​ភ្នំពេញៈ សមាគម​ស្វាយចន្ទី​កម្ពុជា​កំពុង​ជំរុញ​ឱ្យ​កសិករ​ដាំ​​ដុះ​ស្វាយចន្ទី និង​យល់ដឹង​ពីសា​រៈ​សំខាន់​នៃ​សេវា​ធានារ៉ាប់រង​ក​សិ​កម្ម​តាមរយៈ​ការចូលរួម​ផ្តល់​ធាតុ​ចូលដល់​ផលិតផល​ធានារ៉ាប់រង និង​ពន្យល់​កសិករ​ពី​សារៈសំខាន់​នៃ​ផលិតផល​ធានារ៉ាប់រង ខណៈដែល​បម្រែបម្រួល​អាកាសធាតុ បាន​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា និង​ពិភពលោក​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​​សមាគម​ស្វាយចន្ទី​កម្ពុជាបាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ សីហា ឆ្នាំ​ ២០២៣ ​ថា សម្រាប់​សេវា​ធា​នា​រ៉ាប់រង​កសិកម្ម ទើបតែ​ឃើញ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ ​(Forte) មួយ​ទេ ដែលមាន​ផលិតផល​សេវា​ធានារ៉ាប់រង​ចំពោះ​វិស័យ​កសិកម្ម ទៅ​ដំណាំ​ស្រូវ និង​ស្វាយចន្ទី​។


​លោក​បន្ថែមថា មកទល់នឹង​ពេលនេះ មានតែ​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ធំៗ​ប៉ុណ្ណោះ​ដែល​បាន​ទិញ​ធានារ៉ាប់រង​កសិកម្ម ខណៈដែល​ចម្ការ​តូចៗ​នៅ​មិនទាន់បាន​យល់​ពី​ធានារ៉ាប់រង​នៅឡើយ​។ លោក អួន ស៊ី​ឡុ​ត ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សមាគម​ស្វាយចន្ទី​យើង បាននិងកំពុង​ជំរុញ និង​ចូលរួម​ផ្តល់​ធាតុ​ចូលដល់​ផលិតផល​ធានារ៉ាប់រង និង​ពន្យល់​កសិករ​ពី​សារៈសំខាន់​នៃ​ផលិតផល​ធានារ៉ាប់រង​នេះ ព្រោះ​យើង​យល់ឃើញថា ការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើឱ្យ​ទិន្នផល​ប្រែប្រួល ដូចនេះ​ប្រសិនបើ​កសិករ​ទិញ​ធានារ៉ាប់រង​ហ្នឹង​វា​ជា​រឿង​មួយ​ល្អ​»​។

​លោក​បន្តថា​៖ «​នៅពេលដែល​កសិករ​យើង​មាន​បញ្ហា ខាង​ធានារ៉ាប់រង​ហ្នឹង​គេ​ជួយ​ចេញសង​លើ​ហានិភ័យ​ផ្សងៗ ដែល​យើង​បាន​បាត់បង់​នេះ មិនមែន​ត្រឹមតែ​ការប្រែប្រួល​អាកាសធាតុ​ទេ បើតាម​ខ្ញុំ​ដឹង​ការធានារ៉ាប់រង​នេះ រហូតដល់​ផលដំណាំ​ដែល​យើង​បាន​ទាប​ទៀតផង តាម​​រយៈ​ការជួយ​បំពេញបន្ថែម​»​។​


​បើតាម​លោក​ អួន ស៊ី​ឡុ​ត កាល​​ពី​ពេល​ថ្មីៗ​នេះ​សមាគម​ស្វាយ​ចន្ទី​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ហ្វ​ត​តេ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ធា​នា​រ៉ាប់រង​កសិកម្ម​នេះ ជូន​ដល់​កសិករ​ទូទាំងប្រទេស​ដែល​គាត់​មាន​ចំណាប់​អារ​ម្មរណ៍ ព្រោះថា កសិករ​នៅពេលដែល​មានការ​ខាតបង់​លើ​ទិន្នផល​ដំណាំ គាត់​នឹង​លក់​ចម្ការ​ដើម្បី​សង​ធនាគារ ប៉ុន្តែ​នៅពេល​មានការ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​បែបនេះ ខាង​ក្រុមហ៊ុន​ធានារ៉ាប់រង​នឹង​អាចជួយ​ចេញ​ការ​ខាត​ពាក់កណ្តាល​។​

