អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ (ARDB) លោក កៅ ថាច អំឡុងពេល​ចុះ​ទស្សនកិច្ច​សិក្សា ខ្សែចង្វាក់​ផលិតកម្ម​កែច្នៃ​ស្វាយចន្ទី នៅ​ក្រុមហ៊ុន​សាន់​តា​ណា អា​ហ្គ្រោ ប្រដាក់ ឯ​.​ក ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ ខេត្តព្រះវិហារ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នេះ បន្ត​ការវិនិយោគ​ពង្រីក​លើ​ការដាំដុះ និង​កែច្នៃ​ស្វាយចន្ទី ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​ក្រៅប្រទេស​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ធន​បទ (ARDB)​ នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ​១ ខែកញ្ញា ឆ្នាំ​ ២០២៣ ក្នុង​គោលបំណង​ដើម្បី​ទៅ​សិក្សា​ពី​ខ្សែចង្វាក់​ផលិតកម្ម​កែច្នៃ​ស្វាយចន្ទី​នៅ​ក្រុមហ៊ុន​នេះ​។


​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក កៅ ថាច បានបញ្ជាក់​ពី​ការជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បន្ត​ការវិនិយោគ​ពង្រីក​លើ​ការដាំដុះ និង​កែច្នៃ ស្វាយចន្ទី ឱ្យបាន​កាន់តែច្រើន និង​ទូលំទូលាយ ដើម្បី​សម្រេច​ឱ្យបាន​ស្របតាម​គោលនយោបាយ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​។​

​បើតាម​ក្រុមហ៊ុន សាន់​តា​ណា អា​ហ្គ្រោ ប្រដាក់ ឯ​.​ក បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​ការដាំដុះ និង​ប្រមូល​ផល​ស្វាយចន្ទី​លើ​ផ្ទៃដី​ចំនួន ១០០០ ហិកតា ហើយ​ក្រុមហ៊ុន​ផ្ទាល់​បានធ្វើ​ការកែច្នៃ​ស្វាយចន្ទី​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន អឺរ៉ុប ជាដើម​។ ម្យ៉ាងទៀត ក្រុមហ៊ុន មាន​ឃ្លាំង​ស្តុក ដែល​អាច​ផ្ទុក​បាន​ដល់​ចំនួន ៥ ពាន់​តោន សម្រាប់​ស្តុក​ទុក​ធ្វើការ​កែច្នៃ​ផងដែរ​។​


​សូមជម្រាបថា ក្រុមហ៊ុន សាន់​តា​ណា អា​ហ្គ្រោ ប្រដាក់ ឯ​.​ក ជា​សមាជិក​របស់​សមា​គម​ស្វាយចន្ទី​កម្ពុជា ក្នុងចំណោម​សមាជិក ដែលជា​ក្រុមហ៊ុន សហគ្រាស​កែច្នៃ និង​សិប្បកម្ម ចំនួន​១៧ របស់​សមាគម​។​

​របាយការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា ក្នុង​រយៈ​៧​ខែ ឆ្នាំ​២០២៣(​មករា​-​កក្កដា ២០២៣) កម្ពុជា​ផលិត​ស្វាយចន្ទី​ឆៅ ៦២០.០០០ តោន (៦​សែន ២​ម៉ឺន​តោន​)​។ ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម​បាន​សរុប ៥៩១.០០០ តោន (៥​សែន ៩​ម៉ឺន ១​ពាន់​តោន​) ស្មើ​ទឹកប្រាក់ ៨០៥ លាន​ដុល្លារ ថយចុះ ១៥,៩​ភាគរយ បើ​ធៀប​រយៈកាល​ដូចគ្នា ទៅនឹង​ឆ្នាំ​២០២២​។ តម្លៃ​មធ្យម​គ្រាប់​ស្ងួត ១.៦៥៨ ដុល្លារ ក្នុង​១​តោន ឬ ៦៧០០​រៀល ក្នុង​១​គីឡូក្រាម​៕

នាវាចម្បាំង​អាមេរិក​ ដែលឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ រូបថត AFP