​ភ្នំពេញៈ លោកស្រី Heather Wheeler ប្រេសិត​ពាណិជ្ជកម្ម​រប​ស់​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​​អង់គ្លេស​កំពុងតែ​ស្វែងរក​ការ​ពង្រីក​ពាណិជ្ជកម្ម និង​ការ​វិ​និ​យោគ​បន្ថែម​ជាមួយ​ប្រទេស​​កម្ពុជា ខណៈ​ប្រទេស​ទាំង​ ២ ​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​។​

​លោកស្រី Heather Wheeler សមាជិកសភា​ប្រេសិត​ពា​ណិ​ជ្ជ​កម្ម​របស់​នាយករដ្ឋមន្ត្រី​​ចក្រភព​អង់គ្លេស​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ​២៤ ​ថ្ងៃទី ​២៦ ខែកញ្ញា ខណៈ​លោកស្រី​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​កម្ពុជា​មួយចំនួន និង​ក្រុម​ធុរកិច្ច​​អង់គ្លេស និង​កម្ពុជា ដើម្បី​ស្វែង​​រក​ឱកាស​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ដែល​បាន​ផ្លាស់ប្តូរ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ (LDC)​។ នេះ​បើតាម​ការប្រកាស​របស់​រដ្ឋាភិបាល​ចក្រភព​អង់​​គ្លេ​ស​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍ ​ទទួល​​បាន​នៅ​ថ្ងៃទី ​២២ ខែកញ្ញា​។​


​លោកស្រី​ Heather Wheeler បានឱ្យដឹងថា លោកស្រី​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លើកដំបូង​ កាលពី​ឆ្នាំ ​២០២០ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កា​រិ​យា​​ល័យ​បរទេស Commonwealth និង​អភិវឌ្ឍន៍ ខណៈ​លោកស្រី​ក៏បាន​កត់​​សម្គាល់​ពី​ភាពប្រសើរឡើង​នៃ​ការ​អភិ​​វ​ឌ្ឍ​របស់​ប្រទេស​កម្ពុជា​។​

​លោកស្រី​ថ្លែងថា​៖ «​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុងការ​ត្រឡប់មកវិញ​ក្នុងតួនាទី​ថ្មី​របស់ខ្ញុំ​ក្នុងនាម​ជា​ប្រេសិត​ពាណិជ្ជ​​កម្ម​របស់​នាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​​វិនិយោគ​ជាមួយ​កម្ពុជា​។ ឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​រំភើប​មួយ​សម្រាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​ចក្រ​ភព​អង់គ្លេស និង​កម្ពុជា​»​។


លោកស្រី​បន្តថា​៖ «​នៅពេល​យើង​ប្រារព្ធ​ខួប​លើក​ទី​៧០ ​នៃ​ទំនាក់​ទំ​នង​ការទូត យើង​បានចាប់ផ្តើម​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​ជាច្រើន​ដែល​នឹង​បង្កើន​អាជីវ​​កម្ម​ក្នុងទិសដៅ​ទាំង​ ២ គាំទ្រ​ការងារ និង​ការរីកចម្រើន​នៅក្នុង​ប្រទេស​របស់​យើង​ទាំង​ ២»​។​

​លោកស្រី​លើកឡើងថា​៖ «​យើង​ចាប់​ផ្តើមធ្វើ​វេទិកា​ពាណិជ្ជកម្ម និង​ការ​វិ​និ​យោគ​រួមគ្នា​របស់​យើង ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​អាទិភាព​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ការងារ​ដៃគូ​វិនិយោគ​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស ហើយ​កំពុង​លើកទឹកចិត្ត​ក្រុមហ៊ុន​ផលិត​ចេញពី​កម្ពុជា​ឱ្យ​កាន់តែច្រើន​ដើម្បី​នាំ​ចេញទៅ​ចក្រភព​អង់គ្លេស​»​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចក្រភព​អង់គ្លេស​ កាលពី​ឆ្នាំ ​២០២២ បាន​ស្ទុះ​ងើបឡើង​វិញ​ដល់​កម្រិត​មុន​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ ​១៩ ដែលមាន​ជាង ១​ ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ចក្រភព​អង់គ្លេស​ភាគច្រើន​រួមមាន​សម្លៀកបំពាក់ ស្បែកជើង

និង​កង់​។ ​ប្រទេស​កម្ពុ​ជា មាន​លក្ខ​ណ​សម្បត្តិ​​គ្រប់គ្រាន់​សម្រាប់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​ទូលំទូលាយ ស្ថិតក្រោម​ផែនការ​ពា​ណិ​ជ្ជ​កម្ម​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ទើបនឹង​ដាក់ឱ្យ​ដំណើរការ​នាពេល​ថ្មីៗ​នេះ​របស់​ចក្រភព​អង់គ្លេស​។ ការណ៍​នេះ​ផ្តល់ឱ្យ​កម្ពុជា​នូវ​ការ​រួច​ពន្ធ និង​មិន​គិត​កូតា​អាច​ចូលទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​សម្រាប់​ផលិតផល ៩៩​ ភាគរយ​។​

​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ ​(GDCE)​ ទំហំ​នៃ​ការជួញដូរ​រវាង​កម្ពុ​ជា និង​ចក្រភព​អង់គ្លេស​បាន​កើន​ដល់ ៣១៥​ លាន​ដុល្លារ ​ក្នុង​រយៈពេល ៥​ ខែ​ដំបូង ​ឆ្នាំ ​២០២៣ ធ្លាក់ចុះ ១២,៦២​ ភាគ​​រយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។​

​លោក ហុង វណ្ណៈ សេដ្ឋវិទូ​នៅ​រាជ​​បណ្ឌិត្យសភា​សេដ្ឋកិច្ចកម្ពុជា បាន​ចាត់​​ទុក​ការធ្លាក់ចុះ​ពាណិជ្ជកម្ម​ជាមួយ​អតីត​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ ជាពិសេស​ការនាំចេញរ​បស់​កម្ពុជា ​គឺ​ដោយ​​សារ​តែ​ភាពចលាចល​នៃ​សេដ្ឋកិច្ច​ពិភព​លោក ដែល​បានចាប់ផ្តើម​ក្នុង​ឆមាស​ទី​២ ឆ្នាំ ​២០២២ ភាគច្រើន​បណ្ដាលមកពី​ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ លោក​បាន​កត់សម្គាល់ថា ពាណិជ្ជកម្ម​អន្តរជាតិ​មានការ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​ទីកន្លែង ជាពិសេស​ចំពោះ​ទំនិញ​មិន​​មែន​អាហារ​៕