ភ្នំពេញៈ ក្នុង​រយៈពេល ​៨ ​ខែ ឆ្នាំ ​២០២៣ ​កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ៤០​ ម៉ឺន​តោន ស្មើនឹង​ ៥៨ ​ភាគរយ នៃ​ផែនការ​ ៧០​ ម៉ឺន​តោន​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ២៧៨​ លាន​ដុល្លារ និង​នាំចេញ​ស្រូវ​បាន​ជិត​ ៣​ លាន​តោន​សរុប​ទឹកប្រាក់​ជាង ​៨១៤​ លាន​ដុល្លារ​។​

​យោងតាម​របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា​ឱ្យដឹងថា ការនាំចេញ​ក្នុង​បរិមាណ​ជាង ​៤០​ ម៉ឺន​តោន​នេះ គឺ​តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៥៥ ​ក្រុមហ៊ុន ទៅកាន់​គោលដៅ​ ៥៦ ​ប្រទេស និង​តំបន់​។ ប្រទេស​ចិន និង​ហុងកុង​បាន​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​មាន​ចំនួន ១៤៣ ៨១៨​ តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៩១,៦៤​ លាន​ដុល្លារ ខណៈ​ការនាំចេញ​ទៅកាន់​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ ២៦ ​ប្រទេស បាន​ចំនួន ១៦៤ ៦៨២ ​តោន​ដែល​គិត​ជា​ទឹក​ប្រាក់​ ១១៣,៧៣​ លាន​ដុល្លារ​។


​នាំទៅ​ប្រទេស​សមាជិក​អាស៊ាន​ ៥ បាន​ ៣៦ ៦៩២ តោន​ស្មើនឹង​ទឹកប្រាក់ ២៣,៦៤​ លាន​ដុល្លារ និង​ទៅកាន់​គោលដៅ​ផ្សេងទៀត​ចំនួន ​២២ ប្រទេស​បាន ៥៦ ៥០៧ ​តោន ដែល​គិត​ជា​ទឹកប្រាក់​បាន ៤៩,៥៨ ​លាន​ដុល្លារ​។ ប្រភព​ដដែល​បន្តថា ដោយឡែក​ចំពោះ​ការនាំចេញ​ស្រូវ​វិញ កម្ពុជា​បាន​នាំចេញ​ស្រូវ​ចំនួន ​២ ៩២៩ ០៤៣ ​តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ​ជា ៨១៤,១៧​ លាន​ដុល្លារ​។​

​តាមរយៈ​សំណេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​១០ ខែកញ្ញា លោក ឌិ​តទី​ណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា​៖«​ស្រូវ​បាន​ឡើងថ្លៃ​ខ្ពស់ ហើយក៏​បាន​ចុះ​មកវិញ​តែ​នៅតែ​ជា​តម្លៃ​ខ្ពស់​សម្រាប់​ស្រូវស្រងែ សមរម្យ​ជូន​កសិករ​មាន​ប្រាក់ចំណេញ​។ ទៅមុខ​ស្រូវពូជ​សែន​ក្រអូប និង​ផ្ការំដួល​របស់​ខ្មែរ​យើង នឹង​ទទួល​ការគាំទ្រ​ខ្ពស់​ពី​គោលនយោបាយ​ពូជ​សុទ្ធ​»​។​


​ស្របគ្នា​នេះដែរ​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បានឱ្យដឹង​នៅ​ថ្ងៃទី ​១០ ខែកញ្ញា​ថា រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​លើ​ការបង្កើន​ប្រាក់ចំណេញ​របស់​កសិក​រ​អ្នក​ផលិត​ស្រូវ ដោយ​ស្រូវ​ដើម​​រដូវ ដែល​ច្រូតកាត់​នៅ​ខែសីហា និង​កញ្ញា ២០២៣ ​នេះ ថ្លៃដើម ១​ គីឡូ​ស្មើនឹង ៥០០ ទៅ ៧០០​ រៀល​។ លោក​បន្ថែមថា ចំណែក​ការលក់​ចេញ​វិញ កសិករ​អាច​លក់បាន​តម្លៃ​ស្រូវ​សើម​លើ​ទីផ្សារ​ស្រុក​ខ្មែរ​នៅ​ថ្ងៃទី ​៨ ខែ​កញ្ញា ២០២៣ ចន្លោះ​ពី ១ ១០០ ទៅ​ជាង ១ ២០០ ​រៀល ដែល​តម្លៃ​នេះ​កសិករ​អាច​បាន​ចំណេញ​ចន្លោះ​ពី ​៤០០ ទៅ​ ៧០០​ រៀល​ក្នុង ​១​ គីឡូ អាស្រ័យ​លើ​ការគ្រប់គ្រង​ថ្លៃដើម​និង​គុណភាព​ស្រូវ​របស់​កសិករ​នីមួយៗ​។

