​ភ្នំពេញៈ​​ ក្រុមហ៊ុន​ ​Cam​bodia Tienit International Trading គ្រោង​នឹង​បង្កើន​នាំ​ចេញ​បង្កង​កណ្តូប ​ឬ​ប្រកាំង​ធម្ម​ជាតិ​៦​លើក​ទៀត​ស្មើ​នឹង​ប្រមាណ ​១ ០៥០ ​គី​ឡូក្រាម​ ទៅ​កាន់ទីផ្សារ​ប្រទេស​ចិន​ ក្រោយពី​ក្រុមហ៊ុន​បាន​នាំចេញ​ ២ ​ដង​ដោយ​ជោ​គជ័យ ​និង​ទទួល​បាន​គាំទ្រ​ច្រើន​ពី​ទីផ្សារ​ចិន​។​

​លោក​ ជា គឹម​ឡុង ទីប្រឹក្សា​ក្រុម​ហ៊ុន​CambodiaTienit International Trading បាន​ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​ ឆ្នាំ​២០២៣ ថា ​ក្រោយ​ពី​ក្រុម​ហ៊ុន​បាន​នាំ​ចេញ​បង្កង​កណ្តូប ​ឬ​ប្រកាំង​ធម្មជាតិ​ លើក​ទី​១ (​នាំចេញ​សាក​ល្បង​)៤៥​គីឡូ​ក្រាម​ និង​បន្តលើក​ទី​២ ១០៥​គីឡូ​ក្រាមដោយ​ជោគ​ជ័យ​​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ស្នើ​ទៅ​ខាង​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​​ក្នុង​ការ​ត្រៀម​នាំ​ចេញ​៦​លើក​ទៀត​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។


​លោក​ថា ការ​នាំ​ចេញ​បង្កង​កណ្តូប​ដោយ​ជោគ​ជ័យ​នេះ​ មាន​ន័យ​ថា បង្កង​ដែល​ទៅដល់​ទីផ្សារ​ចិន គឺជា​របស់​ធម្មជាតិ​ ហើយ​នៅ​រស់​ទាំង​អស់​នៅ​ពេល​ទៅ​ដល់​ប្រទេស​ចិន ​ខណៈ​ផលិត​ផល​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ​ពី​ខាង​ប្រជា​ជន​ចិន​។​

​លោក ​គឹម​ឡុង បាន​បញ្ជាក់​ថា​៖«​ខាង​ក្រុម​ហ៊ុន​ស្នើសុំ​គោល​ការណ៍​ទៅ​គយ​ទុក​ហើយ ​ដើម្បី​នាំចេញ​៦​ជើង​ទៀត​ ដែល​ស្មើនឹង​បរិមាណ​១០៥០​គីឡូ​ក្រាម​ ដោយ​ថ្ងៃ​ស្អែក​នេះ ទី​២៥​ ខែកញ្ញា​ យើង​នឹង​នាំ​ចេញ​១០៥​គីឡូ​ទៀត​ជា​ការ​នាំ​ចេញ​លើក​ទី​២​។​និយាយ​រួម​ក្នុង​១​សប្តាហ៍​យើង​នឹង​នាំចេញ​ប្រហែល​២១០​គីឡូ​ក្រាម​ ដោយ​អាច​នាំចេញ​២​ទៅ​៣​ដង តាម​បរិមាណ​ដែល​ទិញ​ពី​កសិករ​បាន​»​។​


​ទោះ​ជា​យ៉ាង​ណា ​ ក៏​នៅមាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ ដោយ​លោក ​គឹម​ឡុង បានអះអាង​ថា ដោយ​សារតែ​បង្កង​ប្រភេទ​នេះ ជា​ផលិត​ផល​ធម្ម​ជាតិ​ដូច្នេះ​ហើយ​ក្រុម​ហ៊ុន​ហាក់​មាន​ការ​លំបាក​បន្តិច​ទាក់​ទង​នឹង​ការប្រមូល​ទិញ​ពី​ប្រជា​នេសាទ ​ស្រប​ពេលដែ​ល​ទីផ្សារ​ចិន​មាន​តម្រូវ​ការ​ខ្ពស់​។​

​បើ​តាម​លោក ​គឹម​ឡុង​ ក្រុម​ហ៊ុន​CambodiaTienit International Trading នឹង​នាំ​ចេញ​ផលិត​ផល​ជល​ផល​សមុទ្រ​ដទៃ​ទៀត​ផង​ដែរ​នាពេ​ល​ខា​ងមុខ​​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ​កញ្ញា អ៊ឹម រចនា ធ្លាប់​បាន​ឱ្យ​ដឹង​​​ថា ការនាំ​ចេញ​បង្កង​កណ្តូប ​ដែ​លជា​ផលិត​ផល​ធ​ម្មជាតិ និង​ជា​ប្រភេទ​ជលផ​ល​ទឹ​កប្រៃ​នេះ គឺជា​សមិទ្ធ​ផល​ថ្មី​មួ​យទៀតដែល​បាន​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវកា​រ​។​

