ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បានស្នើ​រដ្ឋមន្ត្រី​ក​សិ​កម្ម​ចិន​ជួយ​សហការ​ផ្នែក​បច្ចេក​ទេស ដើម្បី​ជំរុញ​មុខទំនិញ​អា​ទិ​ភាព​ចំនួន​៣​មុខ ដូចជា អង្ករ ស្វាយចន្ទី និង​ត្រី​ចិញ្ចឹម នៅក្នុង​ច្រករបៀង​អង្ករ និង​មច្ឆា សម្រាប់​នាំចេញ​មកកាន់​ទីផ្សារ​ចិន និង​ទីផ្សារ​អន្តរជាតិ​ដទៃទៀត​។​

​លោក ​ឌិ​ត ទីណា បានស្នើ​បែបនេះ នៅ​អំឡុងពេល​លោក​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជា​​មួយ​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី ​១៦ ខែកញ្ញា ឆ្នាំ ​២០២៣ នៅ​ទីក្រុង​ណាន​នី​ង​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំង ​២​។


យោងតាម​ការប្រកាស​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី ​១៦ ខែកញ្ញា បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក ឌិ​ត ទីណា បាន​លើក​ពី​សមិទ្ធផល​ធំៗ​ជាច្រើន ដែល​សម្រេចបាន​ក្រោម​កិច្ចសហការ​រវាង​ក្រសួង​កសិកម្ម​នៃ​ប្រទេស​ទាំង ​២ រួម​មាន​៖ ការកសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ដ​, មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម​,​មជ្ឈមណ្ឌល​ជំរុញ​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​ការកសាង​សមត្ថភាព​បច្ចេក​​ទេស​ដល់​មន្ត្រី​កសិកម្ម​។​

​លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា​ ក៏បាន​បញ្ជាក់​ផងដែរ ពី​យន្តការ​សម្រាប់​ជំរុញ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព និង​បានជា​ផលប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​នៅ​ច្រករបៀង មច្ឆា និង​អង្ករ ដែល​ភាគី​ទាំង​ ២ ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា ២០២៣ ដោយ​ត្រូវ​រៀបចំ​គណៈកម្មការ​តម្រង់​ទិស ដែល​ដឹកនាំ​ដោយ​អនុ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ទាំង​ ២ និង​ក្រុម​ការងារ​បច្ចេកទេស​រួម សម្រាប់​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​ឱ្យ​ត្រូវ​តាម​គោលនយោបាយ​ដែល​បាន​កំណត់ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​២​។


​លោក​ក៏បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​ចិន​ដែលមាន​ជំនាញ​និង​បច្ចេកទេស​ទីផ្សារ​ល្អៗ មក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​លើ​ការកែច្នៃ វេច​ខ្ចប់​ផលិតផល​កសិកម្ម​ដែលមាន​ស្រាប់​ឱ្យទៅជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ និង​មានឈ្មោះ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​។

​លោក​ថា​៖«​ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ (Foreign Economic Cooperation Center)​ នៃ​ក្រសួងកសិកម្ម​ និង​កិច្ចការ​ជនបទ​ចិន​ដែល​បាន​សហ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​កម្ពុជា បានរៀបចំ​នូវ​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ២០២៤-២០២៨»​។

​នាឱកាស​នោះដែរ លោក Tang Renjian រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការសម្រេចបាន​នូវ​ផលិតផល​កសិកម្ម​យ៉ាង​ច្រើន​របស់​កម្ពុជា ដែល​កម្ពុជា​ធានាបាន​ទាំងស្រុង​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស និង​បានរួម​ចំណែក​ក្នុង​ការរក្សាសន្តិសុខ​ស្បៀង​សម្រាប់​តំបន់​ផងដែរ​។

លោក Tang Renjian ថា​៖ «​កម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាច្រើន​ដែលមាន​គុណភាព​ល្អ រសជាតិ​ឆ្ងាញ់ ហើយ​ប្រជាជន​ចិន​ក៏​ចូលចិត្ត​ផងដែរ​។ យើង​លើកទឹកចិត្ត និង​ជំរុញ​អ្នកវិនិយោគ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កើនឡើង​មួយកម្រិត​ទៀត​នាពេលខាងមុខ​»​។​

