ភ្នំពេញៈ កម្ពុជា​-​នី​ហ្សេ​រី​យ៉ា បាន​សន្យា​នឹង​ខិតខំ​រក​មធ្យោបាយ​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ ឱ្យមាន​ទំហំ​កាន់តែ​ធំ​បន្ថែមទៀត ខណៈ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ ជាពិសេស​អង្ករ​អាច​នឹងមាន​សក្តា​នុព​ល​ខ្ពស់​សម្រាប់​ការនាំ​ចេញទៅ​ទីនោះ​។​

​ការសន្យា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោកស្រី Folakemi I. Akinleye ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហព័ន្ធ​នី​ហ្សេ​រី​យ៉ា​នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​។​


​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) លោក​លន់​យ៉េ​ង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២០ ខែកញ្ញា​ថា ទោះបី​នី​ហ្សេ​រី​យ៉ា​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ប៉ុន្តែ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ទីនោះ​គឺមាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ ដោយ​បច្ចុប្បន្ន​ទីផ្សារ​នាំចេញ​អង្ករ​ធំ​របស់​កម្ពុជា​ទៅ​ទ្វីបអាហ្វ្រិក គឺ​ប្រទេស​ហ្គា​បុ​ង ហ្គា​ណា និង​កូ​ឌី​វ័រ ជាដើម​។ លោក​បន្តថា បើ​នី​ហ្សេ​រី​យ៉ា​អាច​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុ​ជាច្រើន​នោះ ជាការ​ល្អ​ណាស់ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​គុណភាព និង​តម្លៃ​អង្ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​លើកទឹកចិត្ត​ប្រជាកសិករ និង​អ្នកវិនិយោគ​ឱ្យ​បង្កើន​ការវិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖«​ក្នុងនាម​ជា​អ្នក​នាំចេញ​អង្ករ​យើង​តែង​ខិតខំ​ជំរុញ​ការនាំចេញ​ឱ្យបាន​កាន់តែច្រើន​គោលដៅ​។ គ្រប់​ប្រទេស គឺជា​គោលដៅ​នាំ​ការនាំចេញ​អង្ករ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​»​។​


​ទោះយ៉ាងណា លោក លន់ យ៉េ​ង ប្រាប់ថា ការវិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​នៅ​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក​ក៏​កំពុង​កើនឡើង​ផងដែរ​នាពេលនេះ​។​

​របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យដឹងថា​ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៤០១ ៦៩៩​តោន ស្មើនឹង​ជិត​៥៨​ភាគរយ​នៃ​ផែនការ​នាំចេញ​អង្ករ​ចំនួន ៧០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២៣​។ ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​ខាងលើ គឺ​ប្រមាណ ២៧៨,៦៥​លាន​ដុល្លារ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា បើ​កម្ពុជា​អាច​ជំរុញ​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​គឺជា​ការល្អ​ណាស់​ព្រោះ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន​(​ប្រមាណ​ជាង ២៣០​លាន​នាក់​) និង​មាន​សេដ្ឋកិច្ច​ធំ​ផងដែរ​លើ​ពិភពលោក​។ ជាមួយនឹង​សមត្ថភាព​ផលិត​ដែលមាន​លក្ខណៈ​កាន់តែ​ចម្រុះ​នាពេលនេះ គឺ​កម្ពុជា​ប្រាកដ​ជាមាន​ផលិតផល​ច្រើន​ដែល​ត្រូវ​នឹង​តម្រូវការ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​លោក​បន្តថា​៖«​ខ្ញុំ​សង្ឃឹមថា​នៅពេល​ខាងមុខនេះ​ទំនិញ​កម្ពុជា​នឹងមាន​វត្តមាន​ច្រើន​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ខណៈ​កត្តា​ចំនួន​ប្រជាជន​ច្រើន គឺជា​អ្វីដែល​អ្នក​នាំចេញ​ចង់បាន​»​។​

​កាលពី​ខែកក្កដា ឆ្នាំ​២០២២ នៅក្នុង​ជំនួប​ជាមួយ​លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកស្រី Folakemi I. Akinleye ធ្លាប់បាន​លើកឡើងថា នី​ហ្សេ​រី​យ៉ា មាន​ចំណាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា​ទាក់ទង​នឹង​ការអភិវឌ្ឍ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស កសិកម្ម និង​បាន​ស្នើឱ្យ​កម្ពុជា​-​នី​ហ្សេ​រី​យ៉ាព​ង្រឹ​ង​ទំនាក់ទំនង​ពាណិជ្ជកម្ម​-​វិនិយោគ តាមរយៈ​ការពិនិត្យ​លទ្ធភាព​វិនិយោគ​រួមគ្នា​លើ​វិស័យ​អាទិភាព​មួយចំនួន ដើម្បី​បម្រើ​សេចក្តីត្រូវការ​ទៅវិញទៅមក និង​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​លោក ឱក ប៊ុង បានស្នើ​ឱ្យ​នី​ហ្សេ​រី​យ៉ា ពិចារណា​លើ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ដូចជា ផលិតផល​សម្លៀកបំពាក់​ស្បែកជើង​សម្ភារ​ធ្វើដំណើរ​កង់ និង​កសិផល​(​អង្ករ ដំឡូង​មី ផ្លែ​មៀន និង​ស្វាយ​ជាដើម​)​។ បន្ថែម​លើ​នេះ លោក​ក៏​ស្នើឱ្យ​មានដំណើរ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​នី​ហ្សេ​រី​យ៉ា​ដើម្បី​ស្វែងយល់​ពី​បរិយាកាស​ធុរកិច្ច និង​វិនិយោគ និង​វិស័យ​សក្តានុពល​គួរ​វិនិយោគ​រវាង​ប្រទេស​ទាំង​២៕