ភ្នំពេញៈ ទោះបី​ស្ថានភាព​សកល​លោក​មាន​បញ្ហា​ប្រឈម​កាន់តែច្រើន ក៏​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​នៅតែមាន​ប្រ​តិ​ប​ត្តិ​ការល្អ​ជាង​ឆ្នាំ ២០២២ ជាមួយនឹង​កំណើន​តារាង​តុល្យការ​ដ៏​រឹងមាំ ប៉ុន្តែ​មានការ​កើនឡើង​នៃ​ការចំណាយ និង​ថ្លៃដើម​ឥណទាន​កាន់តែ​ខ្ពស់​។ ការ​ចំណាយ​លើ​ឥណទាន​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅតែ​ខ្ពស់​នៅក្នុង​ឆ្នាំ​ ២០២៣​។ នេះ​បើតាម​របាយការណ៍​ចុង​ក្រោយពី​ក្រុមហ៊ុន Mekong Strategic Firm​។​

​យោងតាម​របាយការណ៍​មាន​ឈ្មោះថា​៖ «​របាយការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ខែសីហា​» គឺ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​ ២០២២ ប្រទេស​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន ៥៨ ធនាគារ​ឯកទេស​ចំនួន ៩ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៨២ និង​ក្រុមហ៊ុន​ភតិសន្យា ១៦​។ ប្រាក់​កម្ចី​សរុប​មាន​ចំនួន ៥៣,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២ កើនឡើង​ពី ៤៥,៤ ​ពាន់​លាន​ដុល្លារ ប្រាក់​បញ្ញើ​សរុប​ចំនួន ៤១,៩ ​ពាន់​លាន​ដុល្លារ កើន​ពី ៣៨,៨​ ពាន់​លាន​ដុល្លារ ហើយ​អនុ​បាត​កម្ចី​មិន​ដំណើរការ​ចំនួន ៣,១​ ភាគរយ​កើនឡើង​ពី ២,១ ​ភាគរយ​»​។​


​ខណៈ​ប្រាក់ចំណូល​សរុប​ចំនួន ៤,១ ​ពាន់​លាន​ដុល្លារ​កើន​ពី​ចំនួន ៣,៥៣​ ពាន់​លាន​ដុល្លារ​។ ប្រាក់ចំណេញ​សុទ្ធ​បន្ទាប់ពី​បង់ពន្ធ​រួច​មាន​ចំនួន ១,២២ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​ពី ១,២៧ ​ពាន់​លាន​ដុល្លារ ហើយ​ប្រាក់ចំណេញ​ពី​មូល​ធន​វិនិយោគ មាន​ចំនួន ៨,៤​ ភាគរយ​ធ្លាក់ចុះ​ពី ១០,២ ​ភាគរយ​។​

​របាយការណ៍​បង្ហាញថា សន្ទនីយ​ភាព​របស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ត្រូវបាន​រឹតបន្តឹង​នៅ​ឆ្នាំ ​២០២២ ដែល​ជំរុញឱ្យមាន​ការចំណាយ​លើ​តម្លៃ​ការផ្តល់​មូលនិធិ ដែល​នឹង​បន្ត​ដល់​ឆ្នាំ​ ២០២៣​។ ប្រព័ន្ធ​ហិរញ្ញ​​វត្ថុ​នេះ​នៅតែ​ធ្វើ​មូលធន​កម្ម​បានល្អ​។​


​របាយការណ៍​នេះ​បាន​លើកឡើងថា​៖ «​ធនាគារ​ដែលមាន​បណ្តា​ញ​សាខា​ច្រើន​កំពុង​ទទួលបាន​ជ័យជម្នះ ដែល​ជំរុញ​ដោយ​ការលេចឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំណែក​ទីផ្សារ​ដ៏​ធំ​នៅក្នុង​ទសវត្សរ៍​កន្លងមក ជាមួយនឹង​កំណើន​នៃ​ប្រជា​ជន​មាន​ប្រាក់ចំណូល​កណ្ដាល​មធ្យម និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​កំពុង​រីកចម្រើន​»​។​

​ស្ថាបនិក និង​ជា​ដៃគូ​គ្រប់គ្រង​ក្រុម​ហ៊ុន Mekong Strategic Firm លោក Stephen Higgins ដែលជា​អ្នកនិពន្ធ របាយការណ៍​នេះ បានឱ្យដឹង​ទៀតថា ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូ​ហិ​​រញ្ញ​វត្ថុ​ទទួល​ប្រាក់​បញ្ញើ ​(MDIs) កាន់​​កាប់ ៩៧ ​ភាគរយ​នៃ​បញ្ជី​ផ្ដល់​ប្រាក់កម្ចី​សរុប​ចំនួន ៥៣,២​ ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​នានា ក្នុងនោះ​មាន​ចំណែក ៣ ភាគរយ​ដែល​នៅសល់​តំណាង​ដោយ​ធនាគារ​ឯកទេស​ចំនួន ៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​(MFIs) ៨២​។