​ដោយសារតែ​កម្ពុ​ជាមាន​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ដល់​ទៅ​ ៤០ ​ក្រុមហ៊ុន ដូចនេះ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ចង់ឱ្យមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​កាន់តែច្រើន កាន់តែ​ល្អ ដើម្បី​អាចជួយ​ដល់​កសិករ ដែល​រង​ហានិភ័យ​ផ្សេងៗ ជាពិសេស​បញ្ហា​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​លោក យក់ ចំរើន​ប្ញ​ទ្ធិ ប្រធាន​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២៧ ខែសីហា ថា សេវា​ធានារ៉ាប់រង​កសិកម្ម បាន​ជួយ​ដល់​កសិករ​យ៉ាងច្រើន​ដែល​ពួកគេ​នៅតែ​អាច​ទទួលបាន​ប្រាក់​ចំណូល​ខ្លះ ឬ​រួចខ្លួន​ពី​ការធ្វើ​ស្រែចម្ការ​របស់​ពួកគាត់ ដើម្បី​មាន​ទុន​បន្ត​ការដាំដុះ​នៅ​រដូវ​កាល​ក្រោយ​ទៀត បើទោះបីជា​បញ្ហា​អាកាសធាតុ​បានធ្វើឱ្យ​ទិន្នផល របស់​ពួកគាត់​ធ្លាក់ចុះ​ក៏ដោយ​។​

​លោក​បញ្ជាក់ថា​៖ «​កន្លងមក​យើង​ជួយ​បាន​កសិករ​ច្រើន​។ យើង​តែងតែ​និយាយថា ធ្វើស្រែ​ ១ ​ឆ្នាំ​ត្រូវ ១ ​ឆ្នាំ​ខុស តែ​យើង​មិន​ចង់ឱ្យ​គាត់​ខុស​រហូត​ទេ​។ បើ​គាត់​ខុស យ៉ាងហោចណាស់​ក៏​គាត់​រួចខ្លួន គាត់​មាន​ចំណូល​បន្តិចបន្តួច កុំឱ្យ​គាត់​ទៅ​ខ្ចីបុល​គេ​បន្ថែមទៀត​»​។

បើតាម លោក ចំរើន​ឫទ្ធិ បច្ចុប្បន្ន​ហ្វ​ត​តេ កំពុង​​តែ​ធ្វើ​ការងារ​នេះ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​កសិករ នៅតាម​បណ្តា​ភូមិ​ឃុំ​មួយចំនួន​។ ហ្វ​ត​តេ​បាននិងកំពុង​សាកល្បង​ផ្តល់​ការ​ធានា​រ៉ាប់​នៅ​ខេត្ត​ចំនួន ​៣ រួមមាន​បាត់ដំបង កំពង់ធំ និង​ព្រៃវែង ដោយ​ក្នុង ១​ ខេត្ត​ជ្រើស​រើសយក ២​ ស្រុក​។​

