ប្រព័ន្ធ​ផ្សព្វផ្សាយ​​​រដ្ឋ​ចិន បាន​​ដក​ស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី (Wang Yi)​ ​ដែលបាន​និយាយថា ​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប (EU) គួរតែ​បន្ត​រក្សា ​«ឥរិយាបថ​​​បើកចំហ»​​ និង «ច្រាន​ចោលការ​គាំពារ​និយម» បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​​​​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​ឧបត្ថម្ភធន​របស់​រដ្ឋ​ចិន។

​សារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​ស៊ីន​ហួរ​ ​បាន​ដកស្រង់​សម្តី​លោក វ៉ាង យី ថា ​​ប្រទេស​ចិន​ បាន​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ឯករាជ្យ​ភាពជា​យុទ្ធសាស្ត្រ​របស់ EU និង​​សមាហរណកម្ម​អឺរ៉ុប ហើយ​ភាគី​ទាំងពីរ​គួរតែ​រក្សា «​​ឥរិយាបថ​​បើកចំហ គាំទ្រ​​ឱ្យ​ច្បាស់លាស់​​​លើ​ពាណិជ្ជកម្ម​សេរី បដិសេធ​ការការពារ​និយម និង​សម្រេចបាន​នូវ​ផល​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​ចិន-សហភាព​អឺរ៉ុប»។


រដ្ឋមន្ត្រី​​ការបរទេស​​ត្រូវបាន​គេ​ដកស្រង់​សម្ដី​​ដូច​ដែល​និយាយ​ថា៖​ «កិច្ច​សហ​ប្រតិបត្តិ​ការ​ចិន-សហភាព​អឺរ៉ុប មាន​ទំហំ​លើស​ភាពខុសគ្នា ហើយ​ភាគី​ទាំងពីរ​ជា​ដៃគូ​ជំនួស​ឱ្យ​​គូប្រជែង»។

ការកត់សម្គាល់​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​កិច្ចប្រជុំ​របស់លោក Wang ជាមួយ​សម​ភាគី​ម៉ា​ល់តា​លោក Ian Borg កាលពី​ថ្ងៃ​សៅរ៍ ដែល​ប្រទេស​ចិន និង​​ប្រទេស​ម៉ា​ល់តា​ បាន​យល់ព្រម​ធ្វើការ​ជាមួយគ្នា​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ចិន-សហភាព​អឺរ៉ុប។


​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ការបរទេ​សចិន​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​បានចាប់ផ្តើម​ការស៊ើបអង្កេត​មួយ​កាលពី​សប្តាហ៍​មុន​ថា​ តើ​ត្រូវដាក់​ពន្ធ​ពិន័យ​ដើម្បី​ការពារ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ស​ហ​ភាព​អឺរ៉ុប​ប្រឆាំងនឹង​ការ​នាំចូល​រថយន្ត​អគ្គិសនី​របស់​ចិន ដែល​ខ្លួន​និយាយថា​ កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការឧបត្ថម្ភ​ធន​របស់​រដ្ឋ​លើស​កម្រិត​ដែរ ឬទេ៕​