ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានជំរុញឱ្យមន្ត្រីក្រសួងទេសចរណ៍ ត្រូវខិតខំសហការជាមួយក្រសួង/ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ ដៃគូអភិវឌ្ឍន៍ និងសហគមន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផាសុកភាព សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើន នាពេលខាងមុខ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងវិទ្យាស្ថានជាតិទេសចរណ៍ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក សុខ សូកេន បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការក្រសួងទេសចរណ៍ គឺគ្រប់គ្នាត្រូវតែខិតខំចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសត្រូវខិតខំពង្រឹងសមត្ថភាព ជំនាញ និងទេពកោសល្យរបស់ខ្លួនឱ្យបានសមស្រប ដើម្បីចូលរួមជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗ ក្នុងការប្រតិបត្តិការការងារ។
លោកបន្តថា៖«ជាមួយគ្នានេះក៏ត្រូវយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការបង្កើនភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពរស់រវើក និងឆ្លើយតបទៅនឹងតម្រូវការនៃការវិវឌ្ឍរបស់វិស័យទេសចរណ៍ឱ្យបានទាន់ពេលវេលាផងដែរ»។
ប្រធានសមាគមមគ្គុទេសក៍ទេសចរអង្គរលោក ខៀវ ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៦ ខែកញ្ញាថា ផ្នែកឯកជនពិតជារីករាយ ក្នុងការសហការជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីរៀបចំយុទ្ធសាស្ត្រនានា និងអភិវឌ្ឍរមណីយដ្ឋានថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកម្សាន្តកម្ពុជា បានកាន់តែច្រើន ខណៈបច្ចុប្បន្ន ទោះបីគ្រប់ប្រទេសលើពិភពលោក បានដកចេញវិធានការកូវីដ១៩ ហើយក៏ដោយ ក៏ចំនួនភ្ញៀវទេសចរបរទេស ដែលមកដើរលេងកម្សាន្តនៅកម្ពុជា គឺនៅមានចំនួនតិចតួចនៅឡើយ បើធៀបនឹងមុនឆ្នាំ២០១៩ ពិសេសភ្ញៀវមកពីប្រទេសឆា្ងយៗ។ លោកបន្ថែមទៀតថា ក្នុងអំឡុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំងលើពិភពលោក កម្ពុជាក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ និងតំបន់កម្សាន្តជាច្រើនផងដែរ។
លោកបញ្ជាក់ថា៖«ផ្នែកឯកជនពិតជាចង់ឃើញមានភ្ញៀវបរទេសច្រើន ធ្វើដំណើរមកកម្ពុជា ដោយយើងបានត្រៀមផ្តល់សេវាកម្មដ៏ល្អ សម្រាប់ពួកគេ»។ លោកប្រាប់ទៀតថា៖«ទោះយ៉ាងណាចំនួនភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកកម្ពុជា នារយៈពេលប៉ុន្មានខែមកនេះ គឺនៅមានចំនួនតិចតួចនៅឡើយធៀបនឹងមុនមានវិបត្តិកូវីដ១៩»។
អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ប្រចាំឆមាសទី២ ឆ្នាំ២០២២, ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ កាលពីខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤,៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ ១៦ លាននាក់។
របាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៣ នេះ កម្ពុជា ទទួលបានភ្ញៀវបរទេសសរុប ៣,០៣លាននាក់ កើនឡើង ៣០៨,៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ៧៤៣ ៤៥៩នាក់។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសថៃ និងវៀតណាម បានគ្របដណ្តប់ ៥១,៩ ភាគរយនៃចំនួនភ្ញៀវសរុប ដោយភ្ញៀវថៃ មានចំនួន ១ ០២៨ ០២០ នាក់ (ស្មើ ៣៣,៨ភាគរយនៃចំនួនភ្ញៀវបរទេសសរុប) កើនឡើង ៣៣១,២ ភាគរយ និងវៀតណាម មានចំនួន ៥៥១ ១៥៦ នាក់(១៨,១ ភាគរយ) កើនឡើង ១៩០,៤ ភាគរយ៕