ភ្នំពេញៈ ចំនួន​ដើមទុន​ក្រុម​ហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​១ (Online Business Rgistration System via IT Platform phase 1)​ បាន​កើន​ដល់​ជាង ៨,៤ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ក្រុមហ៊ុន​ជិត ២៩ ០០០ ខណៈ​កាលពីដើមឆ្នាំ ​២០២៣ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹមតែ ២០ ៦៩៣ និង​មាន​ដើមទុន​ជាង ៥,៨១​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម Online Business Registration Service​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី១ ត្រូវបាន​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ក្នុង​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ ឋ​៦ ចូលរួម គឺ​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ការ​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដា​រ រួម​ជា​មួយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ក្រោយមក​រដ្ឋាភិបាល​ក៏បាន​ប្រ​កាស​ដាក់ឱ្យ​ដំណើរការ​ដំណាក់កាល​ទី​ ២ នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា ឆ្នាំ ២០២១ និង​ដំណាក់កាល​ទី ​៣ កាលពី​ថ្ងៃទី ​២២ ខែមិថុនា ដោយ​បន្ថែម​ក្រសួង​-​ស្ថាប័ន​មួយចំនួន​បន្ថែមទៀត​។​


​បណ្តាញ​សង្គម​ផ្លូវការ​របស់ Online Business Registration Service ​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ​ ២០២៣ (​ម៉ោង​២៣:៥៩​នាទី​)​ ចំនួន​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​សរុប ២៨ ៦១៨​ ក្រុមហ៊ុន ស្មើនឹង​ដើមទុន​ចុះ​​បញ្ជី​សរុប ៨,៤៣​ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជា​ស្ត្រី ស្មើនឹង ៣៨ ​ភាគរយ និង​បុរស ៦២ ​ភាគរយ​។ កាលពីដើមឆ្នាំ ​២០២៣ (​ថ្ងៃទី​២ ខែមករា ឆ្នាំ​ ២០២៣) ក្រុមហ៊ុន​ដែល​ទទួលបាន​ជោគជ័យ​លើ​ការចុះបញ្ជី ២០ ៦៩៣ ​ក្រុមហ៊ុន និង​មាន​ដើមទុន​ចុះបញ្ជី ៥,៨១​ ពាន់​លាន​ដុល្លារ​។​

​ផ្អែក​តាម​តារាង​ខាងលើ​ក្នុង​ចំ​ណោ​យ​ទុនវិនិយោគ​ទាំង ៨,៤៣​ ពាន់​លាន​ដុ​ល្លារ គឺ​ផ្នែក​សាងសង់​មាន​ដើមទុន​ប្រ​មាណ ១,០៨​ ពាន់​លាន​ដុល្លារ ស្មើនឹង ១២,៨​ ភាគរយ​, សកម្មភាព​សេវាកម្ម​ស្នាក់នៅ ៩៤២​ លាន​ដុល្លារ ស្មើ ១១,២​ ភាគរយ​, ផ្នែក​អចលនទ្រព្យ​ (​ប្រើ​អ​ច​​លន​ទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​)​ មាន​ដើម​ទុន​ ៩២៤​ លាន​ដុល្លារ​ស្មើនឹង ១១​ ភាគ​​រយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៨២​ លាន​ដុល្លារ ស្មើ ៥,៧ ​ភាគរយ​, កម្មន្តសាល​សម្លៀកបំពាក់ ​(​លើកលែង​សម្លៀកបំពាក់​ធ្វើ​ពី​រោម​សត្វ​) ៤៣៦​ លាន​ដុល្លារ ស្មើ ៥,២ ​ភាគ​រយ​, និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន ៤,៥៦​ ពាន់​លាន​ដុល្លារ​ស្មើ ៥៤,១​ ភាគរយ​។​


Online Business Registration Service ឱ្យដឹងទៀតថា ក្រៅពីនេះ​ក្រុម​ហ៊ុន​ទាំង ២៨ ៦១៨ ខាងលើ ក៏មាន​ក្រុមហ៊ុន ១៦ ២៩៨​ ផ្សេងទៀត ដែល​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក ​(Reservations) និង​ចំនួន ២ ​ត្រូវបាន​បដិសេធ ​(Rejected)​។​

​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន កាលពីដើម​ខែសីហា បាន​និយាយថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​សង្កេតឃើញថា ការចាប់យក​បច្ចេកវិទ្យា​ព័​ត៌​មានមក​ប្រើប្រាស់​នៅ​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់ ខណៈ​បច្ចេកវិទ្យា​ក៏​កំ​ពុង​ដើរតួនាទី​សំខាន់​ផងដែរ​នៅ​គ្រប់​សកម្មភាព​សង្គម​ទូទាំង​ពិភពលោក​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ប្រើ​​ប្រាស់​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការចុះបញ្ជី​ក្រុមហ៊ុន គឺ​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​មាន​សម្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់​។ កំណើន​ក្រុម​​ហ៊ុន​ចុះបញ្ជី​អាជីវកម្ម​ពេលនេះ ក៏ដោយ​សារ​តែ​ម្ចាស់​អាជីវកម្ម​ភាគច្រើន​បាន​យល់ដឹង​ពី​កាតព្វកិច្ច និង​ចេះ​ប្រើ​បច្ចេក​វិទ្យា​ដើម្បី​ស្នើសុំ​ចុះបញ្ជី​ផងដែរ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែសីហា ថា ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី គឺ​បញ្ជាក់​ពី​ចំណុច​សំ​ខាន់ៗ​មួយចំនួន​ដូចជា ការយល់ដឹង​ពី​សំណាក់​ម្ចាស់​អាជីវកម្ម​ចំពោះ​កាត​ព្វ​កិច្ច​បំពេញ​ឯកសារ​ផ្លូវច្បាប់ សកម្មភាព​អាជីវកម្ម​នៅ​កម្ពុជា​មានដំណើរ​ការល្អ និង​ការជួយ​ឱ្យ​អាជ្ញាធរ​ទទួលបាន​ព័​ត៌​មាន​ផ្សេងៗ​ពី​សកម្មភាព​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​។ លោក​បន្តថា តាមរយៈ​ទិន្នន័យ​ពី​ការចុះបញ្ជី​នេះ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយស្រួល​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​រដ្ឋាភិបាល​ងាយស្រួល​រៀបចំ​គោលនយោបាយ​គាំទ្រ​ផ្សេងៗ​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេល​អាជីវកម្ម​គ្រប់​ប្រភេទ​សុទ្ធតែ​ចុះបញ្ជី គឺ​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ម្ចាស់​អាជីវកម្ម តាមរយៈ​ការប្រកួតប្រជែង​កាន់​តែមាន​តម្លាភាព ខណៈ​រដ្ឋាភិបាល​ក៏​នឹង​អាច​ទទួលបាន​ប្រាក់ចំណូល​ពន្ធ​កាន់តែច្រើន​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា មូលហេតុ​ដែល​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​កើន​ឡើងជា​បន្តបន្ទាប់​នេះ ក៏ដោយ​សារ​តែ​រដ្ឋាភិបាល​បានធ្វើ​បច្ចុប្បន្ន​ភាព​នីតិវិធី​ចុះបញ្ជី​ឱ្យ​កាន់តែ​ងាយ​​ស្រួល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​។ ផ្នែក​ឯកជន គឺ​តែងតែ​ចង់បាន​នីតិវិធី​ណា​ដែល​ងាយស្រួល រហ័ស និង​ចំណាយ​ថវិកា​តិច​៕