​ភ្នំពេញៈ ប្រា​ក់ជាង ៥៤​ លាន​ដុល្លារ ត្រូវបាន​ធនាគារ SME (SME Bank) អនុម័ត​ទៅឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៣៥០​ សហគ្រាស ដែល​ស្មើនឹង​ទឹកប្រាក់​ជាង ៥៤​ លាន​ដុល្លារ ឬ​ជាង ៣៦ ​ភាគរយ​ នៃ​គម្រោង​សហ​ហិរញ្ញប្បទាន​ចំ​នួន ១៥០​ លាន​ដុល្លារ​ ដែលរាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ឱ្យ​ធនាគារ SME ប្រើប្រាស់​ដើម្បី​ផ្តល់​កម្ចី​ក្នុងន័យ​ស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​ឱ្យ​ងើប​ចេញពី​វិបត្តិ​បណ្តាលមកពី​ជំងឺ​កូ​វីដ​ ១៩​។​

​ឯកសារ​វឌ្ឍនភាព​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំ​​រុញ​កំណើន​ក្នុង​វិស័យ​ទេសចរ​ណ៍ របស់​ធនាគារ SME ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំ ​២០២៣ មាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ៣៥០​ សហគ្រាស​ទទួលបាន​ហិរញ្ញ​ប្ប​ទាន​ពី​គម្រោង​សហ​ហិរញ្ញ​ប្ប​ទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ (TRCS) ជាមួយនឹង​ទំហំ​ហិរញ្ញប្បទាន​ចំនួន ៥៤,១៦ លាន​ដុល្លារ ឬ​ស្មើនឹង ៣៦,១ ​ភាគរយ​នៃ​គម្រោង​ថវិកា​សរុប ១៥០ ​លាន​ដុល្លារ​។ ចំនួន​សហគ្រាស​ដែល​ទទួលបាន​ការអនុម័ត​ពី SME Bank ក្នុង​រយៈពេល​ចុងក្រោយ​នេះ​គឺ​កើន​យឺត​បំផុត​បើ​ធៀប​ពេល​ចាប់​ផ្តើមដំបូង ពោលគឺ​ក្នុង​ខែកក្កដា និង​សីហា មាន​សំណើ​របស់​សហគ្រាស​ចំនួន ២ ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុម័ត​។​


​ធនាគារ SME ឱ្យដឹងទៀតថា ក្នុងចំណោម​ហិរញ្ញប្បទាន​ទាំងនោះ​គឺ​អា​ជីវ​កម្ម​សណ្ឋាគារ ចំនួន ២៩​ ភាគរយ​, អាជីវកម្ម​ផ្ទះសំណាក់ ២៥​ ភាគរយ​, អាជីវកម្ម​ភោជនីយដ្ឋាន ៣១​ ភាគរយ និង​អាជីវកម្ម​គាំទ្រ​វិស័យ​ទេសចរណ៍ ១៥​ ភាគរយ​។ សហគ្រិន​មាន​ម្ចាស់​ជា​ស្ត្រី ៤១​ ភាគរយ​បានទទួល​កម្ចី​ក្នុង​គម្រោង​ខាងលើ​។​

​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ របស់​ធនាគារ SME ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ ប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី ​១៧ ខែឧសភា ឆ្នាំ​ ២០២២ ក្រោម​ហិរញ្ញប្បទាន ១៥០​ លាន​ដុល្លារ​ដែល​បាន​ពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល ៧៥ ​លាន​ដុល្លារ ​(​តាមរយៈ SME Bank) និង​ថវិកាបដិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូល​​រួម​ចំនួន ៧៥​ លាន​ដុល្លារ​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ដែល​ចូលរួម​មាន​ប្រ​​មាណ​ជាង ២០ ដូចជា ធនាគារ​អេ​ស៊ី​លីដា​, កាណាឌីយ៉ា​, ស្ថាបនា​, FTB, ABA, LOLC, Wing, Amret និង CIMB ជាដើម​។​


​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទេសចរណ៍ ដោយ​អនុញ្ញាតឱ្យ​ម្ចាស់​អាជីវកម្ម​អាច​ស្នើសុំ​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ដែលជា​ដៃគូ​របស់ SME Bank ក្នុង​អត្រា​ការប្រាក់​អតិបរមា ៦,៥ ​ភាគ​រយ​ក្នុង​ ១​ ឆ្នាំ និង​ខ្ចី​បាន​ខ្ពស់បំផុត​ដល់ ៤០ ​ម៉ឺន​ដុល្លារ ហើយ​អាច​ខ្ចី​បាន​រហូតដល់ ​៧​ ឆ្នាំ ហើយ​អ្វីដែល​ពិសេស​នោះ រយៈពេល​អនុគ្រោះ​នៃ​ការសង​ត្រឡប់​ប្រាក់​ដើម​មាន​រហូតដល់ ១២​ ខែ​។​

​ប្រធាន​សមាគម​សហព័ន្ធ​ទេសចរ​ណ៍​កម្ពុជា លោក ឌិន សុមេធា​រិ​ទ្ធ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៥ ខែកញ្ញា​ថា ឥណទាន​ក្នុង​គម្រោង​សហ​ហិរញ្ញ​ប្ប​ទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រាជរដ្ឋាភិបាល​ទម្លាក់​តា​មរយៈ​ធនាគារ SME ដើម្បីឱ្យ​វិស័យ​ឯកជន​ខ្ចី​យកទៅ​ប្រើ​សម្រាប់​ស្តារ និង​ពង្រឹង​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍ គឺ​ពិតជា​ចូលរួមចំណែក​ច្រើន​ក្នុងការ​ធ្វើឱ្យ​វិស័យនេះ​ងើបឈរ​ឡើងវិញ​ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​នៅក្នុង​អំឡុងពេល​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​ ១៩ (​ឆ្នាំ​២០២០-២០២២)​។ លោក​បាន​បន្តថា ទោះយ៉ាងណា​ដោយសារ​វិស័យ​ទេសចរណ៍​នាពេលនេះ​មិនទាន់មាន​សកម្មភាព​ខ្លាំង​ដូច​មុន​ឆ្នាំ​ ២០២០ ហេតុនេះ​ចរន្ត​នៃ​ការដាក់​ពាក្យស្នើសុំ​ឥណទាន​ក៏​នៅមានកម្រិត​ដែរ​។​

