រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា និងឯកអគ្គរដ្ឋទូត​ឥណ្ឌា បានពិភាក្សាគ្នា ក្នុងការផ្តួចផ្តើម​ឱ្យបង្កើត​កញ្ចប់​ទេសចរណ៍​បែបជំនឿ និងសាសនា សម្រាប់​លំហូរទេសចរណ៍ និងជំរុញ​ឱ្យមាន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង២។

ការផ្តួចផ្តើមគំនិត​នេះ ធ្វើឡើង​នៅក្នុងជំនួប​រវាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ និង លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព នៃសាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​ព្រះរាជាណា​ចក្រកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេស​កម្ពុជា។


សេចក្តីប្រកាសព័ត៌មាន​របស់​​ក្រសួង​ទេសចរណ៍​ស្តីពី​ជំនួប​នេះបានឱ្យដឹងថា ភាគីទាំង២​បានផ្លាស់ប្តូរ​យោបល់គ្នា​ក្នុងការជំរុញ​វិនិយោគ របស់​ឥណ្ឌា​លើឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ជាពិសេស​ការផ្តួចផ្តើម​គំនិត​ឱ្យបង្កើត​កញ្ចប់ទេសចរណ៍​បែបជំនឿ និងសាសនា, ការឯកភាពគ្នា​ក្នុងការជំរុញ​ឱ្យ​មានជើងហោះហើរត្រង់​រវាងទីក្រុង​ភ្នំពេញ និងទីក្រុង​ញូដែល តាមរយៈ​ក្រុមហ៊ុន Cambodia Angkor Air ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​រវាងប្រទេស​ទាំង២​ឱ្យកាន់តែ​ច្រើន។

តាមរយៈ​សេចក្តីប្រកាសព័ត៌មាន​ដដែល លោក សុខ សូកេន អរគុណ​ចំពោះស្ថានទូត​នៃសាធារណរដ្ឋ​ឥណ្ឌា​ប្រចាំនៅ​កម្ពុជា និងរដ្ឋាភិបាល​នៃសាធារណរដ្ឋឥណ្ឌា សម្រាប់ការគាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​របស់ កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍​ដែលមានផល​រហ័ស (Quick Impact Projects - QIP) ចំនួន០៣ រួមមាន ១ ការអភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ ដើម្បីផ្សព្វផ្សាយ​សហគមន៍ និងអេកូទេសចរណ៍ ២ ការលើកកម្ពស់​សកម្មភាព​អេកូទេសចរណ៍​នៅក្នុង​សហគមន៍អេកូទេសចរណ៍​ផាត់សណ្ដាយ នៅខេត្ត​កំពង់ធំ និង៣ ការលើកកម្ពស់​ការអភិវឌ្ឍ​សហគមន៍​អេកូទេសចរណ៍​បឹងស្នេហ៍ នៅខេត្ត​ព្រៃវែង»។


ជាមួយគ្នា​នោះដែរ លោកស្រី Devyani Khobragade បានលើកឡើង​ពីកាលានុវត្តភាព និងសក្តានុពល​នានា​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុងការលើកកម្ពស់ និងអភិវឌ្ឍ​វិស័យទេសចរណ៍​នៃប្រទេសទាំង២​ក្នុងគោលដៅ​ជំរុញលំហូរ​ទេសចរ​ទៅវិញទៅមក​ឱ្យកាន់តែ​ប្រសើរឡើង។

លោកជំទាវ​អគ្គរដ្ឋទូត ក៏បានកោត​សរសើរ​កម្ពុជា ក្នុងកិច្ច​ការពារ និងអភិរក្សសម្បត្តិ​វប្បធម៌ ពិសេសការដាក់​បញ្ចូល​ប្រាសាទព្រះវិហារ​ចូលទៅក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក​របស់អង្គការ​យូណេស្កូ។

សូមជម្រាប​ថា ឆ្នាំ២០២៣នេះ ជាខួបលើក​ទី៧១ នៃការបង្កើត​ទំនាក់ទំនងការទូត រវាង​កម្ពុជា និងឥណ្ឌា ហើយថ្នាក់នាំ​ទាំង២​បានប្ដេជ្ញា​ចិត្តរួមគ្នា​ក្នុងការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​បន្ថែមទៀត តាមរយៈការលើកកម្ពស់​ទំនាក់ទំនង សង្គម-វប្បធម៌-សេដ្ឋកិច្ច ទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន៕