ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ​(AIIB)​ លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់​គម្រោង​សុខភាព​សត្វ​ឆ្លងកាត់​ព្រំដែន និង​ការជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែចង្វាក់​តម្លៃ​សត្វ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៤៣ ​លាន​ដុល្លារ​អាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) កាលពី​ថ្ងៃទី​២៧ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ត្រូវបាន​ធ្វើឡើង​ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៨ នៃ​ក្រុមប្រឹក្សា​ទេសាភិបាល​ធនាគារ AIIB ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​២៥-២៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង Sharm el-Sheikh នៃ​ប្រទេស​អេ​ហ្ស៊ី​ប នៅពេលដែល​លោក ប៉ែន ធី​រុង្គ អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សេដ្ឋកិច្ច​ចូលរួម​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣​។​


​ជាមួយនឹង​ទឹកប្រាក់​សរុប​ចំនួន ៤៣​ លាន​ដុល្លារ​អាមេរិក​នេះ គឺ​ក្នុងនោះ​ហិរញ្ញប្បទាន​សម្បទាន​ពី AIIB ចំនួន ៣៣ ​លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​មូលនិធិ​បង្ការ​, ការត្រៀមខ្លួន និង​ការឆ្លើយតប​ជំងឺ​រាតត្បាត ចំនួន ១០​ លាន​ដុល្លារ​អាមេរិក​។​

​បើ​យោងតាម​ក្រសួង គម្រោង​នេះ​ជា​គម្រោង​សហ​ហិរញ្ញប្បទាន រវាង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង AIIB ដែលមាន​ទឹកប្រាក់​សរុប ១២៨,៧៨​ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​របស់ ADB ចំនួន ៦២,៩​លាន​ដុល្លារ​អាមេរិក និង​ថវិកា បដិភាគ​រាជរដ្ឋាភិបាល​ចំនួន ២២,៨៨​ លាន​ដុល្លារ​អាមេរិក​។​


​ក្រសួង​បាន​គូសបញ្ជាក់ថា គម្រោង​មាន​គោលបំណង ដើម្បី​លើកកម្ពស់​ផលិតកម្ម និង​ការ​ចិញ្ចឹមសត្វ​ប្រកបដោយ​គុណភាព និង​អនាម័យ​, ពង្រឹង​សុវត្ថិភាព​សុខភាព​សត្វ និង​មនុស្ស​, បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង និង​លើកកម្ពស់​ពាណិជ្ជកម្ម​សត្វ ឆ្លងកាត់​ព្រំដែន ក្នុងចំណោម​ប្រទេស​នានា​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ រួមមាន​កម្ពុជា​, ឡាវ​, វៀតណាម​, ថៃ និង​ចិន​។ គម្រោង​នេះ នឹង​អនុវត្ត​នៅក្នុង​រាជធានី​-​ខេត្ត​គោលដៅ ចំនួន ​៦ រួមមាន​៖ រាជធានី​ភ្នំពេញ​, ខេត្តកំពង់ចាម​, ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តព្រៃវែង​, ខេត្តសៀមរាប និង​ខេត្តតាកែវ​។​

​លោក ប៉ែន ធី​រុង្គ បាន​ត្រូវបាន​ដកស្រង់​សម្តី​ថា កិច្ចសហប្រតិបត្តិការ​របស់ AIIB ដែលជា​ដៃគូ​អភិវឌ្ឍន៍​ថ្មី​មួយ របស់​កម្ពុជា ហើយ​បានផ្តល់​ហិរញ្ញប្បទាន​សម្បទាន​សម្រាប់​គម្រោង​ដំបូង​បំផុត​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០២០ ក្រោម​ក្របខ័ណ្ឌ​មូលនិធិ​ស្តារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ (COVID-19 Crisis Recovery Facility)​។​

​លោក​បាន​ថ្លែងថា​៖«​ការផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​របស់ AIIB ដែល​បាននិងកំពុង​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ស្តារ​សេដ្ឋកិច្ចកម្ពុជា​ពី​ផលប៉ះពាល់​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ហើយ AIIB នឹង​បន្ត​ដើរតួនាទី​ជា​ដៃគូ​អភិវឌ្ឍន៍​កាន់តែ​សំខាន់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​របស់​កម្ពុ​ជានា​ពេលអនាគត​»​។​

​លោក វ​ង្ស៊ី វិសុទ្ធ​អតីត​រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជា​នឹង​ឆ្លៀតឱកាស​ធ្វើការ​ជាមួយ AIIB ដើម្បី​កែលម្អ​ការអភិវឌ្ឍ​ប្រទេស​។​

​លោក​ក៏បាន​ស្នើឱ្យ AIIB ផ្តល់ជំនួយ​បច្ចេកទេស​ក្នុងការ​រៀបចំ​ផែនការមេ​ស្តីពី​ការអភិវឌ្ឍ​ថាមពល ដើម្បី​ធានា​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថិរភាព និង​ធ្វើឱ្យ​ការចំណាយ​កាន់តែ​មានតម្លៃ​សមរម្យ និង​ប្រកួតប្រជែង​។​

​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២ ធនាគារ AIIB បានអនុម័ត​ហិរញ្ញប្បទាន ​ដែល​គាំទ្រ​ដោយ​រដ្ឋ​ជា​លើកដំបូង របស់ខ្លួន​ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​របស់​រដ្ឋា​ភិ​បាល បន្ទាប់ពី​ផលប៉ះពាល់​ដ៏​អាក្រក់​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មកលើ​ប្រជាជន​នៅតាម​ជនបទ​របស់​ប្រទេស​។ ប្រជាជន​ប្រមាណ ៤៨០ ០០០ ​នាក់​ នៅក្នុង​ខេត្ត​ចំនួន ​៥ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ប្រាក់កម្ចី​ចំនួន ៦០​ លាន​ដុល្លារ​អាមេរិក ដែល​ផ្តោត​ជា​ចម្បង​ក្នុង​ការជួយ​ដល់​ស្ត្រី កុមារ និង​ជន​ចំណាកស្រុក​ដែល គ្មាន​ការងារ ធ្វើ​នៅ​តំបន់​ជនបទ​។​

​ធនាគារ AIIB ផ្តោត​សំខាន់​លើ​ការជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ វា​ត្រូវបាន​ស្នើឡើង​ដោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៣ ហើយ​បានចាប់ផ្តើម​នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែតុលា ឆ្នាំ​២០១៤​។ ប្រទេស​កម្ពុជា រួមជាមួយ​សមាជិក​ស្ថាបនិក​នៅពេល​អនាគត​ចំនួន ៤៩ ផ្សេងទៀត​បាន​ចុះហត្ថលេខា​លើ​មាត្រា​នៃ​កិច្ចព្រមព្រៀង​នេះ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉េកាំង​៕