​ភ្នំពេញៈ រោង​ម៉ាស៊ីនកិនស្រូវ​នៅក្នុង​ស្រុក និង​ជា​ក្រុមហ៊ុន​នាំ​​ចេញ​ដ៏​ធំ Amru Rice (Cambodia) គ្រោង​ធ្វើការ​នាំចេញ​អង្ករ​ទៅ​ប្រទេស​អូស្ត្រាលី​ក្នុងពេល​ឆាប់ៗ ដែល​នេះ​គឺជា​ការ​រួមចំណែក​ដល់​ការពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​បើ​យោងតាម Amru Rice ក្រុមហ៊ុន​បានទទួល​ការបញ្ជាទិញ​អង្ករ ១០​ កុងតឺន័រ​ដែល​នេះ​ជា​សមិទ្ធផល​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ «​ក​សិ​-​ចំណីអាហារ​កម្ពុជា​»​ នៅ​ប្រទេស​អូស្ត្រាលី​។ ក្រុមហ៊ុន​បានឱ្យដឹងថា​ផែនការ​នាំចេញ​អង្ករ​ក្រអូប ២​ កុងតឺន័រ​ក្នុងចំណោម​ការបញ្ជាទិញ​ទាំង ១០​ កុងតឺន័រ​នេះ គឺធ្វើឡើង​នា​អំឡុង​ដំណើរ​ទស្សនកិច្ច​ស្តីពី​ក​សិ​-​ចំណីអាហារ​កម្ពុជា​ដែល​រៀបចំ និង​គាំទ្រ​ដោយ​រដ្ឋា​ភិ​​បាល​អូស្ត្រាលី តាមរយៈ​កម្មវិធី CAPRED កាលពី​ខែមិថុនា ឆ្នាំ​ ២០២៣​។ នេះ​ជា​សមិទ្ធផល​មួយ​គួរ​ជាទី​ពេញចិត្ត​ក្រោយពី​ដំណើរ​ទស្សនកិច្ច​នេះ​។​


​ក្រុមហ៊ុន​បានលើកឡើង​ថា​៖ «​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ដែល​រៀបចំ និង​គាំទ្រ​ដោយ CAPRED ថ្នាក់​គ្រប់គ្រង របស់ ​Amru Rice មាន​កិត្តិយស​ដែល​ទទួលបាន​ឱកាស​ស្វែង​យល់​ពី​ការអនុវត្ត​កសិកម្ម​តាមបែប​ជឿនលឿន​របស់ ប្រទេស​អូស្ត្រាលី និង​ទិដ្ឋភាព​សំខាន់ៗ​ពី​ទីផ្សារ​ក​សិ​-​ចំណីអាហារ​នៅ​ប្រទេស​នេះ ហើយក៏​ទទួល​ឱកាស​តាំង​បង្ហាញ និង​ធ្វើ​បទ​បង្ហាញ​ចែករំលែក​ពី​សក្តានុពល​នៃ​អង្ករ​កម្ពុជា​ទៅកាន់​ក្រុមហ៊ុន​បញ្ជា​ទិញ និង​ភ្ញៀវកិត្តិយស​នានា​ផងដែរ​»​។​

​ក្រុមហ៊ុន​បន្តថា​៖«​ជាមួយនឹង​ចំណេះដឹង បទពិសោធន៍ និង​ឱកាស​ដែល​ទទួលបាន​ពី​ដំ​ណើ​រ​ទស្សនកិច្ច​នេះ បាន​ញ៉ាំងឱ្យ Amru Rice ឈានឆ្ពោះ​ទៅកាន់​ការបង្កើន​សមត្ថភាព​របស់ខ្លួន​ដើម្បី​ពង្រីក​ទីផ្សារ និង​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​កសិកម្ម​ប្រកបដោយ​និរន្តរភាព​របស់​យើង ដែល​វា​មិន​ត្រឹមតែ​រួម​ចំណែក​ដល់​ភាពរុងរឿង ប្រកប​ដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ប្រយោជន៍​ដល់​ប្រព័ន្ធ​ចំណី​អាហារ​សកលលោក​ផងដែរ​»​។​


