​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ចំនួន​ ១៣​ បន្ថែមទៀត ធ្វើការ​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ចាម ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ​៤២៥,៩ ​លាន​ដុល្លារ​អាមេរិក អាចបង្កើត​ការងារ​ចំនួន ២៣ ២៥៦ កន្លែង ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​យោងតាម CDC នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៣​នេះ បានឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ទាំង​១៣ រួមមាន​៖


១. ក្រុមហ៊ុន​“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ង​តិ៍ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​ហោម​សំណង់ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ២៥៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦៨​កន្លែង​។

២.​ក្រុមហ៊ុន​“KHOU TOWER CO., LTD” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ ៥ ចំនួន ២៣៧​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៨៤,៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៥៥​កន្លែង​។


៣.​ក្រុមហ៊ុន​“RIGHT UNION INTERNATIONAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​សែន ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ក្នុង​ទុនវិនិយោគ​ប្រមាណ ២០,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤.៨៧០​កន្លែង​។

៤.​ក្រុមហ៊ុន​“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​ប្រើប្រាស់ (​ធ្នើ កន្ត្រក​...) ពី​ដែក និង​ប្លា​ស្ទិ​ក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ១០,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤.៨៧០​កន្លែង​។ ៥.​ក្រុមហ៊ុន “POLESTAR (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្នាម​ព្រះ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ក្នុង​ទុនវិនិយោគ​ប្រមាណ ៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៥៩១​កន្លែង​។

៦.​ក្រុមហ៊ុន “EVERGREAT (CAMBODIA) SHOES CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំការ​ស្លែង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៦០​កន្លែង​។​

៧.​ក្រុមហ៊ុន “ARTIVERSE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.០៨៦​កន្លែង​។​

៨.​ក្រុមហ៊ុន “AL JAZEELAN FOOD PTE. LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២៥​កន្លែង​។

៩.​ក្រុមហ៊ុន​ឈ្មោះ “JUN BO SHENG SHOE MATERIAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលំ ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៦៨​កន្លែង​។

១០.​ក្រុមហ៊ុន “SMART PACKAGING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១០​កន្លែង​។

១១.​ក្រុមហ៊ុន ឈ្មោះ​“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​សានូ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស​ណ្តុ​ល ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៩៣១​កន្លែង​។

១២.​ក្រុមហ៊ុន “KUNBO STYLE APPAREL CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.០៤១​នាក់​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បន្តថា ចំណែក​ក្រុមហ៊ុន​ទី​១៣ ឈ្មោះ “MENATURE OUTDOOR (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៤៨១​នាក់​។​

​យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីដើម​ខែកក្កដា បាន​បង្ហាញថា បើ​គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៣​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម ចំនួន ១១៣​គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ ១.១០៥ លាន​ដុល្លារ​៕