រាប់ចាប់តាំងពីឆ្នាំ២០២២ ដែលថៃបានកែប្រែការដាំដុះឬលក់កញ្ឆាឱ្យទៅជាភាពស្របច្បាប់ការលក់រុក្ខជាតិនេះបានកើនឡើងគួរឱ្យកត់សម្គាល់ជាពិសេសនៅតាមតំបន់ទេសចរណ៍។
អាជីវករជាច្រើននាក់បានទាញយកអត្ថប្រយោជន៍ពីច្បាប់ថ្មីនេះក្នុងការលក់ដោយបើកចំហនូវប្រភេទកញ្ឆាស្ងួតដែលនាំចូលដោយខុសច្បាប់ពីប្រទេសកាណាដាឬសហរដ្ឋអាមេរិក។ក្នុងនោះ ការផ្សព្វផ្សាយនានាអំពីផលិតផលឬអាហារដែលមានដាក់បញ្ចូលនូវសារធាតុកញ្ឆាក៏ត្រូវបានធ្វើឡើងដោយបើកចំហផងដែរ។
យ៉ាងណាមិញអ្នកជំនាញផ្នែកឧស្សាហកម្មកញ្ឆាជាច្រើនបាននិយាយនៅក្នុងបទសម្ភាសថាការចែកចាយកញ្ឆាបែបនេះអាចនឹងលែងដំណើរការក្នុងពេលឆាប់ៗខាងមុខដោយសារតែមានការផ្គត់ផ្គង់លើសតម្រូវការ។
ជាមួយនឹងការដឹកនាំប្រទេសរបស់នាយករដ្ឋមន្ត្រីទើបនឹងជាប់ឆ្នោតថ្មីៗនេះផងមិនមាននរណាម្នាក់អាចដឹងឡើយចំពោះការផ្លាស់ប្ដូរណាមួយទៅលើច្បាប់នេះទេ។
លោក SirasitPraneenij សហស្ថានិកនៃក្រុមហ៊ុនកសិកម្មកញ្ឆា Medicana បាននិយាយកាលពីពេលថ្មីៗនេះនៅឯកសិដ្ឋានដាំកញ្ឆាមួយកន្លែងថាចំណូលដែលបានមកពីការលក់កញ្ឆាទំនងជាកើនឡើងកាន់តែច្រើនថែមទៀត។
លោក Sirasit បានបន្ថែមថា៖«កសិករដាំកញ្ឆាថៃជាច្រើនរួមទាំងពួកយើងផងដែររីករាយក្នុងការអនុវត្តតាមបទ ប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់សុខភាពប្រជាជាតិ»។
ក្នុងនោះដែរលោកបានឱ្យដឹងថាកសិដ្ឋានរបស់លោកអាចផលិតបានផ្កាកញ្ឆាស្ងួតចំនួន ២៥ គីឡូក្រាមទៅ ២៧ គីឡូក្រាមក្នុងមួយខែ។
គួររំលឹកថាពីមុនមកប្រទេសថៃក៏ធ្លាប់មានច្បាប់តឹងរ៉ឹងក្នុងការចរាចរណ៍រុក្ខជាតិញៀនទាំងនេះដែរប៉ុន្តែក្រោយពេលដែលរដ្ឋាភិបាលសម្រេចដាក់ឱ្យការលក់កញ្ឆាទៅជាសកម្មភាពស្របច្បាប់កាលពីខែមិថុនាឆ្នាំ២០២២ ឧស្សាហកម្មក្នុងស្រុកបានកើនឡើងយ៉ាងឆាប់រហ័សពិសេសនៅតាមតំបន់ទេសចរណ៍តែម្ដង។ មិនដល់ ១ ឆ្នាំផងទូទាំងប្រទេសថៃមានកន្លែងចែកចាយកញ្ឆាប្រមាណ ១២០០០ កន្លែងដែលចំនួននេះហក់ឡើងខ្ពស់ជាងនៅសហរដ្ឋអាមេរិកទៅទៀត។
បើទោះបីជាភាពស្របច្បាប់នៃកញ្ឆាមិនមានភាពប្រាកដប្រជាក៏ដោយឧស្សាហកម្មកញ្ឆារបស់ប្រទេសថៃ បានរីកលូតលាស់យ៉ាងលឿនតាមរយៈភ្ញៀវទេសចរដែលមានជិត ៤០ លាននាក់ជារៀងរាល់ឆ្នាំ (មុនពេលជំងឺរាតត្បាតរាតត្បាត)។ អ្នកដាំដុះរុក្ខជាតិកញ្ឆាបានអះអាងថាទីផ្សារកញ្ឆាដ៏សំខាន់គឺមិនមែនភ្ញៀវក្នុងស្រុកទេតែជាភ្ញៀវទេសចរដែលចូលមកកម្សាន្ដនៅប្រទេសថៃ។
លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានប្រាប់អ្នកសារព័ត៌មានមុនការបោះឆ្នោតសកលខែឧសភាថាគណបក្ស ភឿថៃមិនចង់បានការធ្វើឱ្យស្របច្បាប់នៃកញ្ឆានោះទេពោលគឺលោកគាំទ្រការប្រើប្រាស់សម្រាប់តែគោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណាមានវិនិយោគិនទាំងក្នុងនិងក្រៅស្រុកជាច្រើនបានចាប់អារម្មណ៍លើការបណ្ដាក់ទុនលើឧស្សាហកម្មកញ្ឆារីឯអ្នកដែលកំពុងធ្វើអាជីវកម្មលើឧស្សាហកម្មនេះស្រាប់ក៏កំពុងតែពង្រីកផលិតកម្មរបស់ខ្លួនផងដែរ៕