អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា លោក Arindam Bagchi បាននិយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ឥណ្ឌា​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​កាណាដា ដោយសារតែ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ដល់​បុគ្គលិក​នៅក្នុង​ស្ថាន​កុងស៊ុល​របស់​ខ្លួននៅក្នុង​ប្រទេស​កាណាដា។

ពាក់ព័ន្ធនឹង​រឿងនេះ លោក Arindam ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ស្ថានភាព​សន្តិសុខ​ដោយសារតែ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កាណាដា បានបណ្តាល​ឱ្យ​មានការរំខាន​យ៉ាងខ្លាំង ដែលជំរុញ​ឱ្យយើង​ត្រូវផ្អាក​សកម្មភាព​ស្នើ​សុំ​ទិដ្ឋាការ​សិន»។

យ៉ាងណាមិញ មុននឹង​ឈានដល់​ដំណាក់កាល​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​នេះ កាលពី​ថ្ងៃអង្គារ​កន្លងទៅ​ប្រទស​ឥណ្ឌា​ក៏ទើបតែ​បណ្ដេញ​អ្នកការទូត​កំពូល​ម្នាក់​របស់​កាណាដា​ចេញពី​ប្រទេស​ខ្លួន​ផងដែរ។


រីឯ ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​បានកើនឡើង​នៅដើម​សប្តាហ៍​នេះ នៅពេល​ដែល​កាណាដា​នៅតែ​បន្ត​ការចោទប្រកាន់​ថា​រដ្ឋាភិបាល​ឥណ្ឌា​មានការពាក់ព័ន្ធ​ទៅនឹង​ករណី​សម្លាប់​មេ​សាសនា ស្ស៊ីក (Sikh) កាលពី​ខែមិថុនា​កន្លងទៅ។ ការចោទប្រកាន់​របស់​កាណាដា​ទៅលើ​ឥណ្ឌា​បែបនេះ បានរុញ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់​ទៅពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ។

គួររំឭក​ថា ជាញឹកញាប់ ឥណ្ឌា​តែង​ត្អូញត្អែរ​ទៅកាន់​រដ្ឋាភិបាល​កាណាដា​អំពី​សកម្មភាព​ប្រឆាំង​របស់ ក្រុម​អ្នកកាន់​សាសនា ស្ស៊ីក ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា ក៏ដូចជា​ទង្វើ​របស់​រដ្ឋាភិបាល​កាណាដា​ដែលផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​ក្រុម​អ្នកកាន់​សាសនា​ផ្ដាច់​ខ្លួននេះ។


គួរបញ្ជាក់​ថា ប្រទេស​កាណាដា​គឺជា​ជម្រក​របស់​សហគមន៍​ដ៏ធំ​បំផុតមួយ​នៃ​ប្រជាជន​ដែលមាន​ដើម​កំណើត​ឥណ្ឌា ដែលមាន​ចំនួន​ប្រហែល ១,៤ លាន​នាក់ ក្នុង​ចំណោម​ប្រជាជន​កាណាដា​សរុប​ចំនួន ៤០ លាន​នាក់ ក្នុងនោះ មនុស្ស​ប្រហែល ៧៧០ ០០០ ជាអ្នក​កាន់​សាសនា ស្ស៊ីក។

ដោយឡែក ភាព​ល្អក់​កករ​នៃប្រទេស​ទាំងពីរ​នេះ​អាចនឹង​ប៉ះពាល់​ដល់​ភាពជាដៃគូ​ពាណិជ្ជកម្ម​ដោយហេតុថា​ឥណ្ឌា​គឺជាដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ទី១០ របស់​កាណាដា៕