ភ្នំពេញ​: ធនាគារ អេស៊ីលីដា នឹង​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​របស់​ប្រទេស​ថៃ ដើម្បី​ប្រមូល​មូលនិធិ​ចំនួន ១០០ លាន​ដុល្លារ​ សម្រាប់​ការពង្រីក​អាជីវកម្ម ជាពិសេស​ការផ្តល់ប្រាក់​កម្ចី​សម្រាប់​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ។​ការចុះបញ្ជី​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ថ្មី​មួយ​សម្រាប់​ធនាគារ​មួយ​នេះ​ក្នុងការ​ក្លាយជា​ក្រុមហ៊ុន​ក្នុងស្រុក​ដំបូង​គេ​ចុះបញ្ជី​នៅ​បរទេស​។​

​យោងតាម​ការជូនដំណឹង​របស់​ធនាគារ​ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា ធនាគារ​នេះ ទទួលបាន​ការអនុញ្ញាត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងការ​បោះផ្សាយ​លក់សញ្ញា​បណ្ណ​ជា​ប្រាក់​បាត​នៅ​ថៃ​។​ ធនាគារ​នេះ នឹង​ចុះបញ្ជី​នៅក្នុង​សមាគម​ទីផ្សារ​មូល​ប​ត្រ​បំណុល​ថៃ (ThaiBMA) សម្រាប់​មូល​ប​ត្រ​​បំណុល​រយៈពេល​វែង​ជាមួយនឹង​ភាគហ៊ុន​ចំនួន ៤៣៣ ១៦៣ ០១៩​ ភាគហ៊ុន និង​មានតម្លៃ ១ ​ម៉ឺន​ ២០ ​រៀល​ក្នុង​ ១ ​ហ៊ុន​។ ការបោះ​ផ្សាយ​សញ្ញា​បណ្ណ នៅ​ប្រទេស​ថៃ ដែលមាន​ទំហំ​រហូតដល់ ១០០ ​លាន​ដុល្លារ​អាមេរិក​សមមូល​ជា​ប្រាក់​បាត​ថៃ សម្រាប់​រយៈពេល ៧​ ឆ្នាំ​។​


​លោក អ៊ិ​ន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​​ ២០ ខែកញ្ញា​ថា ជាមួយនឹង​ការចុះបញ្ជី​នេះ​នឹង​ផ្តល់ឱ្យ​ធនាគារ​នេះ​នូវ​លទ្ធភាព​កាន់តែច្រើន​ក្នុងការ​ផ្តល់​ប្រភព​មូលនិធិ​ចម្រុះ​ក្នុង និង​ក្រៅប្រទេស​តាមរយៈ​ទីផ្សារ​មូលធន​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​តែមាន​ប្រភព​មូលនិធិ​ចម្រុះ​នៅក្នុង​ប្រទេស​ថៃ ហើយ (​យើង​ចង់​) បង្កើត​ភាពសម្បូរ​បែប​នៃ​មូលនិធិ ក្នុងនាម​ជា​វិនិយោគិន យើង​ចាំបាច់​ត្រូវ​កសាង និង​ពង្រីក​មូលនិធិ​រយៈពេល​វែង​ជាស​កល រួមទាំង​ប្រទេស​ថៃ​ផងដែរ​។ យើង​កំពុង​កៀរគរ​មូលនិធិ​រយៈពេល​ខ្លី​ពី​ការ​សន្សំ និង​ប្រាក់​បញ្ញើ​ភាគច្រើន​រយៈពេល​ខ្លី​ពី ១ ​ទៅ ២ ​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​»​។


​លោក ស៊ូ សុជាតិ អគ្គនាយក​​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) បានបញ្ជាក់​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែកញ្ញា ថា​ដោយសារ​ធនាគារ​ព្យាយាម​ស្វែងរក​ប្រភព​មូលនិធិ​ចម្រុះ​តាមរយៈ​ការចុះបញ្ជី​ក្នុងស្រុក និង​ក្រៅប្រទេស ធនាគារ​ក៏ត្រូវ​អនុវត្តតាម SERC និង​និយតករ​ប្តូរប្រាក់​របស់​ថៃ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​មិនមាន​បទ​​ប្បញ្ញត្តិ​ណាមួយ​ហាមឃាត់​ក្រុមហ៊ុន​ចុះបញ្ជី​ទៅ​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​នៅ​បរទេស​នោះទេ​។ ទោះយ៉ាងណា​ក៏ដោយ ធនាគារ​ត្រូវ​អនុវត្តតាម​គោលការណ៍​ក្នុងស្រុក​របស់​យើង​ក៏ដូចជា​បទ​ប្បញ្ញត្តិ​នៅ​ប្រទេស​ថៃ​ផងដែរ​។ រហូតមកដល់​ពេលនេះ ធនាគារ​នេះ ត្រូវ​រៀបចំ​ការងារ​ផ្ទៃក្នុង​របស់ខ្លួន​សម្រាប់​ដំណើរ​ការបន្ត​»​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហើយ​បាន​ប្រមូល​មូលនិធិ​បាន ១៧,៥​ លាន​ដុល្លារ​អាមេរិក ក្នុងការ​បោះផ្សាយ​លក់​មូ​លប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​។ កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ក្នុង​ឆ្នាំ ​២០២១ ធនាគារ​អេស៊ីលីដា​បានទទួល​ការអនុញ្ញាត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដើម្បី​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៅលើ​ផ្សា​រមូល​ប​ត្រ​​កម្ពុជា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ធនាគារ​មួយ​នេះ មិនទាន់​ចេញ​នៅឡើយ​ទេ​៕