ភ្នំពេញ: សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ក្នុងស្រុក (IDI) សម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ Chongqing HongJiu ដែលជាក្រុមហ៊ុននាំចូលផ្លែឈើឈានមុខគេរបស់ប្រទេសចិន និង Asia Cassava Holding ជាក្រុមហ៊ុនលក់ដុំ និងនាំចូលដំឡូងមីដ៏សំខាន់មួយទៅកាន់ប្រទេសចិន។
កិច្ចព្រមព្រៀងនេះសម្រេច បានកាលពីថ្ងៃទី ១៧ ខែកញ្ញា ក្នុងពិធីចុះហត្ថលេខាពិព័រណ៍កម្ពុជា-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន។លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ Chongqing HongJiu ដែលជាក្រុមហ៊ុននាំចូលផ្លែឈើឈានមុខគេរបស់ប្រទេសចិន និង Asia Cassava Holding ដែលជាក្រុមហ៊ុនលក់ដុំ និងនាំចូលដំឡូងមីដ៏សំខាន់ទៅកាន់ប្រទេសចិន ដែលចាត់ទុកថាជាគម្រោងដ៏ធំចំនួន ២ នៅក្នុងពិធីចុះហត្ថលេខានៅក្នុងពិព័រណ៍កម្ពុជា-អាស៊ានលើកទី២០។
លោកបានសរសេរថា៖ «យើងស្វាគមន៍ក្នុងការធ្វើការរួមគ្នាជាមួយគ្រប់ភាគីដើម្បីជួយវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាសម្រាប់ការនាំចេញកាន់តែច្រើន»។
ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន នាថ្ងៃទី ១៧ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែ ១ គត់ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ ហើយកម្ពុជាក៏បានប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។
លោកបានថ្លែងថា៖ «ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ នេះ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងតំបន់ឱ្យកាន់តែស្អិតល្មួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា អាស៊ាន និងចិន មានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំដោយអាស៊ាន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនកិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនទៀត បង្ហាញ ឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួមបញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។
បើយោងតាមអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបានធ្វើការនាំចេញកសិផលជាច្រើនប្រភេទមានតម្លៃជិត ១,៣៨៥ ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ទៅកាន់ទីផ្សារចំនួន ៥៣៕