​លោក សុង សារ៉ន ប្រធាន និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Amru Rice (Cambodia) បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ១០ ខែកញ្ញា​ថា អូស្ត្រាលី​គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​អង្ករ​ក្រអូប​កម្ពុជា ដូចដែល​ក្រុមហ៊ុន​បាន​នាំចេញ​នៅ​ទីនោះ​រួចហើយ​។ ពេលនេះ​ក្រុមហ៊ុន​កំពុង​ពង្រីក​ការនាំចេញ​ទៅកាន់​ទីផ្សារ​មួយ​នេះ​។ លោក​បន្ថែមថា ទាក់ទង​នឹង​ការនាំចេញ​នាពេល​ខាង​មុខ លោក​មិនទាន់​បង្ហាញ​នៅ​ឡើយ​ទេ ដោយសារ​កំពុង​ស្ថិតក្នុង​ដំណើរការ​នៅឡើយ​។​

​លោក លន់ យ៉េ​ង អគ្គលេខា​ធិ​ការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១០ ខែកញ្ញា​ថា រហូតមកដល់​ពេលនេះ​កម្ពុជា​បាន​នាំ​​ចេញ​អង្ករ​ក្រអូប​ទៅ​ទីផ្សារ​ប្រ​ទេស​អូស្ត្រាលី ប្រមាណ ៣ ​ម៉ឺន​តោន​ក្នុង​ ១​ ឆ្នាំ​។​

​លោក​ថ្លែងថា​៖ «​ភាគច្រើន​យើង​នាំ​អង្ករ​ក្រអូប​ទៅ​ប្រទេស​​អូស្ត្រាលី​ក្នុង​ចំនួន ៣០ ០០០​ តោន​ក្នុង ​១ ​ឆ្នាំ​។ យើង​ឃើញថា ទីផ្សារ​នេះ​មាន​សក្តានុពល​ដ៏​ធំ​ក្នុងការ​រីកចម្រើន​ថែមទៀត​»​។​

​កម្ពុជា​រកប្រាក់​បាន​ជិត​ ៨០៨​ លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ និង​ស្រូវ​ផ្លូវការ​នៅ​ឆមាស​ទី​ ១​ ឆ្នាំ ​២០២៣ កើនឡើង ៣១,២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២២ ដោយ​ក្នុងនោះ​តម្លៃ​ការនាំចេញ​អង្ករ​មាន​ត្រឹមតែ ២៨,៣៧​ ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី CRF​។​

​របាយការណ៍​បាន​បង្ហាញថា នៅ​ចន្លោះ​ពី​ខែមករា​-​ខែមិថុនា កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៣២៩ ៦៣៣ ​តោន ដែលមាន​តម្លៃ ២២៩,២៣ ​លាន​ដុល្លារ​ទៅ​បណ្ដា​ប្រទេស និង​ដែនដី​ចំនួន ៥២ តាមរយៈ​ក្រុមហ៊ុននាំចេញ ៥០ ដែល​ស្មើ ៤៧,០៩ ភាគរយ​នៃ​ទិសដៅ​កំណត់ ៧០​ ម៉ឺន​តោន​សម្រាប់​ឆ្នាំ ២០២៣​។​

​បើ​ចែក​តាម​ប្រភេទ​អង្ករ​គិត​ជា​ចំនួន​តោន​គឺ អង្ករ​ក្រអូប​មាន​ចំនួន ៨៥,០៨​ ភាគរយ​, អង្ក​រស​គ្រាប់​វែង មាន ១១,៣៤​ ភាគរយ​, អង្ករ​ចំហុយ ២,៤២ ភាគរយ​, អង្ករ​សរីរាង្គ ១,០២ ​ភាគរយ និង​អង្ក​រស​គ្រាប់ខ្លី ០,១៤​ ភាគរយ​៕