ភ្នំពេញៈ ទឹកប្រាក់​ជិត ៣០៨ ​លាន​ដុ​ល្លារ​អាមេរិក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣ ដែល​ធ្វើឱ្យ​សន្និធិ​បំណុល​សាធារណៈ​របស់​កម្ពុជា​គិត​ត្រឹម​ចុង​ត្រី​​មាស​ទី២ ឆ្នាំ ​២០២៣ មាន​សរុប​ជាង ១០,៧ ​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ជាង ៤ ​ភាគរយ​បើ​ធៀប​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ ក្នុងនោះ​ជិត ៩៩,៦ ​ភាគរយ​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស​។ ជាមួយនឹង​ឥណទាន​ខាងលើ រាជ​រដ្ឋា​ភិ​បាល​ក៏បាន​ទូទាត់​សេវា​បំណុល​ជាង ២៤៧ ​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​

​ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សា​ធារ​ណៈ​កម្ពុជា ​(Cambodia Public Debt Statistical Bulletin)​ ដែល​ទើប​ចេញផ្សាយ​ឱ្យដឹងថា ដោយ​គិត​ទាំង​បំណុល​​មរតក គឺ​នៅត្រឹម​ដំណាច់ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប ១០,៧២ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ ៩៩,៥៧ ​ភាគរយ ត្រូវ​នឹង​ប្រមាណ ១០,៦៧ ​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស (​ក្របខ័ណ្ឌ​ទ្វេភាគី​ប្រមាណ ៦៤ ​ភាគរយ និង​ក្រប​ខ័​ណ្ឌ​ពហុភាគី​ប្រមាណ ៣៦​ ភាគរយ​) និង ០,៤៣​ ភាគរយ ត្រូវ​នឹង​ប្រមាណ ៤២,៥១ ​លាន​ដុល្លារ​អាមេរិក គឺជា​បំណុល​សាធារណៈ​ក្នុងប្រទេស​។​


​បើតាម​ឯកសារ​ខាងលើ គឺ​សមាស​ភាគ​បំណុល​សាធារណៈ​ទាំងនេះ​រួម​មាន ៤៦​ ភាគរយ​ជា​ដុល្លារ​អាមេរិក​, ២០ ​ភាគរយ​ជា​អេស​ដេ​អ៊ែរ​, ១២ ​ភាគ​រយ​ជា​យន់​ចិន​, ១១ ​ភាគរយ​ជា​យ៉េន​-​ជប៉ុន​, ៧​ ភាគរយ​ជា​អឺរ៉ូ​, និង ៥ ភាគ​​រយ​ទៀត​ជា​រូបិយវត្ថុ​ជាតិ និង​រូបិយ​​ប័ណ្ណ​ផ្សេងៗ​។​

​ឯកសារ​ខាងលើ​ឱ្យដឹងទៀតថា ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣ រាជ​រដ្ឋា​ភិ​បាល​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ៣០៧,៦២ លាន​ដុល្លារ​អាមេរិក សមមូល​នឹង ២២៩,២៧​ លាន​អេស​​ដេ​អ៊ែរ​។ សរុប​ចាប់ពី​ត្រីមាស​ទី​១ ដល់​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ថ្មី​ជា​-មួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ៧៨៧,៥​ លាន​ដុល្លារ​អាមេរិក សមមូល​ទៅនឹង ៥៨៦,៩១ ​លាន​អេស​ដេ​អ៊ែរ ស្មើនឹង​ប្រមាណ ៣ ៥​ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត ​(១ ៧០០​លាន​អេស​ដេ​អ៊ែរ​)​ ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ប្រមាណ ៥១​ ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី ៤៩​ ភាគរយ​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​សរុប​ក្នុង ២ ​ត្រីមាស​ដំបូង​ឆ្នាំ​ ២០២៣ មាន​កំណើន​ប្រមាណ ២៤ ​ភាគរយ​។​


​ឯកសារ​បញ្ជាក់ថា​«​ជារួម​ឥណទាន​ទាំងនេះ​សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមាណ ៤៥ ​ភាគ​រយ​។ គោលដៅ​នៃ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាំងនេះ គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិ​ភាព​របស់​រាជរដ្ឋាភិបាល សំដៅ​រួម​ចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈ​ពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋ​​កិច្ច ឬ​ផលិតភាព​ផលិតកម្ម​»​។​

