ភ្នំពេញៈ រដ្ឋបាល​ថ្នាក់ជាតិ​នៅក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២៣ រកចំណូលបាន​ជាង ១៥ ​ពាន់​ពាន់​លាន​រៀល​(​ជាង ៣,៦​ ពាន់​លាន​) ដែល​ស្មើ​ជិត ៥៩​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ នៅក្នុង​នោះ​ចំណូល​ពន្ធ​មាន​ជាង ៨៥ ​ភាគ​រយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ប្រចាំខែ​កក្កដា ឆ្នាំ​ ២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច ឱ្យដឹងថា ចាប់ពី​ខែមករា​-​កក្កដា ឆ្នាំ ​២០២៣ ការអនុវត្ត​ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ​សម្រេចបាន ១៥ ៤០៧ ​ពាន់​លាន​រៀល ស្មើនឹង ៥៨,៧០​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ ក្នុងនោះ​ចំណូល​ពន្ធ មាន​ចំនួន ១៣ ១១១​ ពាន់​លាន​រៀល ស្មើនឹង ៨៥,១ ​ភាគរយ​នៃ​ចំណូល​សរុប​, អំណោយ ៧៩០ ​ពាន់​លាន​រៀល ស្មើ ៥,១​ ភាគរយ​, និង​ចំណូល​ផ្សេងៗ ១ ៥០៦​ ពាន់​លាន​រៀល ស្មើនឹង ៩,៧៧ ​ភាគរយ​។


​បើ​ធៀប​រយៈពេល ៧ ​ខែ​ដូចគ្នា​ឆ្នាំ​ ២០២២ ការ​អនុវត្ត​ចំណូល បាន​ថយចុះ ១,៧ ​ភាគរយ ក្នុងនោះ​ចំណូល​ពន្ធ ថយចុះ ២,៥៩ ​ភាគរយ​, អំណោយ ថយចុះ ២៣,៤៩​ ភាគរយ ចំណែក​ចំណូល​ផ្សេងៗ​កើន​​ឡើង ២៧,៤ ​ភាគរយ​។​

​ដោយឡែក ​ក្នុង​ខែកក្កដា ឆ្នាំ​ ២០២៣ ចំណូល​របស់​រដ្ឋបាល​ថ្នាក់ជាតិ​មាន​ចំ​នួន ១ ៨៩៩​ ពាន់​លាន​រៀល ស្មើនឹង ៧,២៤ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ ដោយ​ក្នុងនោះ​ចំណូល​ពន្ធ ១ ៥២៣ ​ពាន់​លាន​រៀល​, អំណោយ ១០៩​ ពាន់​លាន​រៀល និង​ចំណូល​ផ្សេងៗ ២៦៧​ ពាន់​លាន​រៀល​។


បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​ ២០២៣ ការ​​អនុវត្ត​ចំណូល បាន​ថយចុះ ១៥,០៩ ​ភាគរយ ក្នុងនោះ​ចំណូល​ពន្ធ​ថយចុះ ១០,០១ ​ភាគរយ​, រីឯ​ចំណូល​ផ្សេងៗ​កើនឡើង ៣៨,៦២​ ភាគរយ​។ ជាមួយគ្នានេះ​បើ​ធៀប​ទៅនឹង​ខែកក្កដា ឆ្នាំ​ ២០២២ គឺ​ការអនុវត្ត​ចំណូល ថយចុះ ៨,៦៨ ​ភាគរយ ក្នុងនោះ​ចំណូល​ពន្ធ ថយ ៩,៥៦ ​ភាគរយ​, អំណោយ​ថយ​ ៣៧,២៩ ​ភាគរយ និង​ចំណូល​ផ្សេងៗ កើនឡើង ២០,៥៤ ​ភាគរយ​។​

​របាយការណ៍​ឱ្យដឹងទៀតថា សម្រាប់​ការចំណាយ​សរុប​របស់​រដ្ឋបាល​ថ្នាក់​ជាតិ ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល ៧​ ខែ នៃ​ឆ្នាំ ​២០២៣ គឺមាន​ចំនួន ១៦ ៧២៧ ​ពាន់​លាន​រៀល ស្មើនឹង ៥០,៨៦​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣​។ បើ​ធៀប​នឹង​រយៈ​ពេល ៧ ​ខែ​ដូចគ្នា​ឆ្នាំ​ ២០២២ ការ​ចំ​ណាយ​សរុប​របស់​រដ្ឋ​បាល​ថ្នាក់ជាតិ កើនឡើង ១៧,៣២ ​ភាគរយ​។​

