ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​បណ្ដា​ថ្នាក់ដឹកនាំ​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ប្រកួតប្រជែង​គ្នា ដើម្បី​ទាក់ទាញ ឬ​ទាក់​ម៉ូយ​រក​អ្នកវិនិយោគ មក​វិនិយោគ​ក្នុង​ខេត្ត​របស់ខ្លួន​ ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ស្របទៅតាម​សក្តានុពល​របស់​ខេត្ត​ដែលមាន​ស្រាប់ ខណៈ​រាជរដ្ឋាភិបាល​បានធ្វើ​វិមជ្ឈការ​ប្រគល់​អំណាច​ទៅដល់​ថ្នាក់ក្រោម​ជាតិ​រួច​អស់ហើយ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ណែនាំ​បែបនេះ​នៅ​ថ្ងៃទី ​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត ប្រមាណ​ជិត ២ ​ម៉ឺន​នាក់ ក្នុងស្រុក​បាទី ខេត្តតាកែវ​។​


​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖ «​ឥឡូវ និយាយ​រឿង​ទាក់​ម៉ូយ ខេត្ត​នីមួយៗ​គួរ​ប្រកួតប្រជែង​គ្នា​ដើម្បី​ទាក់​ម៉ូ​យមក​វិនិយោគ​ក្នុង​ខេត្ត​។​ឥឡូវ​យើង​វិមជ្ឈការ​ថ្នាក់ក្រោម​ជាតិ​ហើយ​សិទ្ធិ​ច្រើនណាស់ ខេត្ត​មួយៗ​គួរតែ​ចេញ​គោលការណ៍​ណាមួយ​ទាក់​ម៉ូយ គោលការណ៍​អនុគ្រោះ ឬ​គោលការណ៍​កម្រិតណា យើង​អាច​ជជែក​គ្នា​ក្នុង​ក្របខ័ណ្ឌ​ទៅ​»​។


​លោក​បន្ថែមទៀតថា​៖ «​ខេត្ត​ខ្លះ​មាន​សក្តានុពល​ទេសចរណ៍ ក្រៅពី​ការអនុគ្រោះ​របស់​រដ្ឋាភិបាល​ហើយ ខេត្ត​អាច​ផ្តល់​ការអនុគ្រោះ​អ្វី​បន្ថែមទៀត​ដើម្បីឱ្យ​វិស័យ​ទេសចរណ៍ ហើយ​រោងចក្រ​ក៏​ដូចគ្នា​ដែរ​។​មើល​ជួយ​គិត​គ្នា​បន្តិច​មើល ព្រោះ​ប្រទេស​ខ្លះ ខេត្ត​ខ្លះ​ប្រកួត​គ្នា​ទាក់​ម៉ូយ រាជរដ្ឋាភិបាល​ដើរទា​ក់​ម៉ូយ​ម្នាក់ឯង​ហត់​ណាស់​។ យើង​ត្រូវ​ទាក់​ម៉ូយ​នេះ​គឺ​ដើម្បី​បាន​ផលប្រយោជន៍​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​»​។​


​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ថា តាម​ការណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​ដែល​ត្រូវឱ្យ​អភិបាល​រាជធានី​ខេត្ត​នីមួយៗ ធ្វើការ​ទាក់ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅក្នុង​ខេត្ត​របស់ខ្លួន ប៉ុន្តែ​រាជធានី​ខេត្ត​នីមួយៗ​គួរតែរៀបចំ​សៀវភៅ​សក្តានុពល​នៃ​ការវិនិយោគ និង​ច្បាប់ ជាពិសេស​មាន​លេខ​ទំនាក់ទំនង និង​ច្រកចេញចូល​តែមួយ​ឱ្យបាន​ល្អ និង​ច្បាស់លាស់​។

​ទោះជា​យ៉ាងណា លោក​ថា ផែនការ​នេះ​អាច​ទាក់ទាញ ឬ​បង្ហាញ​ពី​សក្តានុពល​សម្រាប់​បានតែ​វិនិយោគិន​នៅក្នុង​ស្រុក​ទេ ខណៈ​វិនិយោគិន​នៅក្រៅ​ស្រុក រាជធានី​ខេត្ត​ទាំងនោះ​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទាក់ទាញ លុះត្រាតែ​មានការ​ជំរុញ​ឱ្យមាន​ការផ្សព្វផ្សាយរ​បស់​ស្ថានទូត​របស់​កម្ពុជា នៅក្រៅ​ប្រទេស​ជួយ​បង្ហាញ​ផងដែរ​។​

​លោក​គី សេរី​វឌ្ឍន៍ ថ្លែងថា​៖ «​អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​លើកឡើងថា​ទាម​ទាម​ឱ្យ​ខាង​ខេត្ត​នីមួយៗ ធ្វើ​ផែនការ​វិនិយោគ សេចក្តីលម្អិត​នៃ​ផែនការ​វិនិយោគ​របស់​ខេត្ត​នីមួយៗ បង្ហាញ​ពី​សក្តានុពល​ហ្នឹង​ទុក​ជូន​ស្ថានទូត​ដើម្បី​ដឹងថា​តើ​ខេត្ត​នីមួយៗ មាន​សក្តានុពល​អ្វីខ្លះ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​?»​។​

