ក្រុមបេសកកម្ម ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​តំបន់​អាស៊ាន​បូកបី (AMRO) បានផ្តល់​អនុសាសន៍​ដល់​កម្ពុជា គួរចាប់ផ្ដើម​កសាងឡើង​វិញនូវ​ទ្រនាប់​ថវិកាដើម្បី​ពង្រឹងភាពធន់​នៃហិរញ្ញវត្ថុ​សាធារណៈ បន្តតាមដាន​និងពង្រឹងភាព​ធន់នៃវិស័យ​ហិរញ្ញវត្ថុ ដើម្បី​​ធានា​ស្ថិរភាព និងការបន្តពង្រឹង​ការអនុវត្ត​គោលនយោបាយ​រចនាសម្ព័ន្ធ ដើម្បីបង្កើន​ភាពធន់ និងភាពប្រកួតប្រជែង​របស់​កម្ពុជា។

ការផ្តល់អនុសាសន៍​ទាំង​៣​ចំណុចខាងលើ​នេះ ត្រូវបានលើកឡើង​នាឱកាស លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្តី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ទទួលជួប​ក្រុមបេសកកម្ម ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​តំបន់​អាស៊ានបូកបី (AMRO) ដែលដឹកនាំ​ដោយលោក​ប្រធាន លី គូឈីង ដើម្បី​សម្តែងការគួរសម និងពិភាក្សា​ការងារ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។


សេចក្តីប្រកាសព័ត៌មាន​ស្តីពីជំនួបនោះ​បានឱ្យដឹង​ថា ភាគីទាំងពីរ​បានពិភាក្សាអំពី​ស្ថានភាព​សេដ្ឋកិច្ច​សកលឆ្នាំ ២០២៣ នេះ ដែលមាន​ភាពធូរស្រាល​បន្តិច ដែលត្រូវបាន​សន្និដ្ឋាន​ចុងក្រោយ​ថា​នឹងមិនធ្លាក់ទៅ​ក្នុងស្ថានភាព​នៃវិបត្តិ បន្ទាប់ពី​ស្ថានភាព​សេដ្ឋកិច្ចប្រទេសធំៗ​មួយចំនួន ដូចជា សហរដ្ឋអាមេរិក បានត្រឡប់​មករកស្ថានភាព​ធូរស្រាល​ជាងមុន ដែលឆ្លុះបញ្ចាំង​តាមរយៈការកើនឡើង​ចំណាយប្រើប្រាស់ និងភាពរឹងមាំ​នៃទីផ្សារ​ការងារ ក្រោយសម្ពាធអតិផរណា​ត្រូវបានបន្ធូរបន្ថយ​ជាបន្តបន្ទាប់។

នាជំនួបនោះ លោក លី គូឈីង ប្រធានក្រុម​បេសកកម្ម AMRO បានកត់សម្គាល់ផង​ដែរថា សេដ្ឋកិច្ច​កម្ពុជា មានការងើប​ឡើងវិញ​យ៉ាងឆាប់រហ័ស និងរឹងមាំបន្ទាប់ពី​ការបើក​ប្រទេសឡើង ដែលជំរុញ​ដោយសកម្មភាព​ចាយវាយក្នុងស្រុក និងការកើនឡើង​តម្រូវការសកល។


នៅក្នុង​ឆ្នាំ ២០២៣, AMRO វាយតម្លៃថា សេដ្ឋកិច្ច​កម្ពុជា​នៅរក្សាបាន​កំណើនក្នុងអត្រា ៥,៣% ដែលជាកំណើន​ខ្ពស់​ក្នុងតំបន់ ទោះបីត្រូវ​ថមថយ​តិចជាងការវាយតម្លៃ​កាលពីដើម​ឆ្នាំក្តី។ កំណើននេះ​ជំរុញ​ដោយការងើប​ឡើងវិញយ៉ាងឆាប់​រហ័សនៃ​វិស័យ​ទេសចរណ៍, ភាពរឹងមាំ​នៃវិស័យ​កម្មន្តសាល​មិនមែនកាត់ដេរ និងលំនឹងសកម្មភាព សេដ្ឋកិច្ចក្នុង​ស្រុក ទោះបីមានការ​ថមថយ​វិស័យកាត់ដេរ និងភាពនៅទ្រឹង​នៃវិស័យ​សំណង់ និងអចលនទ្រព្យ​ក៏ដោយ។

លោកបានបន្ត​ថា កត្តាទាំងនេះបង្ហាញ​ពីលទ្ធផល​នៃការបន្ត​អនុវត្ត​វិធានការអន្តរាគមន៍​នានា​របស់​រាជរដ្ឋាភិបាល ដើម្បីរក្សា​លំនឹង ជីវភាព និងសកម្មភាពសេដ្ឋកិច្ច​របស់​វិស័យ​អាទិភាព​ដែលនៅទទួល​រងផលប៉ះពាល់។

លោកបានបញ្ជាក់​ថា៖«ទោះបី​រាជរដ្ឋាភិបាល បានបង្កើន​ចំណាយ​សម្រាប់ជួយ​អន្តរាគមន៍​ទាំងនេះ ក៏ស្ថានភាព​ហិរញ្ញវត្ថុសាធារណៈ​ជារួមនៅរក្សា​បានចីរភាព តាមរយៈ​ការរក្សានូវ​វិន័យថវិកា ការចាយចំ​ទិសដៅ ព្រមទាំង​ការរក្សាបំណុល​សាធារណៈ​ឱ្យនៅកម្រិត​ទាបអាច គ្រប់គ្រងបាន។ វិស័យ​ហិរញ្ញវត្ថុក៏នៅមាន​ស្ថិរភាព ទោះបីមាន​ការប៉ះពាល់​ខ្លះដោយសារការកើន​ឡើងនូវ​អត្រាការប្រាក់​គោលជាសកល ទំហំ​ពាណិជ្ជកម្ម​ជារួមមាន​តុល្យភាពល្អ​ប្រសើរ ដោយសារការ​ថមថយ​ការនាំចេញ - ពិសេស វត្ថុធាតុដើម​ផលិត ខណៈដែលការបង្វែរ​ឯកជន​​នៅបន្ត​មានកំណើន»។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្តី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែង​អំណរគុណ​ចំពោះ AMRO ចំពោះការវាយតម្លៃ​ពាក់ព័ន្ធ​នឹងស្ថានភាព និងទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជាផ្តល់​ទស្សនៈ និងអនុសាសន៍នានា សំដៅរួម​ចំណែកអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែ​ប្រសើរឡើង។

នាជំនួបនោះលោក​បានបញ្ជាក់​ថា៖«ទិសដៅគោល​នយោបាយ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺផ្តោត​លើការពង្រឹង​ភាពធន់​ទាំង ៥ ដូចមាន​ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន ទី១ ភាពធន់​នៃស្ថាប័ន​សាធារណៈ ទី២ ភាពធន់​នៃសេដ្ឋកិច្ច ទី៣ ភាពធន់​នៃសង្គម ទី៤ ភាពធន់​នៃប្រព័ន្ធ​ហិរញ្ញវត្ថុ និងទី៥ ភាពធន់​ផ្នែកបរិស្ថាន"៕