ប្រជាជនថៃបានដាក់ក្ដីរំពឹងយ៉ាងខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រចាំថ្ងៃដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ក្រោយពីរដ្ឋាភិបាលថ្មីបានបញ្ចេញគោលនយោបាយរបស់ខ្លួន ដើម្បីបន្ធូរបន្ថយការបង់ការប្រាក់ និងការបញ្ចុះថ្លៃឥន្ធនៈ។
សារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយថា ឯកជនបានស្នើឱ្យរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃបង្កើតកញ្ចប់ណាមួយ ដើម្បីជំរុញសេដ្ឋកិច្ចជាពិសេសទាក់ទាញភ្ញៀវទេសចរបរទេសឱ្យកាន់តែខ្លាំងថែមទៀត។
លោកស្រី Thaniwan Koonmongkon ប្រធានសមាគមភោជនីយដ្ឋានថៃបាននិយាយថា លោកស្រីចង់ឱ្យរដ្ឋាភិបាលថ្មីគិតគូរទៅលើការកាត់បន្ថយថ្លៃដើមនៃវត្ថុធាតុដើមព្រមទាំងកាត់បន្ថយថ្លៃថាមពល ព្រោះថាកត្តាសំខាន់ទាំង ២ នេះដែលរុញឱ្យផលិតផលសម្រេចឡើងថ្លៃ។
លោកស្រីបានបន្ត៖ «ការឡើងថ្លៃនៃសាំងតែ ១ មុខវាបានប៉ះពាល់ដល់ការដឹកជញ្ជូនដូច្នេះហើយបានជាភោជនីយដ្ឋានមួយចំនួនដំឡើងថ្លៃមុខម្ហូបរបស់ពួកគេបន្តិចបន្តួច ឬក៏ភោជនីយដ្ឋានខ្លះបានធ្វើយុទ្ធនាការបញ្ចុះតម្លៃដើម្បីបង្កើនការលក់ជាដើម»។
លោកស្រីបានស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការផ្ដល់ឥណទានដែលមានការប្រាក់ទាបសម្រាប់អ្នកប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារដែលលោកស្រីជឿជាក់ថា វិស័យនេះជាផ្នែកដ៏ធំមួយក្នុងការទាក់ទាញទេសចរ។
លោក Sanga Ruangwattanakul ប្រធានសមាគមនៃអាជីវកម្មតាមដងផ្លូវ Khao Sanបានឱ្យដឹងដែរថា ទីភ្នាក់ងារទេសចរណ៍ទាំងអស់គួរតែធ្វើការរួមគ្នាដើម្បីទាក់ទាញអ្នកទេសចរមកបន្ថែមទៀត ជាពិសេសគួរតែពិនិត្យឡើងវិញនូវគោលនយោបាយដែលទើបដាក់ចេញដោយរដ្ឋាភិបាលចំពោះការមិនយកថ្លៃទិដ្ឋាការទៅលើភ្ញៀវចិន។
លោកបន្តថា៖ «ភ្ញៀវទេសចរចិននៅតែត្រូវការបង់ថ្លៃទិដ្ឋាការប៉ុន្តែនៅក្នុងកម្រិតមួយទាបព្រោះថា ១ ភាគ ៤ នៃភ្ញៀវទេសចរដែលចូលទៅទស្សនាប្រទេសថៃ គឺជាទេសចរចិន»។
ប្រធានសមាគមរូបនេះបានគូសបញ្ជាក់ថា៖ «មុនពេលផ្ទុះជំងឺកូវីដ ១៩ ភ្ញៀវទេសចរប្រមាណ ៤០ លាននាក់បានចូលទៅទស្សនាប្រទេសថៃក្នុងនោះប្រមាណជា ១១ លាននាក់ជាភ្ញៀវជនជាតិចិន។ សម្រាប់ឆ្នាំនេះយើងរំពឹងថាទទួលភ្ញៀវបាន ២៥ លាននាក់ដោយមានទេសចរចិនប្រមាណជា ៨ លាននាក់»។
រដ្ឋាភិបាលថៃថ្មីទើបចូលកាន់តំណែងកាលពីដើមសប្តាហ៍នេះដោយបញ្ចប់ភាពជាប់គាំងនយោបាយ និងបញ្ចប់ការដឹកនាំពីក្រុមយោធា៕