ភ្នំពេញៈ​ក្រុម​ហ៊ុន ​និង​កសិក​ដ្ឋា​ន​ចិញ្ចឹម​ត្រី​ Cambodia Fresh Farm រំពឹងទុក​ថា​នឹង​នាំចេ​ញ​ត្រី​ទី​ឡា​ព្យ៉ា​ដែល​កែច្នៃ​រួច​របស់​ខ្លួន ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០២៤ ​ខាងមុខ ខណៈដែល​ក្រសួងកសិកម្មនិង​អង្គការ​យូ​នី​ដូ (UNIDO) កំពុង​ប្រឹងប្រែង​ជួយ​ដល់​កសិដ្ឋាន​នេះ​ឱ្យ​ទទួលបាន​ស្តង់ដាហា​សាប់ (HACCP)​។​

​លោក ចៅ សួស្តី អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​កសិដ្ឋា​ន​ចិញ្ចឹម​ត្រី Cambodia Fresh Farm ក្នុងខេត្តកណ្តាលបាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ថា ខាង​ក្រុមហ៊ុន​លោក​មាន​គម្រោង​​នាំចេញ​ត្រី​ទី​ឡាព្យ៉ាទៅកាន់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​ក្រោយបន្ទាប់ពី​ក្រុមហ៊ុនបានរៀបចំ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹមនិង​កែច្នៃ​ត្រី​ទីឡាព្យ៉ា​ថ្មី​ ឱ្យ​ត្រូវ​តាម​ស្តង់ដា​សម្រាប់​ការនាំចេញ​ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​រៀបចំ​ឯកសារ​សំខាន់​មួយចំនួនទាក់ទង​នឹង​ការទទួលបាន​ស្តង់ដាសម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​។


​លោក​បាន​បន្ថែមថា ទីតាំង​ថ្មី​របស់​កសិដ្ឋាន​នេះ នៅក្នុង​ស្រុក​ពញាឮ​ខេត្តកណ្តាល ស្ថិតនៅលើ​ផ្ទៃដី​ទំហំ​ជិត​៥​ហិកតាជិត​​ដៃទន្លេ ជាទី​ដែលមាន​អំណោយផល​សម្រាប់​ការចិញ្ចឹម​ត្រី​។​


​លោក​បាន​ប្រាប់ថា ៖ «​យើង​ប្តូរ​មក​ទីតាំង​នេះ មាន​ភាព​ធំ​ទូលាយ​ជាង​មុន ហើយ​នៅ​ជិត​ដៃទន្លេ ដែល​ងាយស្រួល​ក្នុងការ​ប្តូរ​ទឹក​សម្រាប់​ការចិញ្ចឹម​ត្រី​ឱ្យលូតលាស់​បានល្អស្របតាម​ស្តង់ដាដែល​យូ​នី​ដូ​បាន​ណែនាំ​។​យើង​ទទួលបាន​ស្តង់ដាមួយ​ហើយ​គឺ​ស្តង់ដា CQS ដោយ​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុងតែ​ព្យាយាម​អនុវត្ត​ឱ្យ​ល្អ​បន្ថែមទៀតដើម្បី​ទទួលបាន​ស្តង់​ដានាំ​ចេញទៅ​ក្រៅប្រទេស​គឺ​ស្តង់ដា​ហា​សាប់ (HACCP)»​។​

​ទោះជា​យ៉ាងណា កសិដ្ឋាន​លោក​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​នៅពេល​រដូវប្រាំង នៅ​ដៃទន្លេ​មិនសូវ​មានទឹក ធ្វើឱ្យ​ការចិញ្ចឹម​ជួប​ការលំបាក​ដោយ​សារគ្មាន​ទឹក​គ្រប់គ្រាន់​ សម្រាប់​ផ្លាស់ប្តូរហើយ​កសិដ្ឋាន​អាច​កាត់បន្ថយ​ការកែច្នៃ​ខ្លះ​។ យ៉ាងណាមិញ​ចំពោះ​ទីផ្សារ​ក្នុងស្រុក​វិញ លោក ចៅ សួស្តី បាន​ឱ្យដឹង​ថា មាន​កំណើន​បញ្ជាទិញ​គួរឱ្យកត់សម្គាល់ ជាពិសេស​នៅតាម​ភោជនីយដ្ឋាន​បរទេស តាម​ផ្សារ​ទំនើបនៅក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ​។​

​ជុំវិញ​គោលដៅ​របស់​កសិដ្ឋាន​ Cambodia Fresh Farm ក្នុង​ការនាំ​ចេញទៅ​ក្រៅប្រទេស​នេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម ក្នុងពេល​ដឹកនាំ​អ្នកសារព័ត៌មាន​ទៅ​ទស្សនកិច្ច​នៅ​កសិដ្ឋាន​នេះបាន​ប្រាប់​​ថា ក្រសួង​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កសិដ្ឋាន ជាពិសេស​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស​ដើម្បីឱ្យ​កសិដ្ឋាន​មានលទ្ធភាព​ក្នុង​នាំចេញ​បាន​ដោយ​រលូន​។​

