​ភ្នំពេញៈ ការនាំចេញ​ស្បែក​ជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​​ប្រហែល​ផលិត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈពេល ៧ ​ខែ នៃ​ឆ្នាំ ​២០២៣ សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ៨០៨​ លាន​ដុល្លារ ថយចុះ​ជាង ២០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២២​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​យោងតាម​ទិន្នន័យ GDCE ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែលមាន​លេខ​កូដ​ ៦៤ នៃ​តារាង ​(HS ២ ​ខ្ទង់​) រួមមាន ស្បែកជើង ស្រោមជើង និង​វត្ថុ​​ប្រហាក់ប្រហែល ក្នុង​ទឹកប្រាក់​ជាង ៨០៨​ លាន​ដុល្លារ ថយចុះ ២២,៧ ​ភាគរយ​ពី​ចំនួន​ជាង ១ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​នាំ​ចេញ​ទំនិញ​លេខ​កូដ​ ៦៤ គឺ​ស្មើនឹង ៦ ​ភាគរយ​នៃ​ទឹកប្រាក់​នាំ​ចេញ​ទំនិញ​សរុប​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​រយៈពេល ៧​ ខែ​ឆ្នាំ​ ២០២៣ ដែលមាន​ជាង ១៣,៥​ ពាន់​លាន​ដុល្លារ​។​


GDCE បានឱ្យដឹង​ទៀតថា ចំពោះ​ខែកក្កដា ឆ្នាំ ​២០២៣ ការនាំចេញ​ស្បែកជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់ប្រហែល មាន​ទឹកប្រាក់​ជាង ១០៧​ លាន​ដុល្លារ ធ្លាក់ចុះ ៤៥,៧​ ភាគរយ​ពី​ចំនួន​ជិត ១៩៩​ លាន​ដុល្លារ​ធៀប​ខែកក្កដា ឆ្នាំ​ ២០២២​។​

​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការធ្លាក់ចុះ​ចំនួន​ប្រាក់​បាន​ពី​ការនាំចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​បានបង្ហាញ​ចេញ​ជាង ១​ ឆ្នាំ​ហើយដោយ​សារ​តែ​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ខណៈ​សមត្ថ​ភាព​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​រក្សា​នៅ​ដដែល​។


លោក​បន្តថា សម្រាប់​មូលហេតុ​ការធ្លាក់ចុះ គឺ​បណ្តាលមកពី​កត្តា​ធំៗ​មួយចំនួន​ដូចជា វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ដែល​ជំរុញ​ឱ្យ​ប្រជាជន​នៅ​គ្រប់​ប្រទេស​កាត់បន្ថយ​ការចំណាយ​, ទំនិញ​ដែល​បាន​បញ្ជា​ទិញ​កាលពី​ឆ្នាំមុន​នៅសល់​ក្នុង​ស្តុក​ច្រើន និង​វិស័យ​ទេសចរណ៍​មិនទាន់​មានដំណើរ​ការល្អ ជាដើម​។​

​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រ​ហែល​គឺ​មិន​ទាក់ទង​នឹង​ស្ថាន​ការណ៍​ក្នុងប្រទេស​កម្ពុជា​ឡើយ​(​ការបោះឆ្នោតជាតិ​កាលពី​ខែ​​កក្កដា​) ប៉ុន្តែ​ទាក់ទង​ទៅនឹង​បញ្ហា​ខាងក្រៅ ១០០​ ភាគរយ​។ សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សេដ្ឋកិច្ច ពិភពលោក​ធ្លាក់ចុះ ហេតុនេះ​ការចំណាយ​ទៅលើ​ផលិតផល​ទាំងអស់នេះ​ក៏ត្រូវ​កាត់បន្ថយ​ដែរ​»​។​

​បើតាម​លោក ឃុន​ថៃ ផលិត​ផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ផលិត​នៅ​កម្ពុ​ជាមាន​ទីផ្សារ​ធំ​នៅ​អាមេរិក សហភាព​អឺរ៉ុប កាណាដា​, អង់​​គ្លេ​ស និង​ប្រទេស​ក្នុង​តំបន់​។ ស្បែកជើង​ផលិត​នៅ​កម្ពុ​ជាមាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម​។​

​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ លោក ហុង វណ្ណៈ អ្នក​​ស្រាវជ្រាវ​សេដ្ឋកិច្ច​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​និយាយថា ការធ្លាក់ចុះ​ចំនួន​ប្រាក់​បាន​ពី​ការនាំចេញ​ផលិតផល​ស្បែក​ជើង និង​វត្ថុ​ប្រហាក់ប្រហែល​គឺ​កត្តា​ទីផ្សារ​អន្តរជាតិ​ដែល​កើតមាន​វិបត្តិ​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ជាង ៣​ ឆ្នាំ​កន្លងមកនេះ​។ លោក​បាន​បន្តថា ការនាំចេញ​នឹងមាន​សម្ទុះ​ឡើងវិញ​លុះត្រាតែ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​មាន​កំ​ណើ​ន​រឹងមាំ​ឡើងវិញ​។​

​លោក​អះអាងថា​៖ «​ទោះ​ការ​នាំចេញ​ក្នុង​រយៈពេល​ ៧​ ខែ ឆ្នាំ​ ២០២៣ ធ្លាក់ចុះ ប៉ុន្តែ​សមត្ថ​ភាព​ផលិតកម្ម​ក្នុង​វិស័យនេះ​នៅ​កម្ពុជា​មិន​ធ្លាក់ចុះ​ឡើយ​។ បន្ថែម​លើ​នេះ ខ្ញុំ​ក៏​ឃើញ​មាន​ព័ត៌មាន​ពី​ការ​ចូលមក​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្បែកជើង​នៅ​កម្ពុជា​កាន់តែច្រើន​ផងដែរ​នាពេល​ថ្មីៗ​នេះ​»​។​

​កាលពី​ថ្ងៃទី​ ២៥ ខែសីហា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ បានអនុម័ត​ឱ្យ​គម្រោង​វិ​និ​​យោគ​លើ​ផលិតកម្ម​ស្បែកជើង​ចំនួន ​៣ ដែលមាន​ទុន​សរុប​ជាង ៣២ ​លាន​ដុល្លារ​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា ឱ្យដឹងថា នៅក្នុង​ឆ្នាំ ​២០២២ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២​ខ្ទង់​) លេខ​កូដ ៦៤ មាន​ទឹកប្រាក់​សរុប​ជាង ១,៧​ ពាន់​លាន​ដុល្លារ​កើនឡើង ២៤,៨ ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំ ​២០២១ ដែលមាន​ជិត ១,៣៤ លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ខាងលើ គឺ​ស្មើនឹង​ប្រមាណ ៧,៧​ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ជាង ២២,៥ ​ពាន់​លាន​ដុល្លារ​៕