នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ការ​សាង​សង់ផ្ទះ​ត្រចៀកកាំ មាន​កំណើន​គួរឱ្យកត់សម្គាល់ ខណៈដែល​សម្បុក​ត្រចៀកកាំ ជា​ប្រភេទ​អា​ហារ​ដែលមាន​តម្លៃ​ថ្លៃ និង​មាន​អត្ថប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព​។ មូលហេតុ​នេះហើយ បានធ្វើឱ្យ​តម្រូវការ​នៃ​សម្បុក​ត្រចៀកកាំ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ មិន​ត្រឹមតែ​ទីផ្សារ​ក្នុងស្រុក​នោះទេ ថែមទាំង​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​។​

​បើទោះបីជា​ការចិញ្ចឹម​និង​ការសាងសង់​ផ្ទះ​ត្រចៀកកាំ​មាន​កំណើន​ក៏ពិតមែន ប៉ុន្តែ​ដោយ​សារ​កំណើន​នៃ​តម្រូវការ​សម្បុក​ត្រចៀកកាំ ធ្វើឱ្យ​ការផ្គត់ផ្គង់​មិនទាន់​អាចបំពេញ​សេចក្តីត្រូវការ​របស់​ទីផ្សារ​បាន​នៅឡើយ​ទេ​។​


​ទាក់ទង​នឹង​បញ្ហា​ទាំងនេះ លោក ស៊ុយ កុក​ធាន ប្រធាន​សមាគម​ត្រចៀកកាំ​ខ្មែរ បានផ្តល់​បទ​សម្ភាស​ជុំវិញ​ការ​អភិ​វ​ឌ្ឍ​អាជីវកម្ម​ផលិត​សម្បុក​ត្រចៀកកាំ​ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

ស្ថានភាព​ទូទៅ​នៃ​ការចិញ្ចឹម​ត្រចៀកកាំ​នៅ​កម្ពុជា តើ​មាន​កំណើន​ក្នុង​កម្រិតណា​ដែរ​នាពេល​បច្ចុប្បន្ននេះ​?


​ទាក់ទង​នឹង​ស្ថានភាព​ទូទៅ​នៃ​ការចិញ្ចឹម​ត្រចៀកកាំ​នៅ​កម្ពុជា​នេះ យើង​សង្កេតឃើញថា ក្នុង​រយៈពេល​ ៣​​ ទៅ​ ៤​ ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា មានការ​សាងសង់​ផ្ទះ​ត្រចៀកកាំ​ច្រើន បើទោះបីជា​នៅក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ​ក៏ដោយ ការសាងសង់​ផ្ទះ​ត្រចៀកកាំ​ក៏មាន​ច្រើន​ផងដែរ នៅតាម​ខេត្ត​នានា​ស្ទើរ​ទូទាំងប្រទេស​។ បើទោះជា​មាន​កំណើន​ច្រើន​បែបនេះ​ក៏ដោយ ក៏​មិនទាន់​អាចបំពេញ​តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់​នៅឡើយ​ជាពិសេស​ទីផ្សារ​ហុងកុង ចិន ជាទី​ផ្សារ​ដែលមាន​តម្រូវការ​ខ្ពស់​។

តើ​នៅ​កម្ពុជា​បច្ចុប្បន្ន​មានផ្ទះ​ត្រចៀកកាំ​ចំនួន​ប៉ុន្មាន​?

​ទាក់ទង​នឹង​អត្រា​ផ្ទះ​ត្រចៀកកាំ​ក្នុងប្រទេស​កម្ពុជា យើង​មិនទាន់មាន​ទិន្នន័យ​ជា​លក្ខណៈ​ប្រជាសាស្ត្រ​នៅឡើយ​ទេ ហើយ​យើង​ក៏​មិនទាន់​មានការ​ប៉ាន់​ស្មាន​បាន​ច្រើន​ដែរ​ដោយ​អ្នកខ្លះ​ថា មាន​ប្រហែលជា ​៥​ ពាន់​ខ្នង​ផ្ទះ​។ យើង​ក៏​មិនមាន​ថវិកា​ធ្វើ survey ណាមួយ​នៅឡើយ​ទេ​។​

តើ​ប្រទេស​កម្ពុ​ជា មាន​សក្តា​នុ​ពល​អ្វីខ្លះ ទើប​អាចឱ្យ​ពលរដ្ឋ​យើង​សាង​សង់ផ្ទះ​ត្រចៀកកាំ​នេះ​បាន​? ភាគច្រើន​ការចិញ្ចឹម​មាននៅ​តំបន់ ឬ​ខេត្ត​ណាខ្លះ​?

