ភ្នំពេញៈ ប្រធានសភា​ពា​ណិ​​ជ្ជ​កម្ម​កម្ពុជា និង​ជា​សហប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុ​រ​កិច្ច​អាស៊ាន លោក គិត ម៉េង បាន​លើកឡើងថា អាស៊ាន​ត្រូវ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​តំបន់​រវាង​ប្រទេស​ជាស​មា​​ជិ​ក​អាស៊ាន និង​សមាជិក​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ឱ្យមាន​ប្រសិទ្ធភាព ខណៈ RCEP បាន​គ្រប់គ្រង​ប្រមាណ ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។​

​ក្នុង​កិច្ចពិភាក្សា​តុមូល កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ក្រោម​ប្រធាន​បទ ជំរុញ​សក្តានុពល​អាស៊ាន​តាមរយៈ RCEP ដែលមាន​ការចូលរួម​ពី​លោក Zulkifli Hasan រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​តំណាង​វិស័យ​ឯកជន ព្រមទាំង​ប្រធាន​ក្រុមហ៊ុន​បណ្តា​ប្រទេស​សមា​ជិ​ក RCEP នៅក្នុង​ឱកាស​អម​​ដំណើរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី លោក គិត ម៉េង បានឱ្យដឹងថា ការធ្វើ​ពាណិជ្ជកម្ម គឺជា​រឿង​សំខាន់​សម្រាប់​គ្រប់​ប្រទេស​លើ​ពិភពលោក ហេតុនេះ​ក្នុងនាម​ប្រទេស​សមាជិក​អាស៊ាន និង​សមាជិក RCEP ប្រទេស​សមាជិក​ទាំងអស់​ត្រូវតែ​ស្វែង​រក​នូវ​គន្លឹះ​សំខាន់ៗ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់ ព្រមទាំង​ត្រូវខិតខំ​ប្រើ​ប្រាស់​ធនធាន​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​។​


​លោក​និយាយថា​៖ «​ការ​បន្ស៊ី​គោលនយោបាយ​របស់​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​ស៊ីសង្វាក់​គ្នា និង​សាមគ្គី​គ្នា គឺត្រូវធ្វើ​ការរួម​គ្នា​ដើម្បី​ផលប្រយោជន៍​អា​ស៊ាន​។ ទីផ្សារ RCEP មាន​ទំហំ​ធំ ប៉ុន្តែ​ប្រសិនបើ​ប្រទេស​សមា​ជិ​ក​អាស៊ាន​មិនអាច​ជ្រៀតចូល​ទីផ្សារ​ប្រទេស​ធំៗ​បានទេ នោះ​កិច្ចព្រមព្រៀង RCEP នឹងមិន​មានគុណ​តម្លៃ​ឡើយ​»​។​

RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែលមាន​សមាជិក​ចំនួន ១៥ ​ប្រទេស ដោយ ១០ ​ប្រទេស​ជា​សមាជិក​អាស៊ាន រួម​ជាមួយនឹង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ RCEP បាន​ចូល​ជាធរ​មាននៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ ២០២២​។​


​ស្ថិតិ​របស់​ក្រសួងពាណិជ្ជកម្ម​ឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ប្រទេស​សមាជិក RCEP មាន​ចំនួន ១៤ ៨១១​ លាន​ដុល្លារ ធ្លាក់ចុះ ៩​ ភាគរយ ធៀប​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​សមាជិក RCEP គឺ​ស្មើ ៦២,៥​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​កម្ពុជា ដែលមាន ២៣ ៦៩៣ ​លាន​ដុល្លារ​។

ក្នុង​ចំនួន​ខាងលើ គឺ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ទាំង​ ១៤ (​ដក​កម្ពុជា​)​ ដែលជា​សមាជិក RCEP មាន​ចំនួន ៤ ០៧១​ លាន​ដុល្លារ​កើន ២៤,០៧ ​ភាគរយ និង​ទំនិញ​កម្ពុជា​នាំចូល​ពី​បណ្តា​ប្រទេស​សមាជិក RCEP មាន​ចំនួន ១០ ៧៤០ ​លាន​ដុល្លារ ធ្លាក់ចុះ ១៧ ​ភាគរយ​។​

​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ កាលពី​ខែកក្កដា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ទោះ​​បី​ពេលនេះ​ការគំរាមកំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ លើ​ពិភពលោក​បាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​ទើប​កើតមាន​ថ្មីៗ​បណ្តាល​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ធំៗ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ... និង​បញ្ហា​អតិ​ផរ​​ណា គឺ​បានធ្វើ​ឱ្យកម្លាំង​ទិញ​នៅលើ​ទីផ្សារ​ធំៗ​ធ្លាក់ចុះ​គួរឱ្យ​កត់​សម្គាល់​។ លោក​បន្តថា ទោះយ៉ាងណា ដោយសារ​កម្ពុជា​ជា​ប្រទេស​សមាជិក RCEP ដូច្នេះ​កំណើន​ការនាំចេញ​គឺ​នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែមទៀត​។​

​លោក​ថ្លែងថា​៖ «RCEP បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការបើក​ទីផ្សារ​នាំ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​យោងតាម​ក្រសួង​ពាណិជ្ជ​កម្ម កិច្ចព្រមព្រៀង RCEP គ្របដណ្តប់​ប្រជាជន​ប្រមាណ ២,២ ​ពាន់​លាន​នាក់ ឬ​ ៣០​ ភាគរយ​នៃ​ប្រជាជន​ពិភពលោក និង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ​ទ្រី​លាន​ដុល្លារ ឬ​ ៣០​ ភាគរយ​នៃ​ផលិត​ផល​ក្នុងស្រុក​សរុប​របស់​ពិភព​លោក​៕