ជប៉ុននឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​កម្ពុជា នៅក្នុង​ទីក្រុង​តូ​ក្យូ​

​លោក ជា វុទ្ធី ក្នុងជំនួបជាមួយលោក Koichi Zaiki កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា ឆ្នាំ ​២០២៣​។​ រូបថត CDC
​លោក ជា វុទ្ធី ក្នុងជំនួបជាមួយលោក Koichi Zaiki កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា ឆ្នាំ ​២០២៣​។​ រូបថត CDC

ភ្នំពេញៈ ជប៉ុនបានស្នើ​កម្ពុជា​ឱ្យជួយ​គាំទ្រ និង​សហការ​នៅក្នុង​ការរៀបចំ​សិក្ខាសាលា​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​តូ​ក្យូ ចុងឆ្នាំ ២០២៣ នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​កាលានុវត្តភាព​ការ​បណ្តាក់​​ទុន​នៅ​កម្ពុជា​ដល់​វិនិយោគិន​របស់ខ្លួន ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ ២ ក្នុង​រយៈពេល ៨ ​ខែ​ដើមឆ្នាំ ​២០២៣ សម្រេចបាន​ប្រមាណ​ជាង​ ១,២ ពាន់​លាន​ដុល្លារ​។​

​សំណើ​នេះ​ត្រូវបាន​លោក Koichi Zaiki នាយក​ប្រតិបត្តិ​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ធនាគារ​មី​ហ្ស៊ូ​ហូ (Mizuho Bank) លើកឡើង​ក្នុងជំនួប​ជា​មួយ​លោក ជា វុទ្ធី អគ្គលេខា​ធិ​​ការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា ឆ្នាំ ​២០២៣​។​

​លោក Koichi Zaiki បាន​លើកឡើងថា កន្លងមក​ធនាគារ​រ​ប​ស់លោក​ធ្លាប់បាន​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​វិនិយោគិន​ជប៉ុន​។ ទោះបីយ៉ាងណា ការ​​លេចឡើង​វត្ត​មាននៃ​កូ​វីដ ​១៩ បាន​បង្កឱ្យមាន​ផលវិបាក​ជា​ច្រើន​ដល់​កិច្ចការ​នេះ​។ លោក​បន្តថា ក្នុងន័យ​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា និង​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់​ទុនវិនិយោគ​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​ក្រុមការងារ​របស់លោក​នឹង​រៀបចំ​សិក្ខាសាលា​មួយ​នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅក្នុង​ខែធ្នូ ខាងមុខ​។​

​លោក​ថ្លែងថា​៖ «​នៅ​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២៣ ខាងមុខនេះ​ធនាគារ Mizuho និង​អង្គការ​ពាណិជ្ជកម្ម​ក្នុងស្រុក​ជប៉ុន​ចេ​ត្រូ ​(JETRO)​ គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ស្តីពី​កាលា​នុ​វត្ត​ភាព​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដោយ​នឹងមាន​ការចូលរួម​ពី​សមាគម​ធុរកិច្ច​ជប៉ុន និង​ក្រុមហ៊ុន​ល្បីៗ​ក្នុងប្រទេស​ជប៉ុន​ជាច្រើន​»​។​

​លោក​បន្ថែមថា​៖ «​ដើម្បីឱ្យ​សិក្ខា​សា​​លា​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​ប្រកបដោយ​ផ្លែផ្កា យើង​ស្នើសុំ​ឱ្យមាន​ការគាំទ្រ និង​កិច្ចសហការ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាពិសេស​ពី​សំណាក់​ឯកឧត្តម​អគ្គលេខាធិការ​លើ​គម្រោង​នេះ​»​។​

