ភ្នំពេញៈ ​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ (NBC) បាន​ឱ្យដឹ​ងថា ក្រោយ​ពី​ការដាក់​ឱ្យ​ដេញ​ថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេ​រិក​ចំនួន​ ៤ ​លើក​ ក្នុង​រយៈ​ពេល ២​ សប្តាហ៍​មក ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​បាន​ធ្លាក់​មក​ដល់​កម្រិត​សម​ស្រប​តាម​ស្ថាន​ភាព​ទីផ្សារ ​ប៉ុន្តែ​ NBC នឹង​បន្តធ្វើ​អន្ត​រាគមន៍​តាម​ការ​ចាំបាច់​រហូត​ដល់​អត្រា​ប្តូរប្រាក់​ស្ថិត​ក្នុង​កម្រិត​មួយ​សម​ស្រប​។​

​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ NBC ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​១៨ ​ខែ​កញ្ញា ឆ្នាំ​ ២០២៣ ​បាន​បញ្ជាក់​ថា ​ដោយ​ពិនិត្យ​ឃើញ​ពី​ការ​ប្រែ​ប្រួល​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​នៅលើ​ទីផ្សារ​អន្តរជាតិ​ និង​ការវិវឌ្ឍ​នៃ​ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​និង​ពេល​ខាង​មុខ​ ធនា​គារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​គ្រប់​គ្រង​សម្ពាធ​លើ​អត្រា​ប្តូរប្រាក់​បន្ថែម​ទៀត​។


​ក្នុង​គោល​ដៅ​នេះ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​បន្តធ្វើ​អន្ត​រាគមន៍​តាម​ការចាំបា​ច់ រហូត​ដល់អ​ត្រា​ប្តូរប្រាក់​ស្ថិត​ក្នុង​កម្រិត​មួយ​សម​ស្រប​ដែល​ជួយ​ពង្រឹង​អំណាច​ទិញ​របស់​ប្រាក់​រៀលនិ​ង​រួមចំ​ណែក​គាំទ្រ​ការបន្ត​ងើប​ឡើង​នៃ​សេដ្ឋ​កិច្ច​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​លោក​ អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិ​បត្តិ​នៃ​ធនា​គារ​អេស៊ី​លីដាបា​ន​ប្រាប់​នៅ​ថ្ងៃទី​១៩ ​ខែកញ្ញា​ថា ការ​ធ្វើ​អន្ត​រាគមន៍រ​បស់​ធនា​គារ​ជាតិ​នា​ពេល​កន្លង​មក បាន​ធ្វើឱ្យ​អត្រា​ប្រាក់​រៀល​រក្សា​តម្លៃ​បានល្អ​ប្រសើរ​ហើយ​ តែ​វា​នឹង​កាន់តែ​ប្រសើរ​ទៀត​នៅ​ពេល​ធនាគារ​ជាតិ​បន្តធ្វើ​អន្ត​រាគមន៍​លើ​ការរក្សា​ស្ថិរភាព​នៃ​អត្រា​ប្តូរ​ប្រាក់​នេះ​។​


​លោក​បាន​បន្ត​ថា ចំពោះ​រូបិយ​ប័ណ្ណ​បរទេស​ ធនាគារ​ជាតិ​មិន​មាន​សិទ្ធិ​នោះទេ​ ប៉ុន្តែ​អ្វីដែល​ធនា​គារជា​តិ​អាច​ធ្វើ​បាន ​គឺ​ការ​រក្សា​ស្ថិរភា​ព​រូបិយ​ប័ណ្ណ​ប្រាក់​រៀល ដែល​ជា​រូបិយ​ប័ណ្ណ​របស់​ខ្មែរ ។​

​លោក​​បាន​បញ្ជាក់​ថា៖ «​ឃើញ​ថា​ អ្វី​ដែល​ធនាគារ​ជាតិ​បា​នធ្វើ​នា​ពេល​កន្លង​មក ​ឃើញ​ថា​ ប្រាក់​រៀល​យើង​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ហើ​យ​ការ​បន្ត​ធ្វើ​អន្តរា​គមន៍​បន្ថែមទៀ​ត​ពី​ធនាគា​រជាតិ​នេះ គឺ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ឱ្យ​ប្រាក់​រៀល​របស់​យើង​រក្សា​តម្លៃ​ល្អ​ត​ទៅ​មុខ​ទៀត ​ព្រោះថា​ ការងារ​នេះ​មិន​មែន​ធ្វើ​តែ​ម្តង​ហើយ​នោះ​ទេ គឺ​គេ​ធ្វើ​ឡើង​នៅ​ពេល​ណា​ដែល​គេ​យល់​ឃើញ​ថា វា​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​»​។​

​បើតាម​ប្រធាន​នាយក​ប្រតិ​បត្តិ​នៃ​ធនាគា​រ​អេស៊ីលី​ដា ​ធនា​គារ​នេះ​បាន​ចូល​រួម​ដេញ​ថ្លែ​ចំនួន​៦​លើក​រួចម​កហើយ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​២៤​លាន​ដុល្លារ​។​

​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​លោក​ ហុង វណ្ណៈ បាន​ឱ្យដឹង​ដែរ​ថា ​ការ​ធ្វើ​អន្ត​រាគមន៍​សាច់​ប្រាក់​នៅ​ក្នុង​ទីផ្សារ​ហិ​រញ្ញ​វត្ថុ​នៅ​កម្ពុជា​ជា​ភារកិច្ច​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ហើយ​វា​ជាការ​សម​ស្រប​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន​។​

​លោក​បាន​ថ្លែង​ថា ប្រសិន​បើ​មិន​មាន​ការ​ធ្វើ​អន្តរា​គមន៍​បាន​ទាន់​ពេល​វេលា​ទេ​នោះ​បញ្ហា​អត្រា​ប្តូរប្រាក់​នឹង​មាន​ការ​ប្រែ​ប្រួល ដែល​អាច​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​រៀល​រប​ស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​។​

​លោក​ហុង វណ្ណៈ​ បាន​បញ្ជាក់​ថា​៖«​នេះ​ជា​វិធាន​ការ​ល្អស​ម្រាប់​ធានា​នូវ​អត្រា​ប្តូរប្រាក់​រវាង​ប្រាក់​រៀល​និង​ប្រាក់​ដុល្លារ​។​ចំណុច​មួយ​ទៀត​ខ្ញុំ​យល់​ឃើញ​ថា កា​រងារ​នេះ​គឺជា​ការងារ​ចំពោះមុ​ខ ដែល​លុះ​ណាតែ​​ស្ថា​ប័ន​ពាក់​ព័ន្ធ​របស់​រាជ​រដ្ឋាភិ​បាល​ខិតខំ​បន្ថែម​ទៀត​ ដោ​យរក​វិធី​សាស្ត្រ​ជំរុញ​ការ​ចាយ​ប្រាក់​រៀល​ក្នុងស្រុ​ក​ ជាពិ​សេស​ជំរុញ​ការ​ផលិត​នូវ​ផលិត​ផល​ក្នុង​ស្រុក ហើយ​ជំរុញ​ការ​ប្រើ​ប្រាស់​ឱ្យបាន​ជា​អតិប​រមា​»​។

​បើ​តាម​ NBC​ ការធ្វើ​អន្ត​រាគមន៍​គ្រោង​នឹងធ្វើ​ឡើង​ចំនួន​២​ដង ​ក្នុង​១​សប្តាហ៍ ​គឺ​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ ​សម្រាប់​រយៈ​ពេល​៤​សប្តាហ៍​ត​ទៅ​មុខ​ទៀត​៕