កម្ពុជា និងអូស្ត្រាលី រួមគ្នាដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៣ ក្នុងន័យគាំទ្រសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី ទទួលបានស្តង់ដាសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានរួម បានឱ្យដឹងថា ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។ គំនិតផ្តួចផ្តើមនេះ ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។
ប្រភពដដែលបញ្ជាក់ថា កិច្ចការងារធំៗទាំង៣នៃភាពជាដៃគូនេះរួមមាន ១ មូលនិធិកែច្នៃចំណីអាហារ គឺផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្ដង់ដាសុវត្ថិភាពចំណីអាហារ។
២ វិស័យសេវាកម្មកែច្នៃចំណីអាហារ គឺជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួល បានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។ ទី៣ កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ គឺការប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «អូស្ត្រាលី ប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឱ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា»។
ជាមួយគ្នានេះដែរលោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាំងក្នុងស្រុក និងក្រៅស្រុក មូលនិធិនេះនឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងផ្តល់ឱ្យពួកគេនូវធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ៕