​ភ្នំពេញៈ ការធ្លាក់ចុះ​តម្លៃ​ជ័រកៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​បានធ្វើ​ឱ្យប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការនាំចេញ​កៅស៊ូ និង​ឈើ​កៅស៊ូ ក្នុង​រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២៣ មាន​ចំនួន​ជិត ២៣០​ លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​។​

​ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​ចំនួន ១៧០ ៩៦៨​ តោន ស្មើនឹង​ជិត ២២៩,៥២​លាន​ដុល្លារ ធ្លាក់ចុះ ១០,៨៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ ដែលមាន​ចំនួន ២៥៧,៤៥ ​លាន​ដុល្លារ​។


បើ​ធ្វើការ​បែងចែក គឺ​ការនាំចេញ​ជ័រកៅស៊ូ មាន​ទឹកប្រាក់ ២២៨,៥​ លាន​ដុល្លារ និង​ការនាំចេញ​ឈើ​កៅស៊ូ ១,០៧​ លាន​ដុល្លារ​។ ជ័រកៅស៊ូ​មានតម្លៃ​ជា​មធ្យម​គឺ ១ ៣៣៧​ ដុល្លារ​ ក្នុង​ ១ ​តោន ថយចុះ ២៤៤​ ដុល្លារ ឬ​ស្មើនឹង ១៥ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ចំណែក​តម្លៃ​ឈើ​កៅស៊ូ គឺ ២១៥​ ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រគុប​។​

​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​នីតិ​កម្ម​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ឃួន ផល្លា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣ ខែ​កញ្ញា​ថា ការធ្លាក់ចុះ​ចំនួន​ប្រាក់​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ គឺ​ដោយសារ​តម្លៃ​ជ័រកៅស៊ូ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ខណៈ​វិបត្តិ​សង្គម​​សេដ្ឋកិច្ច នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​តម្រូវការ​ជ័រកៅស៊ូ​ធ្លាក់ចុះ ប៉ុន្តែ​បរិ​មាណ​ជ័រកៅស៊ូ​នៅក្នុង​ស្តុក​តាម​ប្រទេស​នានា​កើនឡើង​។​


​លោក​ថ្លែងថា​៖ «​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ដែល​បណ្តាលមកពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​បម្រែបម្រួល​នៃ​អត្រា​ប្តូរប្រាក់​បានធ្វើឱ្យ​តម្លៃ​ជ័រកៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ​ថយចុះ​»​។​

​បើតាម​លោក ឃួន ផល្លា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​ ២០២៣ ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ថ្មី​នៅ​កម្ពុជា បានបង្ហាញ​ពី​ការកើនឡើង​ផងដែរ​បើ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​។​

​អគ្គនាយកដ្ឋាន​កៅស៊ូ ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ ផ្ទៃដី​ដាំ​កៅស៊ូ​មាន​ចំនួន ៤០៤ ៥៧៨ ​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន ៣១៥ ៣៣២ ​ហិកតា ស្មើ ៧៨ ​ភាគរយ និង​ផ្ទៃដី​ថែទាំ ៨៩ ២៤៦​ ហិកតា ស្មើនឹង ២២​ ភាគរយ​។​

​ប្រធាន​ក្រុមហ៊ុន​សុភ័ក្ត្រ​នី​កា លោក ម៉ែន សុភ័ក្ត្រ កាលពីដើមឆ្នាំ​ ២០២៣ ធ្លាប់​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ប្រទេស​ចិន​-​តៃវ៉ាន់ គឺជា​ដើមចម​នៃ​ការធ្លាក់​ថ្លៃ​តម្លៃ​កៅស៊ូ​សកល​។​