កំណើន​ប្រាក់កម្ចី​របស់​វិស័យនេះ ​(​ដែលមាន​ ១៧ ​ភាគរយ​) បាន​បន្ត​កើនឡើង​លើសពី​កំណើន​ប្រាក់​បញ្ញើ ​(៨​ភាគរយ​) ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ការ​រឹតបន្តឹង​សន្ទនីយ​ភាព ធ្វើឱ្យមាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​អត្រា​ការប្រាក់ និង​ការធ្លាក់ចុះ​អនុ​បាត​ប្រាក់កម្ចី​ធៀប​នឹង​ប្រាក់​បញ្ញើ ​(LDR) ខណៈ​វិស័យ​អចលនទ្រព្យ​មាន​ប្រហែល ៣៣​ ភាគរយ​នៃ​ប្រាក់កម្ចី​ជា​ប្រព័ន្ធ​សរុប ដែល​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល ១០ ​ឆ្នាំ​កន្លងមកនេះ​។​

​លោក​បញ្ជាក់ថា ប្រាក់ចំណេញ​ពី​មូលធនវិនិយោគ ​(ROE) បាន​ធ្លាក់​ចុះមក​ត្រឹម ៨,៤ ​ភាគរយ​ពី ១០,២​ ភាគ​រយ​កាលពី​ឆ្នាំ​ ២០២១​។ ប្រាក់ចំណេញ​ពី​មូលធនវិនិយោគ​របស់​គ្រឹះស្ថាន​ហិ​រញ្ញ​វត្ថុ​ឈានមុខ​គេ​ទាំង ២០ មាន​ចំនួន​ជា​មធ្យម ១០,៦​ ភាគរយ ខណៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងទៀត​ជា​មធ្យម​មាន​ត្រឹម​ ២ ​ភាគរយ​ប៉ុណ្ណោះ​។ លោក​បន្តថា សូ​ច​នាករ​ប្រតិបត្តិការ​ឧស្សាហកម្ម​សម្រាប់​ឆ្នាំ​ ២០២២ រួមមាន LDR ចំនួន ១២៧ ​ភាគរយ និង​ចំណូល​គិត​ជា​ភាគរយ​នៃ​ទំហំ​ទ្រព្យសកម្ម​ចំនួន ១,៧ ​ភាគរយ​។​

​លោក​លើកឡើងថា​៖ «​វិស័យ​ហិរញ្ញ​​វត្ថុ​របស់​ប្រទេស​កម្ពុជា​ដំណើរការ​បានល្អ​គួរសម​កាលពី​ឆ្នាំ​ ២០២២ ដោយសារ​ការចាប់ផ្តើម​នៃ​បរិយាកាស​សេដ្ឋកិច្ច​អតិផរណា ជាមួយនឹង​ប្រាក់ចំណូល​កើន ១៦​ ភាគរយ ប៉ុន្តែ​ប្រាក់ចំណេញ​ធ្លាក់ចុះ ៦​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​។ ការធ្លាក់ចុះ​ប្រាក់ចំណេញ​សុទ្ធ​ភាគច្រើន ដោយសារ​ការកើនឡើង​នៃ​ការចំណាយ​លើ​ឥណទាន និង​ចំណាយ​ផ្សេងៗ​»​។​

​លោក ជា ចាន់តូ ទេសាភិបាល​កិត្តិ​យស​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពីដើម​ខែសីហា​នេះ​ថា ប្រព័ន្ធ​ធនាគារ​កំពុង​ពង្រឹង ដោយ​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​បាន​ដើរតួនាទី​ដ៏​សកម្ម​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបី​ស្ថានភាព​ហិរញ្ញវត្ថុ​ពិភពលោក ត្រូវបាន​រឹតបន្តឹង​ក៏ដោយ ក៏​ធនាគារ​អាមេរិក​ចំនួន ៣ បាន​ក្ស័យធន​កាលពីដើមឆ្នាំ​ ២០២៣ ខណៈពេលដែល​មានការ​កើនឡើង​ការបារម្ភ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ក៏ដោយ ក៏​ប្រព័ន្ធ​ធនាគារ​កម្ពុជា​នៅតែ​រឹងមាំ និង​ធន់​ដដែល​»​។​

​លោក​បាន​កត់សម្គាល់ថា មូលធន និង​សន្ទនីយ​ភាព បាន​បន្ត​ខ្ពស់ជាង​បទ​ប្បញ្ញត្តិ​របស់ NBC​។ លោក​បន្តថា អនុ​បាត​ប្រាក់កម្ចី​មិន​ដំណើរការបាន​កើនឡើង​បន្តិច ប៉ុន្តែ​វា​មិន​បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​នោះទេ​។​

​លោក​ក៏បាន​លើកឡើង​ពី​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ ដោយសារតែ​ការជំរុញ​របស់ NBC សម្រាប់​គោលនយោបាយ ម៉ាក្រូ និង​មីក្រូ​ដោយ​ប្រុងប្រយ័ត្ន ការ​​ត្រួតពិនិត្យ​ជាប្រចាំ និង​ការសាកល្បង​លើ​ភាពរឹងមាំ​នៃ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​៕