​លោក​សង្កត់ធ្ងន់ថា​៖«​ក្រសួងកសិកម្ម កំពុង​បង្កើន​ការគាំទ្រ​ដល់​កសិករ​ក្នុងការ​កាត់បន្ថយ​ថ្លៃដើម និង​បង្កើន​គុណភាព​ស្រូវ ដើម្បី​ទទួល​បាន​តម្លៃ​ខ្ពស់​(​ពូជ​សុទ្ធ ការដាំដុះ​ថែទាំ និង​ប្រមូល​ផល​បានល្អ​)​ តាមរយ​:​ការដាក់​ពង្រាយ​យុវជន​ស្ម័គ្រចិត្ត និង​មន្ត្រី​កសិកម្ម​ឃុំ​ដែល​មកដល់ពេលនេះ​យើង​បានដាក់​ពង្រាយ​បាន ១៨៥​ នាក់​នៅ​ចំនួន ២០០ ​ឃុំ​ដែល​សម្បូរ​អ្នក​ផលិត​ស្រូវ​»​។

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​-អង្ករ​កម្ពុជា បាន​ថ្លែងថា ស្រូវ​នៅក្នុង​ខែកញ្ញា​នេះ មានតម្លៃ​ថ្លៃ​ជាង ខែ​ឆ្នាំ​ណាៗ​ទាំងអស់ នៅក្នុង​រយៈពេល ៣០​ ឆ្នាំ​មកនេះ​ខណៈដែល​តម្លៃ​ជី​កសិកម្ម​ឆ្នាំ ​២០២៣ ​នេះ​ក៏មាន​តម្លៃ​ធូរ​ថ្លៃ​ជាង ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២២ ​ដែរ​។​

​លោក​បញ្ជាក់ថា​៖«​វា​គឺជា​ភាព​អំណោយផល​ខ្លាំងណាស់​សម្រាប់​កសិកម្ម​យើង​ដែល​តម្លៃ​ស្រូវ មានការ​ឡើងថ្លៃ​នា​អំឡុង​ពេលដែល​ជី ថ្នាំ​កសិកម្ម​បាន​ចុះថ្លៃ​ដែរ​។ ថ្វីដ្បិតតែ​ស្ថានភាព​នៃ​ការឡើង​ថ្លៃ​នេះ​មាន​រយៈពេល​ខ្លី​មែន ប៉ុន្តែ​ទាំង​សហព័ន្ធ និង​ក្រសួងកសិកម្ម បាន​ខិតខំ​ជំរុញ​ឱ្យ​កសិករ​លក់​ស្រូវ និង​សម្រួល​ដល់​ការដឹកជញ្ជូន និង​នាំចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង​»​។

​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅក្នុង​ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ តម្លៃ​ស្រូវ​សើម​នៅ​វាលស្រែ មានការ​ធ្លាក់ចុះ​បន្តិច​មក​ត្រឹម​ចន្លោះ ១ ០៩០​ ទៅ ១ ២៥០​ រៀល ក្នុង​ ១​ គីឡូក្រាម​ទៅតាម​ប្រភេទ​ស្រូវ​។ តម្លៃ​បច្ចុប្បន្ននេះ គឺ​ស្ថិតនៅ​ក្នុងស្ថានភាព​មួយ​ដែល​កសិករ​នៅមាន​ផលចំណេញ​ពី​ផលិតកម្ម​ដំណាំ​ស្រូវ​នេះ​នៅឡើយ​៕