​លោក​បន្ថែមថា​៖ «​សម្រាប់​ចំនួន​ប្រាក់​ដែល SME Bank អនុម័ត​ឱ្យ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​យកទៅ​ប្រើប្រាស់​ប្រមាណ​ជាង ៥៤​ លាន​ដុល្លារ​រហូតមក​ដល់ពេលនេះ គឺ​ហាក់​នៅមានកម្រិត​ទាប​នៅឡើយ​ដែល​បញ្ហា​អាច​ដោយសារតែ​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​នៅ​មិនទាន់មាន​សម្ទុះ​ខ្លាំង​ដូចពេលមុន ​(​មុន​កូ​វីដ​ ១៩)»​។​

​បើតាម​លោក សុមេធា​រិ​ទ្ធ មូលហេតុ​ដែល​ការផ្តល់​ឥណទាន​របស់ SME Bank ក្នុង​វិស័យ​ទេសចរណ៍​មិនសូវមាន​សម្ទុះ​លឿន គឺអាច​មកពី​ហេតុផល​មួយចំនួន​ដូចជា ចំនួន​សហគ្រាស​ដែល​ត្រូវការ​កម្ចី​បានទទួល​កម្ចី​រួច​អស់ហើយ​, សហគ្រាស​មួយចំនួន​មិនមាន​ទ្រព្យ​បញ្ចាំ​សម្រាប់​ស្នើ​ឥណទាន​, និង​ម្ចាស់​អាជីវកម្ម​ខ្លះ​មិន​ចង់យក​កម្ចី​។​

​ទាក់ទង​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ចូលមក​កម្សាន្ត​នៅ​កម្ពុជា លោក សុមេធា​រិ​ទ្ធ បាន​និយាយថា ដោយ​សារ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​មិនសូវ​ល្អ ហេតុនេះ​ភ្ញៀវ​បរទេស​ដែល​មក​កម្ពុជា គឺ​ភាគច្រើន​ជា​ភ្ញៀវ​មកពី​ប្រទេសជិតខាង ​(​តាមផ្លូវ​គោក​) និង​មិនសូវ​ចំណាយ​ច្រើន​ដូច​ភ្ញៀវ​មកពី​ប្រទេស​រីកចម្រើន​នៅ​ឆ្ងាយៗ​ឡើយ​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបានឱ្យដឹងថា ការកំណត់​លក្ខខណ្ឌរ​បស់ SME Bank ដែល​ទាមទារ​ឱ្យ​អ្នកស្នើ​ឥណទាន​ត្រូវមាន​របាយ​ការ​ណ៍​ហិរញ្ញវត្ថុ​ល្អ​, មានទ្រព្យ​បញ្ចាំ​សម​​រម្យ និង​មិនសូវមាន​លក្ខខណ្ឌ​ពិសេស​លើសពី​ធនាគារឯកជន ដែល​នេះ​ជា​ឧបសគ្គ​ដល់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ចង់បាន​កម្ចី​។​

​លោកស្រី​អះអាងថា​៖ «​ប្រសិនបើ SME Bank អាច​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​ឱ្យ​កាន់តែ​ពិសេស​ថែមទៀត​នោះ វា​ពិតជា​នឹងចូលរួម​ចំណែក​ច្រើន​ក្នុងការ​ស្តារ និង​ជំរុញ​ឱ្យ​វិស័យ​ទេសចរ​ណ៍​កម្ពុជា​ងើប​ឡើងវិញ​កាន់តែ​លឿន​បាន​មួយកម្រិត​ទៀត​»​។​

​ក្រសួងទេសចរណ៍​ឱ្យដឹងថា រយៈ​ពេល ៧ ​ខែ ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ៣,០៣​ លាន​នាក់ កើនឡើង ៣០៨,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ៧៤៣ ៤៥៩​ នាក់​។ ក្នុងចំណោម​ភ្ញៀវ​ខាងលើ គឺ​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម បាន​គ្រប​ដណ្តប់ ៥១,៩​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប ដោយ​ភ្ញៀវ​ជនជាតិ​ថៃ​មាន​ចំនួន ១ ០២៨ ០២០​ នាក់ (​ស្មើ ៣៣,៨​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើនឡើង ៣៣១,២​ ភាគរយ និង​វៀតណាម មាន​ចំនួន ៥៥១ ១៥៦​ នាក់​ (១៨,១​ភាគរយ​) កើនឡើង ១៩០,៤ ភាគរយ​។​

​ទាក់ទង​ចំនួន​ភ្ញៀវ​បរទេស​ខាងលើ លោកស្រី ស៊ីវ​លីន ប្រាប់ថា ក្នុង​ចំនួន​ខាងលើ គឺ​មិនមែន​ភ្ញៀវទេសចរ​ទាំង​​អស់​ទេ ដោយ​ ១ ​ផ្នែក​ជា​អ្នកជំនួញ និង​អ្នកមាន​បេសកកម្ម​ផ្សេងៗ​៕