​តាមពិតទៅ ការសាងសង់​កសិដ្ឋាន​ចិញ្ចឹម​ត្រចៀកកាំ​តម្រូវឱ្យមាន​លក្ខខណ្ឌ​សីតុណ្ហភាព ដែលមាន​លក្ខណៈ​ដូច​ប្រទេស​កម្ពុជា​យើង គឺ​ក្តៅ​ហើយ​សើម​។ អ្វីដែល​សំខាន់​ត្រចៀកកាំ​វារ​ស់​នៅក្នុង​សីតុណ្ហភាព​មួយ​ជាក់​លាក់ ដោយ​ផ្ទះ​ត្រចៀកកាំ អាចមាន​សីតុណ្ហភាព​ក្នុង​រង្វង់​ ៣១​ អង្សារ​សេ​។ ប្រទេស​កម្ពុជា​យើង មាន​ភាព​អំណោយផល​ច្រើន ដោយសារតែ​យើង​មាន​បឹងបួរ យើង​មាន​ព្រៃឈើ​ជាដើម ដែលជា​ប្រភព​ចំណី​របស់​សត្វ​ត្រចៀក​កាំ​។ ពិសេស​ជាងនេះទៀត​នោះ ប្រទេស​យើង​មិនទាន់មាន​ការបំពុល​បរិយាកាស​ខ្លាំងក្លា ដូច​ប្រទេស​គេ​ផ្សេង​ទេ​។ ហេតុដូចនេះ​ប្រភព​នៃ​ចំណី​របស់​សត្វ​ត្រចៀកកាំ នៅមាន​ច្រើន ដែល​ធ្វើឱ្យ​ការសាងសង់​ផ្ទះ​ត្រចៀកកាំ ទោះ​នៅទីណា​ក៏មាន​ភាព​ជោគ​ជ័យ​ដូចគ្នា បើ​យើង​ធ្វើតាម​លក្ខ​ណៈ​បច្ចេកទេស​បាន​ត្រឹមត្រូវ​។​

តើ​គេ​អាច​ចំណាយ​ដើមទុន​ចំនួន​ប៉ុន្មាន​ទើប​អាច​សាង​សង់ផ្ទះ​ត្រចៀកកាំ​បាន​?

​ការចំណាយ​ទៅលើ​ការ​សាង​សង់ផ្ទះ​ត្រចៀកកាំ​តូចធំ គឺ​ទៅតាម​ការចង់បាន​រប​ស់​អ្នក​សាង​សង់ ប៉ុន្តែ​ជាទូទៅ បើសិនណា​យើង​សាងសង់​តាម​ទំហំ​ស្តង់ដា​មួយ​តែមាន​លក្ខណៈ​តូច​បំផុត ក៏​យើង​ត្រូវ​ចំណាយ​អស់​ជាង​៥​ម៉ឺន​ដុល្លារ​ដែរ ដោយ​មិនទាន់​គិត​ចូល​ទៅដល់​ថ្លៃ​ដី​ទេ និង​អ្នកខ្លះ​គាត់​សាងសង់​កម្ពស់​ខ្ពស់​ ៤ ទៅ​ ៥​ ជាន់ អាច​ចំណាយ​អស់​ដល់​៥០​ម៉ឺន​ដុល្លារ​ក៏មាន​។​

តើ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ ហើយ​មុន​ចូលប្រឡូក​ក្នុង​វិស័យនេះ​គេ​ត្រូវ​ស្វែងយល់​ពីអ្វី​ខ្លះ​?