​ទោះជាបែបនេះ​ក្តី កញ្ញា រចនា ក៏បាន​អំពាវនាវ​ឱ្យ​កសិដ្ឋាន​ទាំងអស់​ព្យាយាម​អនុវត្ត​ឱ្យបាន​ល្អ​ដើម្បីលើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ ជាពិសេស​អនុវត្ត​ឱ្យបាន​តាមស្តង់ដាដែល​ទីផ្សារ​ខាងក្រៅ​ត្រូវការ​។​

​កញ្ញា​បាន​បញ្ជាក់ថា ៖ «​អំឡុង​ពេលនេះ យើង​ធ្វើយ៉ាងណា​ពង្រឹង​សហគ្រាស​យើង​ទាំងអស់​ឱ្យ​អនុវត្តតាម​ស្តង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ ដែល​បាន​កំណត់ដោយ​ទីផ្សារ​អន្តរជាតិ​។​វា​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ទេ ប្រសិន​បើគាត់​អនុវត្ត​ទៅតាម​អ្វីដែល​គេ​ចង់បាន​ដូចជា​ស្តង់ដាឬ​និមិត្តសញ្ញា​គុណភាព​ផល​ផលិតផល​ជលផល​កម្ពុជា (CQS) ឬក៏​ស្តង់ដា​ហា​សាប់ (HACCP)​ ជាដើម​»​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កសិដ្ឋាន​នោះដែរ លោក ថោង រ៉ា អ្នកជំនាញ​សុវត្ថិភាព​ចំណីអាហារ​ថ្នាក់ជាតិ នៃ​អង្គការ​យូ​នី​ដូ​បាន​ឱ្យដឹង​ដែរ​ថា ពិតជា​អាចទៅរួច​ដែល​ក្រុមហ៊ុន និង​កសិក​ដ្ឋា​ន​ចិញ្ចឹម​ត្រី Cambodia Fresh Farm អាច​សម្រេច​ការនាំចេញ​របស់ខ្លួន​ទៅ​ក្រៅប្រទេស ដែល​មិន​ត្រឹម​ទីផ្សារ​ជប៉ុន​ទេ តែ​អាច​នាំចេញ​បាន​ទៅ​ទីផ្សារ​អឺរ៉ុប​ផងដែរ ប្រសិនបើ​កសិដ្ឋាន​នេះ​អនុវត្តបាន​តាមស្តង់ដាហា​សាប់ (HACCP)​។​

​លោក​បាន​បន្ថែមថា ទីតាំង​កែច្នៃ​របស់​កសិដ្ឋាន​នេះគឺ​អនុលោម​ទៅតាម​ស្តង់ដាហើយ ប៉ុន្តែ​ចំណុច​ខ្វះខាត​របស់គាត់គឺ​គាត់​កំពុងតែ​រៀបចំ​ឯកសារ​ព្រោះថា​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដាមួយ ត្រូវមាន​ឯកសារ និង​ប្រព័ន្ធ​អង្កេត​តាមដាន​។​

​លោក​បាន​បញ្ជាក់ថា៖ «​យើង​កំពុងតែ​ជួយ​គាត់​ឱ្យ​ទទួលបាន​ស្តង់ដា HACCP នេះ​។ គាត់​ទើបតែ​ចូលរួម​ក្នុង​គម្រោង ​CAPFIsh នេះ​បាន​ជាង​ ១ ឆ្នាំ​ ប៉ុណ្ណោះ ដោយ​យើង​ចាប់ផ្តើម​ជួយ​គាត់ តាមរយៈ​ការបណ្តុះបណ្តាល ដែល​យូ​នី​ដូ​មាន​ក្រុមការងារ​បច្ចេកទេសស​ម្រា​ប់​ជួយ​គាត់​លើ​ការងារ​នេះ​ដើម្បី​ទទួលបាន​ស្តង់ដា ​CQS ​ពេញ និង​ HACCP​ផងដែរ​»​។​

​សូមបញ្ជាក់ថា CQS ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេល​ថ្មីៗ​នេះ គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​ពាណិជ្ជកម្ម​ផលិតផល​ជលផល តែ​ក្រសួង​នឹងមិន​បញ្ឈប់​ត្រឹមនេះ​ទេ CQS អាច​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផលិតផល​កសិកម្ម​ផ្សេងទៀតដោយផ្អែកលើ​បទពិសោធន៍​ជោគជ័យ និង​កិច្ចសហការ​ជាមួយ​អង្គការ UNIDO ដូច​នៅក្នុង​គម្រោង​នេះ​ជាដើម​។​

​ដោយឡែក​ស្តង់ដា HACCP ​គឺជា​ប្រព័ន្ធ​នៃ​ការវិភាគ​គ្រោះថ្នាក់និង​ចំណុច​ត្រួតពិនិត្យ​សំខាន់ៗ​ សម្រាប់​សុវត្ថិភាព​ចំណីអាហារ​ជា​ស្តង់ដា​ខ្ពស់បំផុតដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​សហគ្រិនឬ​អ្នក​ផលិត​ពិបាក​ក្នុង​ការទទួល​ស្តង់ដានេះ​។ប៉ុន្តែ​ក្រោយ​ទទួលបាន​ស្តង់ដានេះ អ្នក​នាំចេញងាយស្រួល​ក្នុងការ​នាំចេញ​ចំណី​អាហារ ឬ​ផលិតផល​កសិកម្ម​កែច្នៃ​រួច​របស់ខ្លួនទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បាន​ដោយ​ងាយស្រួល​៕