​ភ្នំពេញៈ សហប្រធាន​ក្រុមការងារ ​«​ខ​» «​ផ្នែក​ទេសចរណ៍​»​ ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លោក លូ ម៉េង មាន​សុទិដ្ឋិនិយម​ថា បញ្ហា​មួយចំនួន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នឹង​អាចមាន​ដំណោះស្រាយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ខណៈដំណើរ​​ការប្រមូល​បញ្ហា​រួម​នៅក្នុង​វិស័យ​ទេសចរណ៍ កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​រលូន​។​

​ផ្នែក​ឯកជន​ក្រុមការងារ «​ខ​» «​ផ្នែក​ទេសចរណ៍​» នៃ​វេទិកា​រាជរដ្ឋាភិបាល​​ផ្នែក​ឯកជន កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​មួយ ​(G-PSF)​ ដើម្បី​បន្ត​ពិភាក្សាគ្នា​លើ​បញ្ហា​ចាស់ៗ​នៅ​សេសសល់ និង​កំពុង​បន្ត​កើតមាន​នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដើម្បី​ពិនិត្យ និង​ស្នើសុំ​ដំណោះស្រាយ​ពី​សំណាក់​ដៃគូ ពិសេស​ក្រសួង​ទេស​ចរណ៍ មុននឹង​ឈានដល់​វេទិកា​រាជ​​រដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​១៩ ដែល​បានកំណត់​យក​ថ្ងៃទី ​១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​


​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ខែ​កញ្ញា លោក លូ ម៉េង បានឱ្យដឹងថា កិច្ច​ប្រជុំ​ខាងលើ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ស្វែងរក​បញ្ហា​ប្រឈម​ដែល​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ដើម្បីឱ្យ​ក្រសួងទេសចរណ៍​ពិនិត្យ និង​ជួយ​រក​ដំណោះស្រាយ ហើយ​អាចមាន​បញ្ហា​មួយចំនួន​នឹង​ឈានទៅ​ដោះស្រាយ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន នាពេលខាងមុខ​ផងដែរ​។ មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​ខាងលើ​។

លោក​បន្តថា តាមរយៈ​ធាតុ​ចូល​ដែល​ប្រមូលបាន ផ្នែក​ឯកជន​នៃ​ក្រុមការងារ​ «​ខ​» នឹង​ពិនិត្យមើល​លើ​បញ្ហា​ប្រឈម​ទាំងអស់​ដែល​ផ្នែក​ពាក់​ព័ន្ធ​បានលើកឡើង ដើម្បី​រៀបចំ​ជា​សំណើ​រួម​។


​លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា បញ្ហា​ប្រឈម​រួម​ដែល​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ជួបប្រទះ​នឹងត្រូវ​រាជរដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ ខណៈ​ប្រមុខ​រាជ​​រដ្ឋាភិបាល ថ្មីៗ​នេះ​បាន​លើកឡើងថា ផ្នែក​ឯកជន​គឺជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។​

​លោក​ថា ចាប់តាំងពី​មាន​វត្តមាន​ជំងឺ​កូ​វីដ ​១៩ មក វិស័យ​ទេសចរណ៍​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​សុទ្ធតែ​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា ទោះបី​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ លើ​ពិភពលោក​បាន​បិទ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ក៏ដោយ ក៏​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​នៅតែមាន​ចំនួន​តិចតួច​នៅឡើយ ពិសេស​ភ្ញៀវទេសចរ​បរទេស​។ បញ្ហា​នេះ​បាន​បន្ត​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ទាំង​ឱកាស​ការងារ ប្រាក់ចំណូល​ដែល​ទាម​ទារ​ឱ្យមាន​ការជួយ​ពី​រដ្ឋាភិបាល​។​

​យោងតាម​ក្រសួងទេសចរណ៍​ក្នុង​រយៈពេល ៧ ​ខែ ឆ្នាំ​ ២០២៣ នេះ​កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជិត ៣,០៤ ​លាន​នាក់ កើនឡើង ៣០៨,៥​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​៕