​សម្រាប់​តុល្យភាព​ថវិកា​រដ្ឋបាល​ថ្នាក់ជាតិ ផ្អែក​តាម​លទ្ធផល​ចំណូល​​ចំណាយ​ខាងលើ គឺ​ការអនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ជាតិ ក្នុង​រយៈពេល ៧​ ខែ នៃ​ឆ្នាំ​ ២០២៣ មាន​ឱនភាព ១ ៣២០​ ពាន់​លាន​រៀល​។​

​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា​៖ «​ទោះ​​បី​ក្នុង​រយៈពេល ៧ ​ខែ នៃ​ឆ្នាំ ​២០២៣ ការអនុវត្ត​ចំណូល​យឺត គួបផ្សំ​នឹង​ការ​អនុវត្ត​ចំណាយ​លឿន បានធ្វើឱ្យ​ថវិកា​មាន​ឱនភាព ប្រមាណ ១ ៣២០​ ពាន់​លាន​រៀល ប៉ុន្តែ​ឱនភាព​នេះ​ស្ថិតក្នុង​កម្រិត​មួយ​ទាប​នៅឡើយ ពោលគឺ​ស្មើនឹង ១៩,៨៨ ​ភាគរយ​នៃ​ឱនភាព​ថវិកា​ប្រចាំឆ្នាំ​ដែល​បានគ្រោង​។ ឱនភាព​ថវិកា​រយៈពេល ៧ ​ខែ នៃ​ឆ្នាំ ​២០២៣ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​កើន​ឡើង​បំណុល​ប្រមាណ ៣ ២៩២​ពាន់​លាន​រៀល និង​ការកើនឡើង​ទ្រព្យ​​សកម្ម​ហិរញ្ញវត្ថុ​ប្រមាណ ១ ៩៧២ ​ពាន់​លាន​រៀល​»​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​សកល​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មិនសូវ​ល្អ​ក៏ដោយ ក៏​សកម្មភាព​សេដ្ឋកិច្ច​ក្នុងប្រទេស និង​ការនាំចេញ​-​នាំចូល​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅតែមាន​ដំណើរ​ការល្អ​ជាធម្មតា​។ ស្ថិរភាព​អាជីវកម្ម​ក្នុងស្រុក និង​ការទទួលបាន​រោងចក្រ​/​សហគ្រាស​ថ្មីៗ​បាន​ជួយ​ឱ្យ​ការប្រមូល​ចំណូល​ផ្ទៃក្នុង ​(​ពន្ធដារ​) កើន​ឡើងជា​បន្តបន្ទាប់​។

​លោក​បន្តថា នៅពេល​រដ្ឋាភិបាល​រក​ចំណូល​បាន​កាន់តែច្រើន វា​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​មានលទ្ធភាព​កាន់តែច្រើន​ក្នុង​ការយក​ថវិកា​ទាំង​នោះ​ទៅប្រើ​ប្រាស់​សម្រាប់​អភិវឌ្ឍ​ធន​ធាន​មនុស្ស និង​ការវិនិយោគ​វិស័យ​សាធារណៈ បាន​កាន់តែច្រើន​ដែរ​។​

​លោក​និយាយថា​៖«​ចំណូល​របស់​រដ្ឋាភិបាល​នឹង​ក្លាយជា​ប្រភពធនធាន​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​យកទៅ​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើន​កាន់តែ​ឆាប់រហ័ស​»​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​ ឱ្យដឹងថា ចាប់​​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​មាន​ចំនួន​សរុប ៣១,៩៧ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៤,៥២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន ១៥,៦៩ ​ពាន់​លាន​ដុល្លារ កើន​ឡើង ០,៣២ ​ភាគរយ ចំណែក​ការនាំ​ចូល ១៦,២៨៣​ លាន​ដុល្លារ ធ្លាក់ចុះ ២៥,២​ ភាគរយ​។ ផ្អែក​តាម​ស្ថិតិ​ខាង​​លើ គឺ​ពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឱនភាព ៥៨៧,៩៦​ លាន​ដុល្លារ ខណៈ​រយៈ​ពេល​ដូចគ្នា ​ក្នុង​ឆ្នាំ ​២០២២ ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​មានរ​ហូត​ដល់ ៦ ១២២,១២​ លាន​ដុល្លារ​៕