​ជុំវិញ​រឿងនេះ​ដែរ​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ ប្រាប់ឱ្យដឹង​ដែរ​ថា លោក​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​អនុសាសន៍​ណែនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ដែល​ឱ្យ​អភិបាលខេត្ត​នីមួយៗ​ទាក់ទាញ​វិនិយោគិន ឱ្យមក​អភិវឌ្ឍ​នៅក្នុង​ខេត្ត​របស់ខ្លួន​។

​លោក​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​អនុវត្ត​ទៅតាម​ការណែនាំ​នេះ​ខណៈ​ខេត្ត​ព្រះសីហនុ កាលពី​កន្លងមកនេះ មាន​វិនិយោគិន​ច្រើន​មក​ចូលរួម​ហើយ​បច្ចុប្បន្ននេះ វិនិយោគិន​ជាច្រើន​ក៏បាន​បន្ត​ចាប់អារម្មណ៍​មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាច្រើន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើងខ្ញុំ​តែងតែ​ធ្វើការ​សហការ ដោយ​ទី​១ ធ្វើការ​យ៉ាង​ស្អិតល្មួត​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត ទី​២ ធ្វើការ​ជាមួយ​បណ្តា​សភាពាណិជ្ជកម្ម​បរទេស មានបារាំង អឺរ៉ុប អាមេរិកាំង រីឯ​ក្រុម​វិនិយោគិន​របស់​បរទេស មាន​ជនជាតិ​ចិន ជនជាតិ​កូរ៉េ ជាដើម យើង​បាននិងកំពុង​ធ្វើ​កិច្ចការ​ជាមួយគ្នា​យ៉ាង​ល្អ ហើយ​វេទិការ​ធុរជន និង​សេដ្ឋកិច្ច ក៏​យើង​តែងតែ​ជួបគ្នា​ជាប់​ជានិច្ច​ដែរ​»​។

​លោក​បន្ថែម ជាមួយនឹង​អនុសាសន៍​របស់លោក ហ៊ុន ម៉ា​ណែ​ត​នេះ រដ្ឋបាលខេត្ត​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ បន្ថែមទៀត ដោយ​ក្នុងនោះ​ខេត្ត​នឹង​រៀបចំ​ធ្វើ​បទ​បង្ហាញ​នូវ​ចំណុច​សំខាន់ៗ​ជា​គោ​លន​យោ​បាល សក្តានុពល និង​ឱកាស​ផ្សេងៗ​ធ្វើយ៉ាងណា​ឱ្យ​វិនិយោគិន​ជាតិ និង​អន្តរជាតិ អាច​មើលឃើញ​នូវ​សក្តានុពល និង​ឱកាស​វិនិយោគ​នៅក្នុង​ខេត្ត ជាពិសេស​អាជ្ញាធរ​គ្រប់លំដាប់​ថ្នា់ក់​នឹង​ត្រៀម​សហការ និង​សម្របសម្រួល​លើ​ការងារ​ផ្សេងៗ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​ចំណែក អភិបាលខេត្ត​កំពង់​ស្ពឹ លោក វ៉ី សំណាង ក៏បាន​ឱ្យដឹង​ដែរ​ថា លោក​ធ្លាប់​បានទទួល​បទបញ្ជា​ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​អាណត្តិ​មុន​ដែរ ដែល​បាន​ជំរុញ​ឱ្យ​បណ្តា​ខេត្ត​នីមួយៗ​ទាក់ទាញ​វិនិយោគិន​មក​អភិវឌ្ឍ​នៅក្នុង​ខេត្ត​របស់ខ្លួន​។​

​លោក វ៉ី សំណាង បាន​ប្រាប់ថា ៖ «​នៅពេលនោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​ខ្ញុំ​ថា កាំភ្លើង​ធំ​បាញ់​ហើយ យើង​កាំភ្លើង​តូច​ត្រូវតែ​ប្រឹងប្រែង​បន្ត មិនមែន​យើង​ប្រើប្រាស់​កាំភ្លើង​ធំ​តែមួយ​មុខ​នេះ​ទេ​»​។​

​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បន្តថា ដោយ​ទទួលបាន​នូវ​បណ្តាំ​នេះ លោក​តែងតែ​យក​ចិ​តុ្ត​ទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​កៀរគរ​វិនិយោគិន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ​ជា​បន្តបន្ទាប់ រហូតមក​ទល់នឹង​អាណត្តិ​ថ្មី​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដោយឡែក​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺជា​រឿង​ត្រឹមត្រូវ​ហើយ​ខ្ញុំ​នឹង​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​វិនិយោគិន​មកកាន់​ខេត្តកំពង់ស្ពឺ​ឱ្យ​កាន់តែច្រើន​ថែមទៀត​»៕