​ការបរាជ័យ​ក្នុងការ​ប្រឡូក​ចូលទៅក្នុង​វិស័យនេះ ក៏មាន​ច្រើន​ផងដែរ មិនថាតែ​ប្រទេស​កម្ពុជា​នោះទេ ប្រទេស​ផ្សេងៗ​ក៏​អត្រា​នៃ​ភាពបរាជ័យ​ក៏​ច្រើន​ដែរ​។ មូលហេតុ​នោះ​ដោយសារតែ​គាត់​មើលស្រាល​ទៅលើ​ការចិញ្ចឹម​ត្រចៀកកាំ ដោយ​គាត់​គិតថា ជា​រឿង​សាមញ្ញ ប៉ុន្តែ​វា​មិនមែនជា​រឿង​សាមញ្ញ​ដូច​ការគិត​របស់​មនុស្ស​ជា​ច្រើ​នោះទេ​។ វា​ត្រូវ​ការសិក្សា​វិភាគ​ឱ្យបាន​ល្អិត​ល្អន់​ទៅលើ​ទីតាំង​ភូមិសាស្ត្រ ការសិក្សា​ទៅលើ​ដង់ស៊ីតេ​ផ្ទះ ការសិក្សា​ទៅលើ​ផ្លូវ​ហោះហើរ​របស់​សត្វ​។ ទាំងអស់នេះ​ជាការ​សិក្សា​លើ​លក្ខខណ្ឌ​បច្ចេកទេស​សុទ្ធសាធ​ខណៈ​ដែល​អ្នកខ្លះ​បែរជា​សិក្សា​ទៅលើ​ហុងស៊ុយ​ទៅវិញ​។ បើតាម​ទិន្នន័យ​នៃ​ការសិក្សា​ស្រាវជ្រាវ ទោះជា​នៅ​កម្ពុជា វៀតណាម ឬ​ម៉ាឡេស៊ី​ក៏ដោយ អត្រា​បរាជ័យ​អាចមាន​រហូតដល់ ​៨០​ ភាគរយ​ឯណោះ ប្រសិន​ណា​យើង​ធ្វើ​ដោយ​មិនបាន​គិតគូរ​ឱ្យ​ដិតដល់​។​

តើ​ផលិតផល​សម្បុក​ត្រចៀក​កាំ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ណាខ្លះ​?

​ចំពោះ​ទីផ្សារ​វិញ ទីផ្សារ​ដែល​ធំ​បំផុត​សម្រាប់​សម្បុក​ត្រចៀក​កាំ​ដែល​កែច្នៃ​ហើយ គឺ​ប្រទេស​ចិន​។ នាពេលខាងមុខ​ឆាប់ៗ​នេះ ប្រហែលជា​ចុងឆ្នាំ​នេះ នឹងមាន​កិច្ចព្រមព្រៀង​ចុងក្រោយ​ក្នុង​ការឱ្យ​នាំ​ផលិតផល​សម្បុក​ត្រចៀក​កាំ​ខ្មែរ​ចូលទៅ​ចិន​ជា​ផ្លូវការ​។ នៅពេលនោះ​សម្បុក​ត្រចៀកកាំ​នឹង​អាចមាន​ការឡើង​ថ្លៃ​មិន​ខាន ដោយសារតែ​យើង​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​បាន​ដោយផ្ទាល់​។

បច្ចុប្បន្ននេះ ទីផ្សារ​សម្បុក​ត្រចៀកកាំ​ដែល​មិនទាន់​កែច្នៃ​ដែល​នាំ​ចេញទៅ​ផ្ទាល់​នេះ​រួមមាន ទីផ្សារ​វៀតណាម ថៃ និង​មួយចំនួន​ទៅ​ប្រទេស​ចិន​។ ប៉ុន្តែ​ការនាំ​ចេញទៅ​ចិន​សព្វថ្ងៃនេះ ជាការ​នាំចេញ​ក្រៅផ្លូវការ​នោះទេ​ព្រោះ​យើង​មិនទាន់មាន​កិច្ច​​ព្រមព្រៀង​ចុងក្រោយ​ក្នុង​ការនាំ​ចេញទៅ​ចិន​ហើយក៏​មិនទាន់មាន​ការអនុញ្ញាត​ពី​គយ​ចិន​ដែរ​។​

​ទាក់ទង​នឹង​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​នេះដែរ សមាគម​យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អ្នកប្រមូល​ទិញ​សម្បុក និង​អ្នក​ផលិត ដើម្បី​ធ្វើយ៉ាងណា​យើង​ផលិត​ឱ្យមាន​លក្ខណៈ​ស្តង់ដា ព្រោះ​កាលណា​យើង​ផលិត​សម្បុក​បាន​ស្តង់ដា នោះ​ការកែច្នៃ​ក៏មាន​លក្ខណៈ​ស្តង់ដា​ដែរ​។ មួយវិញទៀត យើង​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​ជំរុញ​ធ្វើយ៉ាងណា​បង្កើតឱ្យមាន​គោលនយោបាយ​ជាតិ​សម្បុក​ត្រចៀកកាំ​ដើម្បី​នាំ​ចេញ ហើយក៏​ធ្វើឱ្យមាន​វិសាល​ភាព​ធំ​ដែរ​។ នៅក្នុង​នោះ ខាង​ក្រសួងពាណិជ្ជកម្ម​សន្យា​នឹង​ជួយ​ជំរុញ​លើ​ការងារ​នេះ ដើម្បី​ធ្វើឱ្យ​ផលិតផល​សម្បុក​ត្រចៀកកាំ​នេះ​ក្លាយទៅជា​ផលិតផល​សក្តា​​នុព​ល​ធំ​មួយ​ក្នុង​ការនាំចេញ​។​

​តើ​ការចិញ្ចឹម​ត្រចៀកកាំ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​?

