​ភ្នំពេញៈ ឥទ្ធិពល​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​សកល​ដែល​កំពុងតែ​កើតមាន បានធ្វើឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​កាណាដា ក្នុង​រយៈពេល ៧ ​ខែ ដើមឆ្នាំ ​២០២៣ សម្រេច​មាន​ជាង ៥៣៥ ​លាន​ដុល្លារ ធ្លាក់ចុះ​ជិត ២៥​ ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​យោងតាម​ស្ថិតិ GDCE គឺ​ចាប់ពី​ខែ​មករា​-​ខែកក្កដា ឆ្នាំ ​២០២៣ ពាណិជ្ជកម្ម​រួម​នៃ​ប្រទេស​ទាំង​ ២ មាន​ចំនួន​សរុប ៥៣៥,៥៣​ លាន​ដុល្លារ ធ្លាក់ចុះ ២៤,៧​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ៧១១,០៩ ​លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​កាណាដា ចំនួន ៤៩៦,៨៧ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨ ​ភាគរយ ចំណែក​ទំ​និ​ញ​កាណាដា នាំមក​កម្ពុជា មាន​ចំនួន ៣៨,៦៦​ លាន​ដុល្លារ កើនឡើង ៨៦,១​ ភាគរយ​។


តាមរយៈ​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព លើ​កាណាដា ៤៥៨,២២ ​លាន​ដុល្លារ​។ កាណាដា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី ​៩ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​អាល្លឺម៉ង់​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា រយៈ​ពេល ៧ ​ខែ ឆ្នាំ​ ២០២៣ គឺ​ស្មើ ១,៩៣​ ភាគរយ​ក្នុងចំណោម​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ដែលមាន​ចំនួន​សរុប ២៧ ៧០០,៣៦​ លាន​ដុល្លារ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ទោះ​ឆ្នាំ​ ២០២២ កន្លងមក សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ទៅ​បើក​កា​រិ​យា​ល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ​(​ប្រទេស​កាណាដា​) ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា និង​ផ្តល់ព័ត៌មាន​ដើម្បី​ទាក់ទាញ​វិនិយោគិន​កាណាដា​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏​ចំនួន​ទឹកប្រាក់​សរុប​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ​២ នៅតែ​ធ្លាក់ចុះ​។ ការធ្លាក់ចុះ​នេះ គឺ​មិនមែន​មកពី​ភាគី​ណាមួយ​ឡើយ ប៉ុន្តែ​វា​ជា​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

​លោក​បញ្ជាក់ថា​៖«​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កាណាដា ពេលនេះ វា​មិនមែនជា​រឿង​ចម្លែក​ឡើយ ព្រោះ​នៅ​អំឡុងពេល​វិបត្តិ​ប្រទេស​នីមួយៗ​បាននាំគ្នា​រឹតត្បិត​ការចំណាយ ពិសេស​លើ​ការ​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​»​។​

​បើតាម​លោក លឹម ហេង ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាណាដា រួមមាន​សម្លៀក​បំពាក់ កាបូប ស្បែកជើង គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​អគ្គិសនី និង​កង់ ជាដើម​។ ចំណែក​ទំនិញ​កាណាដា នាំចូល​ភាគ​ច្រើន​ជា​គ្រឿង​អេឡិចត្រូនិក​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា នៅពេល​មាន​វិបត្តិ​សកល​ណាមួយ​កើតឡើង គឺ​ផលប៉ះពាល់​ប្រាកដជា​មាននៅ​គ្រប់​ប្រទេស​។ លោក​បន្តថា អ្វីដែល​កម្ពុជា​ត្រូវធ្វើ​នាពេលនេះ គឺ​ការពង្រឹង​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ការ​ធ្លាក់ចុះ​នេះ តាមរយៈ​ការស្វែងរក​ទីផ្សារ​ថ្មីៗ និង​លើកកម្ពស់​គុណភាព និង​បរិមាណ​ផលិតផល​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​សម្រាប់​ការ​ងើប​ឡើងវិញ​នៅពេល​អនាគត​។​

​លោក​អះអាងថា​៖«​នេះ​គឺជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​សិក្សា និង​អភិ​​វ​ឌ្ឍ​ខ្លួន​ឱ្យបាន​ខ្លាំង ដោយ​មិនត្រូវ​ពឹង​ផ្អែក​ខ្លាំង​លើ​ផលិតផល​នាំចូល និង​ត្រូវ​ពង្រីក​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​ឱ្យបាន​កាន់តែច្រើន​នាពេលខាងមុខ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ១ ១៥៤,៤៧ ​លាន​ដុល្លារ កើន ១៦,១​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ៩៩៤,៧២ ​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​កាណាដា ១ ១២០,៥៩​ លាន​ដុល្លារ កើន ១៧,៤​ ភាគរយ និង​ទំនិញ​ដែល​ប្រទេស​កាណាដា នាំមក​កម្ពុជា​វិញ​ចំនួន ៣៣,៨៨​ លាន​ដុល្លារ ធ្លាក់ចុះ ១៥,១ ​ភាគរយ​៕