​សម្រាប់​ក្រុមហ៊ុន​ហ្វ​ត​តេ សេវា​ធានារ៉ាប់រង​កសិកម្ម មាន​ ២ ​ប្រភេទ ក្នុងនោះ​ទី​១ គឺ​ការធានា​រ៉ាប់រង​ទៅលើ​ការប្រែប្រួល​អាកាស​​ធាតុ ដែល​ប្រភេទ​នៃ​ការធានា​រ៉ាប់រង​នេះ គឺ​ផ្តល់​ធានារ៉ាប់រង​ទៅលើ​ដំណាំ​ ៣ ​ប្រភេទ រួមមាន​ស្រូវ ស្វាយ និង​ស្វាយចន្ទី​។ ការ​ធានារ៉ាប់រង​នេះ គឺ​ពេល​រដូវវស្សា​ចូល​មកដល់​ដែលជា​ពេល​សម្រាប់​កសិករ​ធ្វើស្រែ​ចម្ការ​។ ប្រសិនបើ​ប្រជាកសិករ មិនអាច​ធ្វើស្រែ​​ចម្ការ​បាន​ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់​ក្រុមហ៊ុន​នឹង​ផ្តល់​សំណង​ជូន​ដល់​កសិករ ទៅតាម​ទំហំ​ដែល​បាន​ព្រមព្រៀង ដែល​ធ្វើឱ្យ​កសិករ​មិន​ខាត​បង់លុយ​។​

​ប្រភេទ​ធានារ៉ាប់រង​ទី​២ គឺ​ធានារ៉ាប់រង​ទៅលើ​ទិន្នផល​។ សម្រាប់​ការធានារ៉ាប់រង​ប្រភេទ​នេះ​គឺ​ផ្តល់​សំណង​ទៅ​ការ​ការធ្លាក់ចុះ នៃ​ទិន្នផល​នៅពេល​ប្រមូល​ផល​។ ប្រសិនបើ​ដី ១ ​ហិកតា ត្រូវ​ប្រមូល​ផល​បាន​ ៣​ តោន ប៉ុន្តែ​ប្រសិនបើ​ទិន្នផល​ធ្លាក់​ចុះក្រោម​៣​តោន​ដោយសារតែ​បញ្ហា​អា​​កាស​ធាតុ ឬ​សត្វល្អិត​បំផ្លាញ ក្រុមហ៊ុន នឹង​សង​សំណង​ទៅលើ​ទិន្នផល​ដែល​បាត់បង់​។​

​យោងតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ហ្វ​ត​តេ មកទល់ពេលនេះ​កសិករ​ប្រមាណ ៥៦ ០០០​ គ្រួសារ បាន​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​កសិកម្ម និង​ទទួលបាន​បុព្វ​លាភ​ជិត​ ១​ លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ននេះ កសិករ​ដែល​ប្រើ​ប្រាស់​សេវា​ធានារ៉ាប់រង​កសិកម្ម ក្នុងនោះ ស្រូវ​ប្រមាណ ​៨ ម៉ឺន​ហិកតា ដែល​បាន​ប្រើប្រាស់​ធានា​​រ៉ាប់រង​សម្រាប់​ការដាំដុះ​ស្រូវ​នៅ​រដូវវស្សា​។ ដំណាំ​ស្វាយ មាន​ប្រមាណ​ ២​ សែន​ដើម និង​ស្វាយ​ចន្ទី​ប្រមាណ ៦​ ពាន់​ហិកតា​។​

​ចំណែក​ទិន្នន័យ​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បានឱ្យដឹងថា ផលិតកម្ម​ស្វាយចន្ទី​ក្នុង​រយៈ​ពេល​ ៧ ​ខែ ឆ្នាំ​ ២០២៣ ពោលគឺ​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ផលិតផល​ស្វាយចន្ទី​ឆៅ​បាន ៦២០ ០០០ តោន (៦​សែន ២​ម៉ឺន​តោន​)  ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម បាន​៥៩១ ០០០ តោន (៥​សែន ៩​ ម៉ឺន ១ ​ពាន់​តោន​) ស្មើ​ទឹកប្រាក់ ៨០៥​ លាន​ដុល្លារ ថយចុះ ១៥,៩ ​ភាគរយ បើ​ធៀប​រយៈកាល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ តម្លៃ​មធ្យម​គ្រាប់​ស្ងួត ១ ៦៥៨ ​ដុល្លារ​ក្នុង​ ១ ​តោន ឬ ៦៧០០ ​រៀល​ក្នុង ១ ​គីឡូក្រាម​៕