឌា និង​កម្ពុជា​កំពុង​ធ្វើ​ដើម្បី​ជំរុញ​ទំនាក់ទំនង​នយោបាយ និង​ពាណិជ្ជកម្ម​។ ឥណ្ឌា និង​កម្ពុជា​បច្ចុប្បន្នកំពុង​ចរចា​លើស​ន្ធិ​សញ្ញា​វិនិយោគ​ទ្វេភាគី «​ដែល​ការចរចា​នេះ​គឺ​ដំណាក់កាល​ចុងក្រោយ ដោយ​នឹង​ផ្ដល់​ជាស​ម្ទុះ​សម្រាប់​ការវិនិយោគ​ពី​ភាគី​ទាំង​ ២»​។​

​លោកស្រី​បន្ថែមថា​៖ «​ហើយ​ខ្ញុំ​តែងតែ​និយាយ​ទៅកាន់​សហសេវិក​ធុរកិច្ច​ថា កុំ​មើល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រជាជន ១៧​ លាន​នាក់​ឱ្យសោះ​។ សូម​ក្រឡេកមើល​កម្ពុជា គឺជា​ច្រកទ្វារ​ប្រកបដោយ​ស្ថិរភាព និង​មិត្តភាព​របស់​អ្នក​ទៅកាន់​អាស៊ាន​។ ខ្ញុំ​សូមបញ្ជាក់​ជាមួយ​អ្នក​ថា ស្ថានទូត​នេះ​កំពុងធ្វើការ​យ៉ាងសកម្ម​ដើម្បី​ក្រុមប្រឹក្សា​ធុរកិច្ច​រួម​ឥណ្ឌា និង​កម្ពុជា​។ យើង​សង្ឃឹមថា​នឹងមាន​ក្រុមប្រឹក្សា​នេះ​នៅ​ប្រទេស​ឥណ្ឌា​ក្នុងឆ្នាំនេះ​»​។​

​លោក Ashwini Kumar Rath ប្រ​ធាន​ប្រតិភូ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Batoi Systems Pvt Ltd ក៏បាន​សង្កត់ធ្ងន់​ក្នុង​វេទិកា​នេះ​ថា ឥណ្ឌា និង​កម្ពុជា មាន​ទំនាក់ទំនង​ដ៏​កក់ក្តៅ​។ ក្នុង​បរិបទ​នៃ​ប្រទេស​ឥណ្ឌា លោក​បានឱ្យដឹងថា កម្ពុជា​គឺជា​ដៃគូ​ដ៏​សំខាន់ ខណៈ​ប្រទេស​ទាំង​ ២ ​កំពុង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​របស់ខ្លួន​ក្នុង​ភាព​ចម្រុះ ដូចជា​ការកសាង​សមត្ថភាព​ស្ថាប័ន ការ​អភិ​វ​ឌ្ឍ​ធនធានមនុស្ស ការផ្លាស់ប្តូរ​ជំនួយ​ធនធាន​ហិរញ្ញវត្ថុ និង​គម្រោង​នានា​។​

​លោក​ថ្លែងថា​៖ «​យើង​ជឿថា កំណើនសេដ្ឋកិច្ច និង​សមត្ថភាព​ផលិតកម្ម​របស់​កម្ពុជា​នឹងធ្វើ​ឱ្យ​តម្លៃ​ប្រសើរឡើង​ទៅកាន់​ទីផ្សារ​ឥណ្ឌា​»​។

​លោក ស៊ុន សេង​ហួត រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​​វិទ្យា និង​នវានុវត្តន៍​ (MISTI) នៃ​កម្ពុជា​បាន​ថ្លែង​ក្នុង​វេទិកា​នេះ​ថា រដ្ឋាភិបាល​​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ខ្លាំង​លើ​ការរក្សា​កំណើន​សេដ្ឋកិច្ចជាតិ និង​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស ពិសេស​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ដែល​បាន​រំខាន​ដល់​អាយុជីវិត​មនុស្ស និង​សេដ្ឋកិច្ច​។​

​លោក​ថ្លែងថា​៖ «​ផ្អែកលើ​សេណារីយោ​នេះ រដ្ឋាភិបាល​កំពុង​លើកកម្ពស់​សហ​​គ្រាស​ធុន​តូច និង​មធ្យម​ជា​វិស័យ​អាទិ​ភាព ដើម្បី​ជា​សក្តានុពល​ដ៏​ធំធេង​ក្នុងការ​ស្តារ​សេដ្ឋកិច្ចជាតិ និង​បានកំណត់​ចំនួន​ផលិតផល​ផងដែរ​»​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​រាយការណ៍​ថា ការនាំ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌា​បាន​កើន​ដល់ ៩១,៥២៦​ លាន​ដុល្លារ​ក្នុង​រយៈ​ពេល ៤ ​ខែ​ដំបូង​ឆ្នាំ​ ២០២៣​។ តួលេខ​នេះ​តំណាងឱ្យ​ការ​កើន ៦៤,២ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​៕