​ភាគី​ទាំង​ ២ បាន​ឯកភាពគ្នា​ក្នុង​ការបង្កើត​គណៈកម្មកា​រ​តម្រង់​ទិស​និង​ក្រុមការងារ​បច្ចេកទេស​រួម សម្រាប់​ច្រករបៀង​អង្ករ និង​មច្ឆា និង​ឯកភាព​ថា ក្រុមការងារ​បច្ចេកទេស នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​ឆាប់ៗ​ដើម្បី​កំណត់​ផែនការ​សកម្មភាព និង​លើក​ទិសដៅ​ច្បាស់លាស់​ក្នុងការ​អនុវត្ត​ឈានទៅ​សម្រេចបាន​នូវ​ជោគជ័យ ឆ្លើយតប​ទៅតាម​ទស្សនៈវិស័យ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង ២​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៧ ​កញ្ញា​ថា កម្ពុជា​ជា​ប្រទេស​មាន​ការដាំដុះ​ស្វាយ​​ចន្ទី​ច្រើន ខណៈដែល​កន្លងទៅ​រាជរដ្ឋាភិបាល មាន​គោលដៅ​ចង់ឱ្យ​កម្ពុជា ក្លាយជា​អធិរាជ​ស្វាយចន្ទី​ថែមទៀត​ផង​។ លោក​បន្ថែមថា បច្ចុប្បន្ន​ការនាំចេញ​ស្វាយចន្ទី​ពី​កម្ពុជា​ភាគច្រើនបំផុត​គឺជា​គ្រាប់​ឆៅ និង​បាន​នាំចេញ​ទៅកាន់​វៀតណាម ដូចនេះ​ការជំរុញឱ្យ​មានការ​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ជា​រឿង​ដែល​ល្អប្រសើរ ដែល​អាច​ផ្តល់​តម្លៃបន្ថែម​ដល់​ផលិតផល​ស្វាយចន្ទី​កម្ពុជា​។

​ចំពោះ​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​នេះដែរ កាលពី​ថ្ងៃទី​ ១៧ កញ្ញា នា​អំឡុងពេល​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​អ្នកសារព័ត៌មាន​ទៅកាន់​សហគ្រាស​កែច្នៃ​ផលិតផល​ជលផល​ក្នុងស្រុក អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹ​ម​ រចនា បាន​ថ្លែងថា កាលពី​ថ្ងៃទី​ ១៦​កញ្ញា ថ្មីៗ​នេះ កម្ពុជា បាន​នាំចេញ​បង្កង​កណ្តូប និង​ប្រកាំង ដែលជា​ផលិតផល​ជលផល​ធម្មជាតិ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ក្នុង​បរិមាណ ៤៥ ​គីឡូក្រាម​ជា​លើកដំបូង​។

​កញ្ញា​បាន​បញ្ជាក់ថា​៖ «​ការនាំចេញ​បង្កង​កណ្តូប ឬ​ប្រកាំង​ធម្មជាតិ​ចំនួន​ ៤៥ ​គីឡូក្រាម ទៅកាន់​ប្រទេស​ចិន​ជា​លើកដំបូង​នេះ គឺធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន Cambodia Tienit International Trading​។ ក្រោយពី​ទទួលបាន​ជោគជ័យ​ហើយ ក្រុម​​ហ៊ុន​គ្រោង​នឹង​នាំចេញ​ផលិត​ផល​ធម្មជាតិ​ជា​បន្តបន្ទាប់ ដោយ​ការនាំចេញ​អាច​ទៅលើ​រដូវ​​កាល​នៃ​ផលិតផល​ទាំងនោះ ដោយសារតែ​ជា​ផលិតផល​ធម្មជាតិ​»​។​

​បើតាម​អ្នក​នាំ​ក្រសួងកសិកម្ម កម្ពុជា​បាន​នាំចេញ​ផលិតផល​ជលផល​និង​ផលិតផល​វា​រី​វប្ប​កម្ម ​៤​ មុខ​ហើយ ទាំង​ផលិតផល​ទឹកសាប​និង​ទឹកប្រៃ​ស្មើនឹង​បរិ​មាណ​ជាង​ ២៥​ តោន​ទៅកាន់​ប្រទេស​ចិន​ជា​ផ្លូវការ ដែល​ផលិត​ផល​ទាំងនោះ​រួមមាន​ដូចជា ត្រី​ប្រា​កែច្នៃ​រួច​ចំនួន ​១៤ ​តោន​,​ កំពឹស និង​អន្ទង់​បង្កក​ ១១ ​តោន និង​ចុង​ក្រោយនេះ គឺ​បង្កង​កណ្តូប ៤៥ ​គីឡូក្រាម​៕