​ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន​មាន​សុទិដ្ឋិនិយម​ថា​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​វិស័យ​ដឹកជញ្ជូន និង​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​នៅ​កម្ពុជា​នឹង​ត្រូវបាន​ដោះស្រាយ ហើយ​វិស័យ​ដឹក​ជញ្ជូន​នឹង​កាន់តែ​មាន​ភាព​ប្រ​កួត​ប្រជែង ខណៈ​កម្ពុជា​គ្រោង​នឹង​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល​​ផ្នែក​ឯកជន លើក​ទី​ ១៩ ក្នុងពេល​ឆាប់ៗ​។​

​ក្រុមការងារ «​ច​» «​ផ្នែក​ដឹក​ជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​» កាលពី​ថ្ងៃទី ​១២ ខែកញ្ញា បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ដើម្បី​ពិនិត្យ​ពិភាក្សា​ពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​ចាស់ៗ​របស់​ផ្នែក​ឯកជន​ដែល​មិនទាន់បាន​ដោះ​​ស្រាយ និង​បញ្ហា​ប្រឈម​ថ្មីៗ​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រៀបចំ​សំណើ​រួម​ស្នើសុំ​ដំណោះស្រាយ​ពី​សំណាក់​ដៃគូ ​(​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​) និង​ត្រៀម​សម្រាប់​វេទិកា​រាជ​រដ្ឋា​ភិ​បាល​ផ្នែក​ឯកជន​លើក​ទី​ ១៩​។​


​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក សូ ងួន សហប្រធាន​​ក្រុមការងារ «​ច​» ផ្នែក​ឯកជន​, លោក ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា ជា​អនុ​សហប្រធាន​ក្រុមការងារ «​ច​» ផ្នែក​ឯកជន​, តំណាង​សមាគម​ធុរកិច្ច​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​,​តំ​​ណា​ង​សមាគម​ដឹកជញ្ជូន​អ្នក​​ដំណើរ​ផ្លូវគោក​កម្ពុជា​, តំណាង​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​, តំ​ណា​ង​សមាគម​សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា​, និង​ក្រុមហ៊ុន​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ខាងលើ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា​ថា កិច្ចប្រជុំ​នេះ​ពិតជា​សំខាន់​សម្រាប់​ម្ចាស់​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ដឹកជញ្ជូន ព្រោះ​អាច​ប្រមូលបាន​បញ្ហា​ប្រឈម​រួមមួយ​ចំនួន ដើម្បី​ត្រៀម​លើក​ជា​សំណើ​ទៅ​រាជរដ្ឋាភិបាល​ក្នុង​វេទិកា​រាជ​រដ្ឋា​ភិ​​បាល​​ផ្នែក​ឯកជន លើក​ទី ១៩ ដែល​គ្រោង​ធ្វើឡើង​នាពេល​ឆាប់ៗ​។


លោក​បន្ថែមថា មាន​បញ្ហា​ប្រឈម​ជិត ២០​ ចំណុច​ត្រូវ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ខាងលើ ដើម្បី​ពិភាក្សាគ្នា​មុននឹង​ឈានទៅ​រៀបចំ​ជា​សេចក្តីព្រៀង​រួម​សម្រាប់​វេទិកា​រាជរដ្ឋាភិបាល​​ផ្នែក​ឯកជន​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​បញ្ហា​ប្រឈម​មួយចំនួន​ដែល​វិស័យ​ដឹកជញ្ជូន​កម្ពុជា​កំពុង​ជួបប្រទះ អាច​នឹងត្រូវ​ប្រមុខ​រា​ជ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​មួយ​សមស្រប​នា​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​ ១៩ នាពេលខាងមុខ​។ សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី​តែងតែ​លើកឡើងថា រាជ​​រដ្ឋាភិបាល​នឹង​យកចិត្តទុកដាក់​ខ្លាំង​លើ​ផ្នែក​ឯកជន ព្រោះ​ជា​ក្បាលម៉ាស៊ីន​អូសទាញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​យោងតាម​លោក ចាន់​ដា​រ៉ា បញ្ហាសំខាន់ៗ​ដែល​បានលើកឡើង​ក្នុង​កិច្ច​​ប្រជុំ​ខាងលើ​មានដូចជា បញ្ហា​ឯកសារ​ដឹកជញ្ជូន​, ការឆ្លង​ដែន​, ការយក​ភាស៊ី​នៅតាម​ចំណត និង​ការចូលរួម​សម្រប​សម្រួល​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​ពេល​មាន​បញ្ហា​កើតឡើង ជាដើម​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅពិនិត្យ​មើល​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ​, តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិ​​សេស ខេ​ម បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយក​​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ​១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា​អាច​ប្រ​កួត​ប្រជែង​ជាមួយ​ប្រទេសជិតខាង​។ ជាមួយគ្នានេះ​រដ្ឋាភិបាល​ក៏​នឹង​បង្កើន​ការវិនិយោគ​ទៅលើ​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដូចជា ផ្លូវ​ល្បឿន​លឿន​, គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​, ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ជាដើម ដើម្បី​ជួយ​ត​ភ្ជាប់ និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​។​

​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឡើង​រយៈពេល ​១ ​ឆ្នាំ​ម្តង ​(​លើក​ទី ​១៨ បានរៀបចំ​ក្នុង​ឆ្នាំ ​២០១៩ ប៉ុន្តែ​ត្រូវ​លើក​ពេល​ដោយសារ​ការរីក​រាលដាល​ជំងឺ​​កូ​វីដ ​១៩)​ ជា​យន្តការ​សន្ទនា​ដែលមាន​នាយករដ្ឋមន្ត្រី​ជា​អ្នកដឹកនាំ​ផ្ទាល់ និង​មានការ​ចូលរួម​ពី​តំណាង​ផ្នែក​ឯក​ជន ឯកអគ្គរដ្ឋទូត​បរ​ទេស និង​តំណាង​ស្ថាប័ន​អន្តរជាតិ​ជាដើម​។

វេទិកា​នេះ​ផ្តល់ឱកាស​ឱ្យ​ផ្នែក​ឯកជន លើកឡើង​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​ចាត់​វិធាន​​ការ​ហើយ​រាល់​ការសម្រេច​នៅក្នុង​វេទិកា​នេះ ត្រូវបាន​ចាត់ទុកជា​កា​រ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​៕