​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុមហ៊ុន Kampuchea Aviation Security Services Co. Ltd ដើម្បី​ផ្តល់​សេវា​សន្តិសុខ​អាកាស​​ចរណ៍​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា បន្ទាប់ពី​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល ​(SSCA) និង​ក្រុមហ៊ុន ALBANS MANAGEMENT SA បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​។ ការបង្កើត​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ និង​បង្កើន​ចំនួន​អ្នកដំណើរ និង​ជើង​ហោះហើរ​ដឹកទំនិញ​ផងដែរ​។​

​កិច្ចព្រមព្រៀង​នេះ​សម្រេចបាន​កាល​​ពីថ្ងៃ​ទី​ ១ ខែកញ្ញា ហើយ​បាន​ចុះ​ហត្ថ​លេខា​រវាង​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ​(SSCA) និង​លោក Raphael Albaladejo អគ្គនាយក​ក្រុមហ៊ុន ALBANS MANAGEMENT SA នៅ​ទីក្រុង​ភ្នំពេញ​។​


​លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ការអនុម័ត​លើ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន ស្ដីពី​ការបង្កើត​ក្រុមហ៊ុន​សន្តិសុខ​អា​កាស​ចរណ៍​ «​ស៊ី​ឃ្យួ​រី​ធី អេ​វី​អេ​សិន​កម្ពុជា ឯ​.​ក​» ​គឺ​ដើម្បី​ផ្តល់​សេវា​សន្តិសុខ​អាកាសចរណ៍​នៅ​គ្រប់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា​។ ការ​បង្កើត​ក្រុមហ៊ុន​សន្តិសុខ​អាកាសចរ​ណ៍​មួយ​ឈ្មោះថា​៖ «​ស៊ី​ឃ្យួ​រី​ធី អេ​វី​អេ​សិន កម្ពុជា ឯ​.​ក​» (SAKAM)​។​

​ក្រុមហ៊ុន ALBANS បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ប្រកបដោយ​បុ​រេ​សកម្ម​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ក្នុងការ​បំពេញបែបបទ​ស្របតាម​នីតិវិធី លក្ខខណ្ឌ​តម្រូវការ និង​គោល​ការណ៍​ណែនាំ​មួយចំនួន ដើម្បី​ធានា​ដល់​ការលើកកម្ពស់​គុណភាព ការ​គ្រប់​គ្រង​ហានិភ័យ ការធ្វើ​ទំនើបកម្ម​ប្រកប​ដោយ​ន​វា​នុ​វត្ត​ភាព ការកសាង​ធនធានមនុស្ស ការបង្កើន និង​ប្រមូល​ចំណូល​ថវិកាជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន​។​


​លោក ហាវ​ណ្ណា​ល់ បានឱ្យដឹង​ទៀតថា ដើម្បី​ក្លាយជា​ប្រទេស​រីកចម្រើន​ក្នុង​តំបន់ គឺ​ការចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន​ជា​គោលដៅ​អាទិភាព និង​ជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គម និង​លើក​កម្ពស់​វិស័យ​អាកាសចរណ៍​ស៊ីវិល​។ និ​យាយ​ដោយឡែក​តាមរយៈ​ការលើក​កម្ពស់​គុណភាព​សេវា​សន្តិសុខ​អាកាស​ចរណ៍​ឱ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ និង​ឆ្លើយតបបាន​នឹង​លក្ខខណ្ឌ​តម្រូវ​ការ​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ​(ICAO) សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ​ (IATA) ជា​​ពិសេស​បាន​ចូលរួមចំណែក​បង្កើត​កា​​លា​នុ​វត្ត​ភាព ឧត្តមភាព​ប្រជែង បង្កើន​តម្លៃបន្ថែម និង​ការទទួលបាន​ទំនុក​ចិត្ត​បន្ថែមទៀត​ពី​ប្រតិបត្តិ​ករ​អាកាស​​ចរណ៍ អ្នកប្រើប្រាស់ និង​ពី​តួអង្គ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​។​