​លោក​លើកឡើងថា​៖«​កត្តាសេដ្ឋកិច្ច​សកល និង​ភូមិសាស្ត្រ​នយោបាយ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន និង​តៃវ៉ាន់ ក៏​ជា​មូលហេតុ​ចម្បង​មួយ​នៃ​ការធ្លាក់ចុះ​តម្រូវការ​កៅស៊ូ​ផងដែរ​។ យើង​ដឹង​ហើយ​ថា ទីផ្សារ​ចិន​តំណាងឱ្យ ៧០ ទៅ ៨០​ ភាគរយ​នៃ​តម្រូវ​ការសរុប​របស់​ពិភពលោក និង​បញ្ហា​នៅ​អឺរ៉ុប​បានធ្វើឱ្យ​តម្រូវការ​ធ្លាក់ចុះ​ផងដែរ​»​។​

​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា ឆ្នាំ​ ២០២៣ ដែល​រៀបចំឡើង​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំ ២០២៣ លោក ជា វុទ្ធី អគ្គលេខាធិការរង CDC បាន​លើកឡើងថា ឧស្សាហកម្ម​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដោយពេល​នេះ​មាន​ក្រុមហ៊ុន ២ កំពុង​សិក្សា​ទីតាំង​សម្រាប់​សាងសង់​រោងចក្រ ស្របពេល​កម្ពុ​ជាមាន​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​ចំនួន​ ៣ កំពុង​ដំ​ណើ​រការ គឺ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តស្វាយរៀង ​(​ក្រុង​បាវិត​) ខេត្ត​ព្រះ​សីហនុ និង​ខេត្តក្រចេះ​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​នឹងមាន​ក្រុមហ៊ុន ២ ​ថែមទៀត ដោយ​ពេលនេះ​កំពុង​ចរចា​ជ្រើសរើស​ទីតាំង​នៅតាម​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន​»​។​

​លោក​បន្ថែមទៀតថា តាម​ការ​ព្យាករ​បើ​ក្រុមហ៊ុន​ទាំង​ ៥ ដំណើរ​ការផលិត​ពេញលេញ គឺ​ក្នុង ​១ ឆ្នាំៗ​ នឹង​អាច​ស្រូបយក​ជ័រកៅស៊ូ ​(​ធម្មជាតិ​)​ កម្ពុជា ២០​ ម៉ឺន​តោន ខណៈ​បច្ចុប្បន្ន ទិន្នផល​ជ័រកៅស៊ូ ដែល​កម្ពុជា​ប្រមូលបាន​ក្នុង ១​ ឆ្នាំ​ គឺ​ក្នុង​រង្វង់ ៥០ ម៉ឺន​តោន​។ ដោយសារ​មិនមាន​ទីផ្សារ​ក្នុងស្រុក គឺ​បរិមាណ​ស្ទើរ​ទាំង​អស់​ត្រូវបាន​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរ​ជាតិ​។ លោក​បន្តថា បើតាម​សមាគម​ចម្ការកៅស៊ូ​កម្ពុជា ការនាំចេញ​ជ័រកៅស៊ូ​ជា​ផ្លូវការ​គឺមាន​ប្រមាណ ៣០ ​ម៉ឺន​តោន ក្រៅផ្លូវការ​ប្រមាណ ២០ ​ម៉ឺន​តោន​។​

​យោងតាម​លោក វុទ្ធី មកដល់ពេលនេះ​គឺមាន​តែ​រោងចក្រ​ចំនួន​ ១ ប៉ុណ្ណោះ​ក្នុងចំណោម​រោងចក្រ​ទាំង​ ៣ ដែល​ទទួល​ទិញ​ជ័រកៅស៊ូ​កម្ពុជា ដោយ​រយៈពេល ៥ ខែ​ដើមឆ្នាំ​ ២០២៣ ក្រុមហ៊ុន​នោះបាន​ទិញ​ជ័រកៅស៊ូ​ក្នុងស្រុក​ចំនួន ១៤ ០០០​ តោន​។ ភាគច្រើន​នៃ​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​រកចំណូលបាន​ជាង ៥៣១​ លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុងនោះ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩ ​ដុល្លារ និង​ចំណូល​ពី​ឈើ​កៅស៊ូ ៤ ០៨៩ ២៧៣​ ដុល្លារ​៕