​ជាការ​ឆ្លើយតប​លោក ជា វុទ្ធី បានឱ្យដឹងថា កាលពី​ឆ្នាំ​ ២០១៧ ស្ថាប័ន​ទាំង​ ២ (CDC និង​ធនាគារ Mizuho) ធ្លាប់បាន​ចុះ​អនុស្សរណៈ​យោគយល់​​គ្នា ​(MoU) លើ​កិច្ចសហប្រតិបត្តិការ​រួចហើយ​។ តាមរយៈ MoU នេះ​លោក​សង្ឃឹមថា ស្ថាប័ន​ទាំង​ ២ ​នឹង​នៅ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុងការ​ទាក់​​ទាញ​វិនិយោគិន​ជប៉ុន​ទាំង​នៅក្នុង​ប្រ​ទេស​ជប៉ុន និង​ទាំង​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​ប្រតិបត្តិការ​នៅ​ប្រទេស​ដទៃទៀត​ឱ្យមក​វិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​សម្តែង​ការ​គាំទ្រ និង​សហការ​ក្នុងការ​រៀបចំ​សិក្ខា​សាលា​វិនិយោគ​នេះ​ដើម្បីឱ្យ​សិក្ខា​សា​លា​ដែល​គ្រោង​នឹង​រៀបចំ​នេះ​កាន់តែ​ទទួលជោគជ័យ​ថែមទៀត​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង​ ២ គឺមាន​ភាពល្អប្រសើរ​ជាមួយនឹង​គ្នា​យូរ​មកហើយ​។ ក្រៅពី​ជួយ​គាំទ្រ​កម្ពុជា​ផ្នែក​នយោបាយ និង​ជំនួយ​ផ្សេងៗ ជប៉ុន​ក៏​ជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយនឹង​កម្ពុជា​ដែរ ដោយមាន​វិនិយោគិន​ជប៉ុន​ជាច្រើន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​បន្ថែមថា ការវិនិយោគ​របស់​ជ​ប៉ុន​ត្រូវបាន​គេ​ដឹងថា​មាន​ភាពច្បាស់​លាស់ និង​យូរអង្វែង ដូច្នេះ​បើ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​កាន់តែច្រើន វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ធ្វើឱ្យ​មូលដ្ឋានគ្រឹះ​កំណើនសេដ្ឋកិច្ច​កាន់តែ​រឹងមាំ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​គ្រប់​ប្រទេស​គឺ​សុទ្ធតែ​ចង់បាន​ការវិនិយោគ​ពី​ក្រៅ​ប្រ​ទេស ពិសេស​ការវិនិយោគរ​បស់​ជប៉ុន​ដែល​ភាគច្រើន​ជាការ​វិនិយោគ​លើ​ឧស្សាហកម្ម​ធុន​មធ្យម និង​ធ្ងន់ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ និង​មាន​ភាពរឹងមាំ​យូរ​អ​ង្វែ​រ​»​។​

​បច្ចុប្បន្ន​ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា សម្លៀក​បំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​ក​សិ​ផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​​អេឡិចត្រូនិក និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ ឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ ជប៉ុន គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​ច្រើនជាងគេ​ទី​៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣​ ទ្រី​លាន​រៀល​ (​កើន ១១,៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិនិយោគិន​ជប៉ុន​ភាគច្រើន​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ ស​ណ្ឋា​គារ និង​អចលនទ្រព្យ ជាដើម​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី៥ របស់​កម្ពុជា បន្ទាប់ពី​ចិន អាមេរិក វៀតណាម និង​ថៃ​។ បើ​គិតពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប ១,២ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៩,៨ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុងនោះ​កម្ពុជា​នាំទៅ​ជប៉ុន ៧៧០,៤៧​ លាន​ដុល្លារ ថយចុះ ២,៤ ​ភាគរយ និង​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា ៤២០,៧៧ ​លាន​ដុល្លារ ថយ ២០,៧​ ភាគរយ​។ ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​របស់​កម្ពុជា មាន​ឧត្តមភាព ៣៣៩,៧​ លាន​ដុល្លារ​៕

ព័ត៌មានថ្មីៗ