​យោងតាម​លោក ហាវ​ណ្ណា​ល់ កិច្ច​​ព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​មាន​ទម្រង់​ប្រភេទ​កិច្ចសន្យា​បែប​ «BOT​កសាង​/​ផ្ទេរ​» ដែល​រួមមាន ការ​រចនា (​ការសាងសង់ ការបណ្តុះបណ្តាល​ជំ​នា​ញ និង​ហិរញ្ញប្បទាន​) ប្រតិបត្តិការ (​រួមមាន​ទាំង​ការថែទាំ ការលើក​កម្រិត​គុណភាព​/​ការកែលម្អ​/​ការធ្វើ​ទំនើប​កម្ម​), និង Transfer/​ផ្ទេរ មក​រដ្ឋា​ភិ​​បាល​វិញ បន្ទាប់ពី​រយៈពេល​សម្បទា​ន​ចំនួន ១៥ ​ឆ្នាំ​ត្រូវ​បានបញ្ចប់​។​

​បន្ទាប់ពី​ចុះកិច្ចសន្យា​រួច ក្រុមហ៊ុន ALBANS នឹង​ទទួលបាន​សិទ្ធិផ្តាច់មុខ​លើ​ការផ្តល់សេវា​សន្តិសុខ​អាកាស​ចរណ៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាអាទិ៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​, អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​, អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​, និង​អាកាសយាន​ដ្ឋា​ន​ផ្សេងៗ​ទៀត​ក្នុង​ពេលអនាគត​ស្របទៅតាម​តម្រូវការ​ជាក់ស្តែង​។

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ការ​​អនុលោម​តាម​ស្តង់ដា និង​លក្ខខណ្ឌ​តម្រូវការ​របស់ ICAO និង IATA កម្ពុជា​នឹង​ទទួលបាន​កាលានុវត្តភាព និង​ឧត្តមភាព​ទាក់ទាញ​ក្រុមហ៊ុន​អា​កាស​ចរណ៍​ថ្មីៗ និង​បាន​បង្កើន​ជើង​​ហោះហើរ ទាំង​ការដឹកជញ្ជូន​អ្នក​ដំ​ណើ​រ និង​ដឹកជញ្ជូន​ទំនិញ ក្នុងនោះ​ក៏​នឹង​បាន​បង្កើន​សកម្មភាព​ទេសចរណ៍ ធុរកិច្ច និង​ភាពជឿជាក់​»​។​

​លោក​បន្ថែមថា គម្រោង​នៃ​ភាពជា​ដៃគូ​នេះ​បាន​អនុវត្ត​ដោយមាន​អនុ​លោម​ភាពស្រប​ទៅតាម​ច្បាប់​ស្តីអំពី «PPP» ដែល​បានដាក់​ឱ្យប្រើ​ក្នុង​ខែ​​វិច្ឆិកា ឆ្នាំ​ ២០២១​។ កិច្ចសន្យា PPP នេះ​នឹង​បាន​បង្កើន​ប្រាក់ចំណូល និង​តម្លៃបន្ថែម​ដល់​កម្ពុជា​។​

​លោក​បាន​បន្តថា ជាមួយគ្នានេះដែរ ភាពជា​ដៃគូ​នេះ​នឹង​បាន​សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ស​ត្វ​ឆ្កែ​ជំនាញ​ដ៏​លេចធ្លោ​ក្នុង​តំបន់​អាស៊ាន លើកស្ទួយ​មោទនភាព​ជាតិ ការទទួល​ស្គាល់ ​(​កេរ្តិ៍ឈ្មោះ​)​ ជាស​កល ដល់​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​សេវា​សន្តិសុខ​អាកាសចរណ៍ ឈាន​កាន់តែ​ខ្ពស់​។​

​ទិន្នន័យ​របស់ SSCA បានឱ្យដឹងថា ក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ នៅ​កម្ពុជា​ទទួលបាន​ជើងហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​សរុប ២៤ ៧២៥ កើន​ឡើង ១៤៧,៦៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ជើងហោះហើរ​ទាំងនេះ​បាន​ដឹក​អ្នកដំណើរ​ជាង ២,៤​ លាន​នាក់​កើនឡើង ២៦៩,៩៦ ​ភាគរយ និង​ដឹកទំនិញ ២៤ ៦១៦ ​តោន ធ្លាក់ចុះ ១៧,៨៦ ភាគរយ​បើ​ធៀប​នឹង​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២២​។​

​របាយការណ៍​ពី​ក្រសួងទេសចរណ៍ ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែកក្កដា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​ជាង ៣​ លាន​នាក់ កើនឡើង ៣០៨,៥​ ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៧៤៣ ៤៥៩​ នាក់​៕