​ថ្វី​ដ្បិត​តែ​ការ​នាំចេញ​បង្កង​កណ្តូប​ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​គឺ​រឿង​ល្អ​ក៏ពិត​មែន​ ប៉ុន្តែ​កញ្ញា​ រច​នា ​បាន​អះអាង​ថា ដោយ​សារតែ​បង្កង​កណ្តូប​ ជា​ផលិត​ផល​ធម្មជាតិ​ខាង​រដ្ឋបា​ល​ជល​ផល​ក៏បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់​ដែរ​ចំពោះ​ការ​នាំ​ចេញ​នេះ​ដើម្បី​រក្សា​និរន្ត​រ​ភាព​នៃ​ផលិត​ផល​ធន​ធាន​ធម្ម​ជាតិ​។​

​កញ្ញា​បាន​បញ្ជាក់​ថា​៖«​ការនាំ​ចេញ​ក៏ត្រូវ​គិត​ដល់​ស្ថិរ​ភាព​នៃ​ធន​ធាន​ធម្មជាតិ​ដែរ​។ ក្រសួង​នឹង​ខិតខំ​ប្រឹង​ប្រែង​ធ្វើយ៉ាង​ណា ​ធ្វើឱ្យ​ការ​នាំ​ចេញ​ផលិត​ផល​ប្រភេទ​នេះ ឬក៏​ផលិត​ផល​ជល​ផល​ធម្មជា​តិ​ដទៃ​ទៀត ​ប្រក​បដោយ​និរន្ត​ភាព​និង​មិន​ប៉ះ​ពាល់​ដល់​ធន​ធាន​សមុទ្រ​ឡើយ​។​បើ​តាម​អ្នកជំ​នាញ​ជល​ផល​យើង មិ​នទា​ន់មាន​ប្រទេស​ណា​អាច​ចិ​ញ្ចឹ​ម​បង្កង​កណ្តូប​នេះ​បាន​នៅ​ឡើយ​ទេ​»​។​

​ទា​ក់ទង​នឹង​បង្កង​កណ្តូប​នេះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ​ហ៊ុន ម៉ា​ណែ​ត នា​អំឡុង​ពេល​ជួប​សំណេះសំណាល​ ជាមួ​យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​អាមេ​រិក ​និង​កា​ណាដា​ នៅ​ទីក្រុង​ញូវយ៉​ក សហរ​ដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​២៣ ​ខែកញ្ញា ​ក៏បាន​រំឭក​ពី​ការនាំ​ចេញ​បង្កង​កណ្តូប​ទៅ​កាន់​ទីផ្សារ​ចិន​នេះ​ដែរ ​ដោយ​លោក​អះអាង​ថា ​ការនាំ​ចេញ​លើក​ដំបូង​៤៥​គីឡូក្រា​ម​នៃ​បង្កង​កណ្តូប​នេះ​គឺជា​ការ​ធ្វើ​តេស្ត​សាក​ល្បង​ប៉ុណ្ណោះ​។​

​លោក​នាយ​ក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖«​ពេល​ដែល​ធ្វើតេស្ត​​សាកល្ប​ង​ហើយ គេ​នឹង​យក​ច្រើន​ជា​ងនេះទៀ​ត គេ​មិន​មែន​យកតែ​៤៥​គីឡូ​ហ្នឹង​ទេ ​ព្រោះ​បរិមាណ​នេះ​សូម្បីតែ​ហាង​មួយ​នៅ​ភ្នំពេញ​ទិញ​ទៅ​លក់​មិន​គ្រប់​ផង​។ គេ​យក​ទៅជា​ជំហាន​មួយ ​គេ​យក​ជា​Sample ទៅ​សិន ​ប៉ុន្តែ​មុន​នឹង​គេ​យក​Sample​នេះ គេ​សិក្សា​ច្បាស់​លាស់​អស់​ហើយ »​។​

​បើតាម​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​រហូត​មក​ទល់​ពេល​នេះ ​កម្ពុជាបាន​នាំចេញ​ផលិត​ផល​ជល​ផល​ និង​ផលិត​ផល​វារី​វប្បកម្ម​៤​មុខ​ហើយ ​ទាំង​ផ​លិ​ផល​ទឹក​សាប​និង​ទឹក​ប្រៃ ស្មើ​នឹង​បរិមាណ​ជាង​២៥​តោន​ទៅ​កាន់​ប្រទេស​ចិន​ជា​ផ្លូវ​ការ​ ដែល​ផលិតផ​ល​ទាំង​នោះ​​រួម​មាន​ដូច​ជា ត្រី​ប្រា​កែច្នៃ​រួច​ចំនួន​១៤​តោន ,​កំពឹស ​និង​អន្ទង់​បង្កក​១១​តោន​ និង​ចុង​ក្រោយ​នេះ គឺ​បង្កង​កណ្តូប​ ៤៥​គី​ឡូ​ក្រាម​​៕