​បញ្ហា​ប្រឈម​ចំពោះ​ការចិញ្ចឹម​ត្រចៀកកាំ​នាពេល​បច្ចុប្បន្ននេះ គឺ​លក្ខណៈ​បច្ចេកទេស​នៃ​ការចិញ្ចឹម និង​ការកែច្នៃ​សម្រាប់​ការនាំចេញ​។ ទាក់ទង​នឹង​ការកែច្នៃ​សម្រាប់​នាំចេញ យើង​នៅមាន​បញ្ហា​ដោយសារតែ​មិនមាន​បទពិសោធន៍​ទាល់តែសោះ បើ​ធៀប​នឹង​បណ្តា​ប្រទេស ដែល​គេ​ចិញ្ចឹម​ត្រចៀកកាំ ចំណែក​កម្ពុជា​យើង​វិញ យើង​ទើបតែ​ចាប់ផ្តើម​អាជីវកម្ម​នេះ បានតែ​រយៈពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។​

តើ​លោក​មាន​សំណូមពរ​បែបណា ចំពោះ​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​រាជរដ្ឋាភិបាល​ថ្មី ក្នុងការ​ជំរុញ​អាជីវកម្ម​ផលិតកម្ម​សម្បុក​ត្រចៀកកាំ​ឱ្យមាន​ការរីកចម្រើន​?

​ខ្ញុំ​សូម​សំណូមពរ​ដល់​រាជ​​រដ្ឋាភិបាល​ថ្មី ធ្វើយ៉ាងណា​ជួយ​ជំរុញ​និង​គាំទ្រ ផ្នែក​អាជីវកម្ម​ផលិត​សម្បុក​ត្រចៀកកាំ​នេះ ធ្វើយ៉ាងណា​ឱ្យ​យើង​មាន​គោល​​នយោបាយ​នាំចេញ​ទៅ​ពេញ​មុខ​ពេញមាត់​ដូច​ប្រទេស​ដទៃ ដូចនេះ​យើង​មានការ​ប្រកួត​ប្រជែង​ហើយ ដែល​យ៉ាងហោច​ក៏​យើង​អាច​ទទួលបាន​តម្លៃ​ល្អ​នៅលើ​ទីផ្សារ​។ នៅពេលនោះ រាជរដ្ឋាភិបាល​ក៏​អាច​ទទួល​ចំណូល​ចូលជាតិ​ច្រើន សម្រាប់​ការនាំចេញ​សម្បុក​ត្រចៀកកាំ​នេះ​។ ម្យ៉ាងវិញទៀត សមាគម​ក៏​សំណូមពរ​ឱ្យ​មានការ​សម្រប​សម្រួល​សម្រាប់​ការនាំចេញ នៅពេល​យើង​អាច​នាំចេញ​ទៅបាន​ផងដែរ​។

​ជាមួយគ្នានេះ ខ្ញុំ​ក៏​សូម​ផ្តាំផ្ញើ​ទៅ​អ្នក​ចិញ្ចឹម​ត្រចៀកកាំ​ដែរ​ថា ផលិតផល​សម្បុក​ត្រចៀកកាំ វា​នឹងមាន​សក្តានុពល​ក្នុងពេល​ដ៏​ឆាប់ ហើយ​សមាគម​យើង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ទាក់ទង​នឹង​ការផ្តល់​ឥណទាន អត្រា​ការប្រាក់​អនុគ្រោះ ជាមួយ​ធនាគារ​ចិន ​(Bank of China)​ ព្រោះថា ធនាគារ​នេះ ក៏​គេ​គាំទ្រ​គម្រោង​ក្នុងការ​ចិញ្ចឹម​ត្រចៀកកាំ ដើម្បី​នាំចេញ​នេះដែរ​។ ដូចនេះ​ក្នុងពេល​ខាងមុខ​នៅពេល​ដែលមាន MoU នេះ នោះ​អ្នក​កែច្នៃ និង​អ្នក​នាំចេញ នឹងមាន​ឱកាស​ក្នុង​ការខ្ចី​ថវិកា​ពី​ធនាគារ​នេះ​មកប្រើប្រាស់​សម្រាប់​ការកែច្នៃ ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​។ ជាមួយនេះ​សមា​គម​ក៏មាន​អ្នកផ្តល់​ប្រឹក្សា​ដែរ​៕