អាជ្ញាធរ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា សាលា​រាជធានី នឹង​រៀបចំ​ទីតាំង​សម្រាប់​ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SME)​ កម្ពុជា ដាក់តាំង​លក់​ផលិតផល​របស់​ខ្មែរ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខណៈដែល​ឆ្នាំនេះ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ធំ​ជាង​ឆ្នាំ​កន្លងទៅ​។​

​នៅក្នុង​សិក្ខាសាលា ស្តីពី​ការអភិវឌ្ឍ​អាជីវកម្ម​ក្រោយ​បរិបទ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៣ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានឱ្យដឹង ដោយសារតែ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​មួយ​នេះ ត្រូវបាន​អាក់ខាន​រយ​:​ពេល​៣ ឆ្នាំ​មកហើយ ដូច្នេះ​ឆ្នាំនេះ រាជរដ្ឋាភិបាល នឹង​រៀបចំ​ឱ្យមាន​អធិកអធម​ជាង​ពេលកន្លងមក ថែម​ជួយ​រៀបចំ​ទីតាំង​ល្អ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ ដែលជា​អ្នកលក់​ផលិតផល​ក្នុងស្រុក អាចដាក់​លក់​ផលិតផល​របស់ខ្លួន​បាន​ដោយ​ងាយស្រួល​ផងដែរ​។​


​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កន្លែង​សម្រាប់​ការតាំង​លក់ ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​ផលិតផល​របស់​ខ្មែរ បង្ហាញ​ទៅកាន់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ស្គា​ល់ពី​ផលិតផល​របស់​ខ្មែរ ប៉ុន្តែ​ក៏​ទាមទារ​ឱ្យមាន​ស្តង់ដា​អនាម័យ​ខ្ពស់ និង​តម្លៃ​ក៏​អាច​ទទួលយកបាន​»​។​

​នា​សិក្ខាសាលា​នេះដែរ លោក តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) បាន​មានប្រសាសន៍ថា សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា មាន​ច្រើនណាស់​ដែល​កំពុង​ត្រូវការ​ចំណេះដឹង​ថ្មីៗ ក៏ដូចជា​ត្រូវ​ការជួយជ្រោមជ្រែង​បន្ថែមទៀត ទាំង​ផ្នែក​បច្ចេកទេស ការជំរុញ​ទីផ្សារ​ក្នុងស្រុក និង​ការជំរុញ​ទីផ្សារ​ទៅ​ក្រៅប្រទេស​។ លោក​បាន​បញ្ជាក់ទៀតថា​៖«​ខាងយើង​ក៏មាន​តម្រូវការ ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់ និង​អភិវឌ្ឍន៍​អាជីវកម្ម​របស់គាត់​។ ដូច្នេះ​ទើប​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម សហការ​សម្របសម្រួល​រៀបចំ ដើម្បី​បង្កើត​អង្គសិក្ខាសាលា​នេះ​ឡើង​»​។​


​ជាមួយគ្នា​នោះដែរ លោក​បាន​ស្នើឱ្យ សមាជិក​របស់​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ទាំងអស់ ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​ការងារ​ធុរកិច្ច​របស់ខ្លួន​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ ជាងនេះទៅទៀត ត្រូវ​ឈ្វេងយល់​ពីរ​បៀ​បលក់​ផលិតផល​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ឈ្វេងយល់​អំពី​ដំណើរ​ការនាំចេញ ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​បទ​ប្បញ្ញត្តិ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ព័ត៌មាន​ទាក់ទង​នឹង​ប្រាក់កម្ចី​ធនាគារ​ដៃគូ សេវាកម្ម ក្រុមហ៊ុន​ដៃគូ​។​

​បើតាម ប្រធាន FASMEC សមាគម​តែងតែ​រៀបចំ​សិក្ខាសាលា​ជារឿយៗ នៅ​ទូទាំងប្រទេស ដើម្បី​ប្រមូល​ព័ត៌មាន បញ្ហា​ប្រឈម និង​តម្រូវការ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​រក​ដំណោះស្រាយ ជំរុញ​ការអភិវឌ្ឍ​អាជីវកម្ម​នៅក្នុង​វិស័យ​SME ទាំងអស់ ឱ្យមាន​ដំណើរការ​ល្អប្រសើ​រ ខណៈដែល​កម្ពុជា មាន​អាជីវកម្ម​ស្ទើរតែ​១០០​ភាគរយ ជា​ប្រភេទ​អាជីវកម្ម​SME​។​

​ពាក់ព័ន្ធ​ពិធីបុណ្យ​អុំទូក​នេះដែរ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៥ ខែសីហា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​អំពី​ការរៀបចំ​ប្រទីប​ក្រសួងកសិកម្ម ដើម្បី​ចូលរួម​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​។

​លោក ឱម គឹម​ស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​ណែនាំ​ឱ្យមាន​ការចូលរួម​ទទួលខុសត្រូវ​ទាំងអស់គ្នា​ជា​ក្រុមការងារ ធ្វើ​វា​ឱ្យ​ល្អ ធ្វើ​វា​ឱ្យ​ពិតប្រាកដ ដោយ​ប្រទីប​នេះ​គឺ​ត្រូវមាន​អត្ថន័យ​អំពី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​តាម​អនុវិស័យ​ទាំង​៥ ដើម្បីឱ្យ​ប្រជាជន​បាន​ជ្រាប ហើយ​ការ​រចនា​គឺ​ត្រូវមាន​ភាព​ច្នៃប្រឌិត ទំនើប រួមបញ្ចូល​ទាំង​បុរាណ​និង​សម័យ តែ​ស្របតាម​ប្រពៃណី និង​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ និង​មាន​ខ្លឹមសារ​។

​សូម​ជម្រាបជូន​ថា ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៣​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦, ២៧ និង​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ​៕