សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរ​នៅកម្ពុជា (TAFTAC) ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បន្តផ្តល់កិច្ចសហការជាមួយគ្នា​សំដៅទាក់ទាញ​ការវិនិយោគ​មកកម្ពុជា​បន្ថែមទៀត ជាពិសេសលើ​វិស័យកាត់ដេរ​វាយនភណ្ឌ ដែលជាវិស័យ​រួមចំណែក​យ៉ាងធំ​ដល់​សេដ្ឋកិច្ចជាតិ។

សំណើនេះ​ត្រូវបានលើកឡើង ក្នុងឱកាស​ដែលលោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) ដឹកនាំ​ដោយលោក គង់ សាង ប្រធាន សមាគម TAFTAC ចូលជួបសម្តែង​ការគួរសម​និងពិភាក្សា​ការងារ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។


សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្តីពីជំនួប​នោះ បានឱ្យដឹង​ថា លោក គង់ សាង បានលើកឡើង​លទ្ធផល​ការងារ​របស់​សមាគម និងស្ថានភាព​ជាក់ស្ដែង​នៃការវិនិយោគ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ប្រមាណ ជាង​២០​ឆ្នាំ​កន្លងមកនេះ ដែលសមាគម​បានឆ្លងកាត់។

លោកបានថ្លែង​ថា សមាគម​ពិតជា​អរគុណដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែលតែងតែ​បានជួយ​សម្របសម្រួល ដោះស្រាយ​រាល់ការប្រឈម​នានា​របស់វិនិយោគិន។ ជាមួយគ្នានេះ សមាគម ស្នើសុំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បន្តផ្តល់កិច្ច​សហការជាមួយគ្នា​សំដៅទាក់ទាញ​ការវិនិយោគ​មក​កម្ពុជា​បន្ថែមទៀត ខណៈដែលវិស័យ​នេះជាផ្នែកមួយ ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​មានការរីកចម្រើន និងបង្កើតការងារ​ជូនប្រជាពលរដ្ឋ​បានច្រើន។


ជាមួយគ្នានោះដែរ លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់​ចំពោះសកម្មភាព របស់សមាគម​នាពេលកន្លងមក​ក្នុងការសហការ​ជាមួយ​ក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅ​លើកកម្ពស់​ការវិនិយោគ និងការបង្កើតការងារ​ជូនប្រជាពលរដ្ឋ​កម្ពុជា។

លោក ជា វុទ្ធី បានលើកឡើងបែប​នេះថា៖«ជាការពិត​យើង​ត្រូវបន្ត​កិច្ចសហការគ្នា​ដើម្បីធ្វើឱ្យ​ប្រសើរឡើង នូវបរិយាកាស​វិនិយោគ ជាពិសេស រាជរដ្ឋាភិបាល​នីតិកាល​ទី៧នេះ បានប្តេជ្ញា​ក្នុងការខិតខំ​បង្កើតការងារ​ជូនបងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា។ បន្ថែមលើនេះ ខ្ញុំ​សំណូមពរឱ្យ​​សមាគម បន្តការខិតខំទាក់ទាញការវិនិយោគ​រោងចក្រផលិត​ក្រណាត់ អំបោះ និងជ្រលក់ពណ៌ សម្រាប់គាំទ្រ​ដល់វិស័យ វាយនភណ្ឌ ដើម្បីកាត់បន្ថយ​ការនាំចូល​ពីបរទេស»។

របាយការណ៍​ពីសមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរ​នៅកម្ពុជា (TAFTAC) បានបង្ហាញថា នៅត្រឹមដើម​ខែសីហា ឆ្នាំ២០២៣នេះ វិស័យកាត់ដេរ​នៅកម្ពុជា​មានរោងចក្រ​សរុបចំនួន ១ ០៧៧ រោងចក្រ ដែលក្នុងនោះផលិតសម្លៀកបំពាក់មានចំនួន ៨០២ ផលិតស្បែកជើង​មានចំនួន​១៤០ និងផលិតកាបូប​មានចំនួន ១៣៤ ហើយមានកម្មករសរុប​ចំនួន ៧៦៤ ៣៥៨ នាក់។

បើតាម TAFTAC បានឱ្យដឹង​ថា វិបត្តិសេដ្ឋកិច្ចសកល​ដែលបន្ត​អូសបន្លាយ​មកដល់​ពេលនេះ នឹងធ្វើឱ្យ​ស្ថានភាព​វិស័យកាត់ដេរ​នៅ​កម្ពុជា នៅឆមាសទី២នេះ នឹងមិនប្រែប្រួល​ប៉ុន្មានឡើយ បន្ទាប់ពី​ឆមាសទី១ ឆ្នាំ២០២៣​នេះ ការនាំចេញបានធ្លាក់ចុះ​ប្រមាណជិត ២០​ភាគយ៕