ពន្ធដារ ណែនាំ​ឱ្យ​ម្ចាស់​សហគ្រាស និង​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ គ្មានជាតិ​សុរា​ក្នុង​ស្រុក បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ ដោយ​ត្រូវ​ប្រកាស​បង់ពន្ធ​អាករ​ជូន​រដ្ឋ​ឱ្យ​បាន​ទៀងទាត់ និង គ្រប់​ចំនួន ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍជាតិ ដើម្បី​ចៀសវាង​ទទួល​រង​ទោស​ទណ្ឌផ្សេងៗ។

ការក្រើនរំឮកនេះ ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចុះដល់​រោងចក្រ​ផលិត​ស្រាបៀរ ភេសជ្ជៈ​គ្មាន​ជាតិសុរា និង ភេសជ្ជៈ​ប៉ូវ​កម្លាំង ក្នុងស្រុក ដើម្បី​ត្រួត​ពិនិត្យ​ឧបករណ៍​វាស់​ចំណុះ​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា។


សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​ការ​ចុះ​ត្រួត​ពិនិត្យ​ដែល​បាន​ចេញផ្សាយ កាល​ពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​បញ្ជាក់​ថា ការ​ចុះ​បេសកកម្ម​ទៅ​កាន់​ទីតាំង​ទាំងនេះ​ក្នុង​គោលបំណង​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធអាករ​លើ​ផលិតផល​ស្រាបៀរ និង​ ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ដែល​ផលិត​ក្នុង​ស្រុក ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួត​ប្រជែង​ស្មើភាព នៅ​តាម​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​រោងចក្រ​ទាំងនេះ។

នៅ​ក្នុង​ដំណើរការ​ចុះ​បំពេញ​បេសកកម្ម​នេះ លោក ម៉ិញ បានកុសល អគ្គនាយក​រង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើក​ឡើង​ថា បោះទុន​វិនិយោគ​សាងសង់​រោងចក្រ​សហគ្រាស​ទាំង​នេះ បាន​ចូលរួម​បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា និង រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។


ជាមួយគ្នានោះ លោក​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​ទាំង​នោះ ត្រូវ​ថែទាំ និង ប្រើប្រាស់​ឧបករណ៍​វាស់​ចំណុះ​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់ ប្រកប​ដោយ​សុចរិតភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ចៀសវាង​ការ​កែច្នៃ ឬ​ផ្លាស់​ប្ដូរ​ឱ្យ​ខុស​ពី​ស្ថានភាព​ដើម បើ​ពុំ​នោះ​ទេ សហគ្រាស​នឹង​ត្រូវ​ចាត់​ទុក​ថា បាន​ប្រព្រឹត្ត​អំពើ​រាំងស្ទះ​ដល់​ការ​អនុវត្ត​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​កំណត់។

បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ បច្ចុប្បន្ន សហគ្រាស​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ទាំង ១៤ នៅ​កម្ពុជា បាន​ដំឡើង​ឧបករណ៍​វាស់​ចំណុះ និង​បាន​ភ្ជាប់​មក​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​រួចរាល់ ដោយ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ឧបករណ៍​វាស់ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ផ្ទៀងផ្ទាត់​ជាមួយ​ការ​ប្រកាស​បង់ពន្ធ​របស់​សហគ្រាស​ទាំងនោះ៕