ភ្នំពេញៈ ទោះ​ចំនួន​ទឹកប្រាក់​នៃ​ការនាំចេញ​-​នាំចូល​ ទំនិញ​រវាង​កម្ពុជា​ជាមួយនឹង​ប្រទេស​ខ្លះ​នៅ​បន្ត​ភាពអវិជ្ជមាន ប៉ុន្តែ​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម ក្នុង​រយៈ​​ពេល​ ៨ ​ខែ​ដើមឆ្នាំ ​២០២៣ គឺ​បាន​កើនឡើង​តិចតួច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដោយមាន​ចំនួន​ជាង ៤,៣ ​ពាន់​លាន​ដុល្លារ​ស្របពេល​ការនាំចេញ​របស់​កម្ពុជា​ឡើង​រហូតដល់​ជាង ១/៤​ ដង​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

GDCE ឱ្យដឹងថា ពី​ខែមករា​-​សីហា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម មានទឹក​​ប្រាក់​សរុប ៤,៣​ ពាន់​លាន​ដុល្លារ កើន ​១,៤ ​ភាគរយ ពី​ចំនួន ៤,២៤​ ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​នេះ គឺ​កម្ពុជា​នាំទៅ​វៀតណាម ១,៨៥ ពាន់​លាន​ដុល្លារ កើន ២៦,១​ ភាគរយ និង​វៀតណាម​នាំចូល​មកវិញ ២,៤៥ ​ពាន់​លាន​ដុល្លារ ថយចុះ ១១,៧ ​ភាគរយ​។ តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម គឺ​កម្ពុ​ជាមាន​ឱនភាព ៥៩៦,៣៧ ​លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ មាន​ចំនួន ១,៣ ​ពាន់​លាន​ដុល្លារ​។​


​សម្រាប់​ខែសីហា ឆ្នាំ​ ២០២៣ ពា​ណិ​ជ្ជ​កម្ម​សរុប​ប្រទេស​ទាំង ២ គឺ ៥៧៥,៧១​ លាន​ដុល្លារ កើន ២០,៣៧ ​ភាគរយ​ពី​ចំនួន ៤៧៨,២៥ ​លាន​ដុល្លារ​កាលពី​ខែសីហា ឆ្នាំ​ ២០២២ ដោយ​ទំនិញ​កម្ពុជា​នាំទៅ​វៀតណាម ២៥៣,៧១ លាន​ដុល្លារ កើន ៧៧,៥​ ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ៣២២ ​លាន​ដុល្លារ ធ្លាក់ចុះ ៤​ ភាគរយ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា សម្ទុះ​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ បានចាប់ផ្តើម​ងើបឡើង​វិញ ពិសេស​ការនាំ​ចេញពី​កម្ពុជា​ដែល​កើន​ជាង ២៦​ ភាគរយ​។


​ផលិតផល​កសិកម្ម ជា​ចំណែក​ដ៏​សំខាន់​ដែល​ជួយ​ឱ្យ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​កើន​ឡើង ហើយ​ការកើនឡើង​នេះ​គឺ​ទៅ​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​។ ភាគច្រើន​នៃ​កសិផល​ដែល​កម្ពុជា​នាំទៅ​វៀតណាម ជា​ផលិតផល​ស្រស់ ឬ​មិនទាន់​កែច្នៃ ដោយសារ​កម្ពុជា​មិនទាន់មាន​ឃ្លាំង​ស្តុក ឡស​ម្ងួ​ត និង​រោងចក្រ​/​សហគ្រាស​កែច្នៃ​គ្រប់គ្រាន់​។ លោក​បន្តថា ពាណិជ្ជ​កម្ម​រវាង​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ទាំង ២ នឹង​កើនឡើង​ថែមទៀត ខណៈ​ថ្មីៗ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ ទើបបាន​ព្រមព្រៀងគ្នា​ស្តីពី​ចរាចរណ៍​នៃ​ទំនិញ​ឆ្លងដែន​ប្រទេស​ទាំង​ ២​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​កម្ពុជា​បាន​នាំចូល​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​មុខ​ពី​ប្រទេស​វៀតណាម ខណៈ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​វិញ​ភាគច្រើន​ជា​ផលិតផល​កសិកម្ម និង​ធនធាន​ធម្ម​ជាតិ​។ ដោយសារ​ប្រទេស​ទាំង​ ២ មាន​ព្រំដែន​គោក និង​ទឹក​ជាប់​គ្នា ដូច្នេះ​ទឹក​ប្រាក់​ពិត​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​គឺមាន​លើសពី​ទិន្នន័យ​ដែល​កត់ត្រា​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​បាន​និយាយថា ទោះ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មិនសូវ​មានដំណើរ​ការល្អ ប៉ុន្តែ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម គឺ​នៅតែមាន​ភាពល្អ ពិសេស​ការនាំចេញ​-​នាំចូល​ផលិតផល​កសិកម្ម​។ លោក​បន្តថា បច្ចុប្បន្ន​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា​ក៏​កំពុង​ខិតខំ​ជំរុញ​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​ក្នុងស្រុក​ឱ្យបាន​ច្រើន​ដើម្បី​បង្កើន​សក្តានុពល​នាំចេញ និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។​

​លោក​បញ្ជាក់ថា​៖ «​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ នឹង​បន្ត​កើនឡើង​បន្ថែមទៀត​នាពេលខាងមុខ ពិសេស​ការនាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ប្រទេស​វៀតណាម​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦,១៣ ​ពាន់​លាន​ដុល្លារ កើន ១៩,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំទៅ​វៀតណាម ២,១៧ ​ពាន់​លាន​ដុល្លារ កើន ៩,២​ ភាគរយ និង​វៀត​ណា​ម​នាំមក​កម្ពុជា ៣,៩៧ ​ពាន់​លាន​ដុល្លារ កើន ២៦,២ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ​៕