​ជាមួយ​ការចុះ​កិច្ចព្រមព្រៀង​ឥណ​ទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២៣ រាជ​​រដ្ឋាភិបាល​ក៏បាន​ទូទាត់​សេវា​បំណុល​សរុប ៦៦,៦៨​ លាន​ដុល្លារ​អាមេរិក​។ សរុប​ចាប់ពី​ត្រីមាស​ទី១ រហូតដល់​ត្រី​​មាស​ទី​២ ឆ្នាំ ​២០២៣ រដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​សរុប ២៤៧,៣៦​ លាន​ដុល្លារ​អាមេរិក រួមមាន ក្នុង​ក្រប​ខ័​ណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស ប្រមាណ ២៤៧,០៨ ​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុងនោះ​ប្រាក់​ដើម ១៩០,៩៩​ លាន​ដុល្លារ​អាមេរិក និង​ការប្រាក់ និង​កម្រៃ​ផ្សេងៗ ៥៦,០៩ ​លាន​ដុល្លារ​អា​​មេ​រិ​ក​, និង​ក្របខ័ណ្ឌ​បំណុល​សា​ធារ​ណៈ​ក្នុងប្រទេស​មាន​ប្រមាណ ០,២៩ ​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ប្រាក់​ដើម ០ ​ដុល្លារ​អាមេរិក និង​ការប្រាក់ ០,២៩​ លាន​ដុល្លារ​អាមេរិក​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ គឺ​ការទូទាត់​សេវា​បំណុល​សរុប​ក្នុង ២ ​ត្រីមាស​ដំបូង​ឆ្នាំ​ ២០២៣ មាន​កំណើន​ប្រមាណ ១៦ ​ភាគរយ​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​អះអាងថា ស្ថានភាព​បំណុល​សាធារណៈ​ប​ច្ចុ​ប្បន្ន​របស់​កម្ពុជា​នៅតែ​ត្រូវបាន​វាយ​តម្លៃ​ថា ស្ថិតក្នុង​ភាព​អាច​គ្រប់គ្រង​បាន ពោលគឺ​នៅតែមាន​ «​ចីរភាព​» និង ​«​ហានិភ័យ​កម្រិត​ទាប​»​ ដដែល បើទោះបីជា​សេដ្ឋកិច្ចកម្ពុជា​ទទួលរ​ង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​វិបត្តិ​កូ​វីដ​ ១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេងៗ​។​

​លោក​បញ្ជាក់ថា​៖ «​ការរក្សាបាន​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​វា​អាស្រ័យ​ដោយ​កម្ពុ​ជាមាន​ប្រព័ន្ធ​គ្រប់​គ្រង​បំណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ ដែលមាន​ជាអាទិ៍ ១.​ក្របខ័ណ្ឌ​គតិយុត្ត​, ២. គោលនយោបាយ​, យុទ្ធសាស្ត្រ និង​នីតិវិធី​គ្រប់គ្រង​ប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​, ៣. សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​គ្រប់គ្រាន់​, និង ៤. ប្រ​​ព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​ប្រតិ​​ប​ត្តិ​ការ និង​រក្សាទុក​ទិន្នន័យ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការវិភាគ និង​តាមដាន​ហានិភ័យ​បំណុល​។​ល​។​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​ថា ឥណទាន​របស់​រដ្ឋាភិបាល គឺ​បាន​ដើរតួនាទី​សំខាន់​សម្រាប់​ជួយ​ឱ្យ​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​នីមួយៗ​យកទៅ​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ដោយ​គ្រាន់តែ​ឥណទាន​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ខ្លះ​តិច និង​ប្រទេស​ខ្លះ​ច្រើន​ប៉ុណ្ណោះ​។ លោក​បន្តថា ក្នុងនាម​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ កម្ពុជា​តែង​ទទួលបាន​ឥណទាន​នៅក្នុង​អត្រា​ការ​ប្រាក់​ទាប​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា ព្រមទាំង​ដៃគូ​ផ្សេងៗ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ការទទួលបាន​ឥណទាន​ជា​បន្តបន្ទាប់​នេះ គឺ​ដោយ​​សារ​តែ​ប្រទេស​/​ដៃគូ​ដែល​ផ្ត​ល់ឥណ​​ទាន​ទាំងអស់នោះ មើលឃើញ​ពី​ប្រ​​សិទ្ធ​ភាព​នៃ​ការប្រើប្រាស់​ឥណទាន​ចំ​គោលដៅ និង​សមត្ថភាព ព្រមទាំង​ភាពច្បាស់លាស់​នៃ​ការសង​ត្រឡប់​​ទៅវិញ​ផងដែរ​»​។​

​របាយការណ៍​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ​១២ ខែមេសា ឆ្នាំ ​២០២៣ បាន​ព្យាករ​ថា បំណុល​ទូទៅ​សរុប​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​កើន​ដល់ ៣៧,៥ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP)​ ក្នុង​ឆ្នាំ​ ២០២៣ ដោយ​កើន​ពី ៣៦,៥ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ដែលជា​អត្រា​មួយ​ទាប​ជាង​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​ទៀត​។​

​របាយការណ៍​បង្ហាញថា បំណុល​សរុប​របស់រ​ដ្ឋា​ភិ​បាល​បាន​ព្យាករ​ថា នឹង​កើន​ឡើងដល់ ៣៧,៥​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ ​២០២៣ ដែល​ទាប​ជាង​ប្រទេស​ឡាវ​ដែល​បាន​ព្យាករ​ក្នុង​ចំនួន ១២៣ ​ភាគរយ​, ប្រទេស​មី​យ៉ាន់​ម៉ា ៦១,៣ ភាគរយ​, សិង្ហ​បុរី ១៣៤,៥ ​ភាគរយ​, ថៃ ៦១​ ភាគរយ​, ម៉ាឡេស៊ី ៦៧ ​ភាគ​​រយ​, ឥណ្ឌូនេស៊ី ៣៩,១​ ភាគរយ និង​ហ្វីលីពីន ៥៦,៧ ​ភាគរយ ប៉ុន្តែ​ខ្ពស់ជាង​ប្រទេស​វៀតណាម​បន្តិច ដែលមាន ៣៦,៣ ​ភាគរយ ខណៈ​ប្រទេស​​ប្រ៊ុយណេ​គ្មាន​បំណុល​៕