​ភ្នំពេញៈ ប្រទេស​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំ​ណើ​រការ​ចំនួន ២៤ បើ​គិត​ចាប់តាំងពី​ឆ្នាំ ​២០០៦ ដល់​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ ដោយមាន​ទុនវិនិយោគ​ជាង ៨​ ពាន់​លាន​ដុល្លារ ហើយ​ភាគច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់ ស្បែកជើង សម្ភារ​ធ្វើ​ដំ​ណើ​រ វិស័យ​គ្រឿង​បង្គុំ​រថយន្ត គ្រឿង​អេឡិចត្រូនិក រោងចក្រ​ផលិត​សម្បក​កង់ ឧស្សាហកម្ម​ដំឡើងរថយន្ត និង​កង់​។​

​យោងតាម​របាយការណ៍​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) គឺ​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ២៤ គឺមាន​រោង​​ចក្រ​/​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ​រហូតដល់ ៦៥៥​ គម្រោង ដែល​ស្មើ​ទុនវិនិយោគ​ប្រមាណ ៨,១​ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​ចាប់ពី​ឆ្នាំ ​២០១១ រហូតដល់​ខែមិថុនា ឆ្នាំ​ ២០២៣ មាន​ប្រមាណ ២៥,៧​ ពាន់​លាន​ដុល្លារ បង្កើត​ការងារ​បាន ១៧៤ ​ពាន់​កន្លែង​។​


​លោក ជា វុទ្ធី អគ្គលេខាធិការ CDC ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី​បានលើកឡើង​ក្នុង​វេទិកា​មួយ​កាលពី​ខែ​មុន​ថា ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​ផ្តួច​ផ្តើម​ឱ្យមាន​ការតាក់តែង​បទ​ប្បញ្ញត្តិ និង​ច្បាប់ តាំងពី​ឆ្នាំ​ ២០០៥​ មក គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុងដំណើរការ​ចំនួន ២៤​។​

​លោក​ថ្លែងថា​៖ «​យើង​ឃើញថា ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១០ ​ឆ្នាំ​មកនេះ យើង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៤ ដែល​ដំណើរការ ដែលមាន​រដ្ឋបាល​សេដ្ឋកិច្ច​ពិសេស​ប្រចាំការ​នៅ​ទីនោះ​»​។​


​លោក​បន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា ការធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម និង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ទុនវិនិយោគ​ពី​ប្រទេស​នានា​។ វិស័យ​ផលិតកម្ម​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ មាន​ប្រមាណ​ជាង ៩០ ​ភាគរយ​ដែល​បាន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​លោក​លើកឡើងថា​៖ «​ជាក់ស្តែង​យើង​មើលឃើញ​ហើយ​ថា កំណើន​នៃ​ការនាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មានការ​​កើនឡើង​គួរ​ជាទី​កត់សម្គាល់ ទោះបី​ក្នុងដំណាក់កាល​ការរីក​រាលដាល​កូ​វីដ​ ១៩ ក៏​បរិមាណ​ការនាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​មានការ​កើនឡើង​ជា​លំដាប់​។ ក្នុងនោះ​ឃើញថា កាលពី​ឆ្នាំ​ ២០១១ ទំហំ​នៃ​ការនាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិ​សេស គឺមាន​ត្រឹម ៤​ ភាគរយ​នៃ​ចំណែក​ការនាំចេញ​សរុប លុះដល់​ដំណាច់ឆ្នាំ​ ២០២២ កើន​ដល់ ២៣​ ភាគរយ​»​។​

អ្នកចាំទី Lopez (លើ) របស់​ Roma ដោលបាល់ អំឡុងការ​ប្រកួតជាមួយ Inter នៅ Serie A ​។ AFP

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ទោះ​​បី​កំណើន​សេដ្ឋកិច្ចពិភពលោក​ទទួល​រង​ផលប៉ះពាល់​ជា​បន្ត​បន្ទាប់ពី​វិបត្តិ​ជា​ច្រើន​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ​មកនេះ ក៏​កម្ពុជា​នៅតែ​អាច​ទទួល​បានការ​មក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។​

​លោក​បន្ថែមថា ភាព​ទាក់ទាញ​ដែល​កម្ពុ​ជាមាន​នោះ​គឺ​ដោយសារតែ​កម្ពុជា​រក្សាបាន​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​រឹងមាំ ច្បាប់​វិនិយោគ ទីតាំង​ភូមិសាស្ត្រ ពលកម្ម និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ល្អប្រសើរ​។ ក្រៅពីនោះ​ផលិត​ផល​កម្ពុជា ក៏​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​នាំទៅ​ប្រទេស​ធំៗ​មួយចំនួន​ដូចជា អាមេរិក តំបន់​អឺរ៉ុប ចិន កូរ៉េ និង​ជប៉ុន ជាដើម​។ លោក​បន្តថា លើសពីនោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ប្រទេស​ដៃគូ​សំខាន់ៗ​ដូចជា ចិន កូរ៉េ និង​កិច្ចព្រមព្រៀង RCEP ដែលមាន​ប្រទេស​ ១៥ ក៏​កំពុង​រួមចំណែក​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក​ប្រាប់ថា​៖«​ការវិនិយោគ​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​នៅ​កម្ពុជា​នឹង​កើនឡើង​ថែមទៀត​នៅពេល​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិ​ភព​លោក​ប្រសើរ​។ ការវិនិយោគ​ផ្ទាល់​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច ព្រោះ​ក្រៅពី​ជួយ​បង្កើត​ការងារ វា​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ផលិតផល​សម្រេច​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ ឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ កើនឡើង ១១,២​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០​។ ក្នុងនោះ​វិស័យ​ហិរញ្ញវត្ថុ ៩,៤​ ពាន់​លាន​ដុល្លារ ស្មើ ២២,៩​ ភាគរយ​, កម្មន្តសាល ៨,៥​ ពាន់​លាន​ដុល្លារ ស្មើ ២០,៨​ ភាគ​រយ​, អចលនទ្រព្យ ៤,៩ ​ពាន់​លាន​ដុ​ល្លារ ស្មើ ១២​ ភាគរយ​, សណ្ឋាគារ និង​ភោជនីយដ្ឋាន ៤,៤​ ពាន់​លាន​ដុល្លារ ស្មើ ១០,៧ ​ភាគរយ​, កសិកម្ម​ ៤,២​ លាន​ដុល្លារ ស្មើ ១០,៣​ ភាគរយ​, អគ្គិសនី ២,៦ ​ពាន់​លាន​ដុល្លារ ស្មើ ៦,២ ​ភាគរយ​, សំណង់ ១,៦ ​ពាន់​លាន​ដុល្លារ ស្មើ​ ៤,១​ ភាគរយ និង​ផ្នែក​ផ្សេងៗ ៥,៣ ​ពាន់​លាន​ដុល្លារ ស្មើនឹង ១៣​ ភាគរយ​៕