បាត់​ដំបងៈ អភិបាល​ខេត្ត​បាត់​ដំបង ​លោក​ សុខ លូ​ បាន​ជម្រាប​ជូន​តំណាង​ទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​ពី​សក្តានុ​ពល​ផ្នែក​កសិ​កម្ម ជា​ពិសេស​អង្ករ​ដ៏​មាន​គុណ​ភាព ​និង​ស្នើឱ្យ​វិនិយោ​គិន​ប្រទេស​នេះ​ ងាក​មក​វិនិយោគ​លើ​ផ្នែក​កសិ​ឧស្សា​ហកម្ម ​ក្នុងការ​កែច្នៃ​ផលិត​ផល​សម្រាប់​លក់​ក្នុង​ស្រុក ​និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។​

ការ​ស្នើ​បែប​នេះ ​ធ្វើ​ឡើង​តាម​រយៈ​ជំនួប​រវាង​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​ដឹក​នាំ​ដោយ​លោក ​សុ​ខ លូ ​អភិ​បាល​ខេត្ត និង​លោក​ស្រី Teo Lay Cheng ឯក​អគ្គរ​ដ្ឋទូត​សិង្ហ​បុរី​កាល​ថ្ងៃទី​២៧ ​ខែកញ្ញា ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​។​


បើ​តាម​ប្រភព​ដដែល ​នៅ​ក្នុងឱកា​ស​នោះ​ លោក ​សុខ លូ បាន​លើក​ឡើង​ថា បាត់​ដំបង គឺ​ខេត្ត​ដែល​មាន​សក្ដានុ​ពល​ខ្លាំង​លើ​វិស័យ​កសិ​កម្ម ហើយ​កំពុង​ទាមទា​រ​ឱ្យ​វិនិយោ​គិនក្នុ​ងស្រុកនិង​ក្រៅ​ស្រុក​ ពិសេស​សិង្ហ​បុរី​ចាប់​អា​រម្មណ៍​វិនិ​យោគ​ផ្នែក​កសិ​ឧស្សាហ​កម្ម ​ដូចជា​ការកែ​ច្នៃ​ផ្លែ​ឈើ​ជាដើម​។​

លោក​បាន​បន្ត​ថា​៖ «ផ្នែក​កសិ​ឧស្សា​ហកម្ម​ដែល​ខេត្ត​ត្រូវការ​អ្ន​កវិនិយោគគឺ​ការយក​ផលិត​ផល​កសិកម្ម​យក​ទៅ​កែច្នៃដើម្បី​ធ្វើ​ការ​លក់ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ​ព្រោះ​សព្វថ្ងៃ​នេះ​ផលិត​ផល​កសិ​កម្ម​ជា​ច្រើន​ នៅ​មិន​ទាន់​បាន​យក​មក​កែច្នៃ​អស់​លទ្ធ​ភាព​នៅ​ឡើយ​ទេ ​ធ្វើឱ្យ​ផលិត​ផល​ទាំង​នោះ​លើស​តម្រូវការ​ទីផ្សារ​បណ្ដាល​ឱ្យ​មានការ​ធ្លាក់​ថ្លៃ​ចុះ​»​។​


លោកអភិ​បាលខេ​ត្តបាន​ជម្រាប​ជូន​ឯកអគ្គ​រដ្ឋទូត​សិង្ហ​បុរី​ទៀតថា​៖«​ទន្ទឹមនឹ​ង​គុណ​ភា​ព​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​អង្ករ​កម្ពុជាដែល​កំពុង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​នោះ ​ក្នុង​នោះ​ខេត្ត​នេះ ​ក៏មាន​ដំណាំ​ម្រេច​សំឡូត ​ដែលជា​ដំណាំ​មួយ​មិ​នសូវ​មាន​អ្នក​ស្គាល់​ច្រើន​ដូច​ដំណាំ​ម្រេច​នៅ​កំពត​ឡើយ​។ តែ​ចំពោះ​ដំណាំ​ម្រេច​សំឡូត​នេះ​គឺ​ត្រូវ​បាន​ទទួល​ការ​លើក​សរសើរ​អំពី​គុណ​ភាព ​និង​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ដំណាំ​ម្រេច​នៅឯ​ខេត្ត​កំពត​​ឡើយ​»​។​

ជា​ការ​ឆ្លើយ​តប​លោក​ស្រី​ Teo Lay Cheng ឯក​អគ្គរដ្ឋ​ទូត​នៃ​សា​ធារណ​រដ្ឋ​សិង្ហ​បុរី បាន​លើក​ឡើងថា ខេត្ត​បាត់​ដំបង​មាន​ភាព​ទាក់​ទាញ​ខ្លាំង ​ពិសេស​​ចំពោះអគារ​បុរាណ​និង​ចំណាស់ៗ​ដែល​បន្សល់​ទុកពី​សម័យអា​ណា​និគម​និយម​បារាំង​ ដែល​កំពុង​លើក​សម្រស់​ក្រុង​បាត់​ដំបង​ឱ្យ​កាន់​តែ​មាន​ភាព​ចាប់​អារម្ម​ណ៍​បាន​មួយកម្រិត​ទៀត។

​លោក​ស្រី​បានបន្ត​ថា​៖«​បន្ទាប់​ទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិនស្រូ​វ​ដើម្បី​យល់​បន្ថែម​អំពី​បញ្ហា​ស្រូវ​អង្ករ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​រួច​មក សង្ឃឹ​មថា​អាច​យល់​ដឹង​បន្ថែម​ពី​ស្រូវ​អង្ករ​នៅ​ខេត្ត​នេះ​បាន​កាន់​តែច្រើ​ន ហើយ​យើង​ក៏​សង្ឃឹម​ថា​ស្រូវ​អង្ករ​ពី​ប្រទេស​កម្ពុជា​នឹង​អាច​នាំ​ចូល​ទៅ​ប្រទេស​សិង្ហ​បុរី​ផង​ដែរ​»​។​

ជុំវិញ​រឿង​នេះ​ដែរ ​អ្នក​ជំនាញ​សេដ្ឋកិ​ច្ច​នៃ​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជា​តិ នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​លោក ​ហុង វណ្ណៈ ​បាន​ថ្លែង​ថា ការ​ចុះ​មកស្វែង​យល់​ពី​សក្ដានុ​ពល​រប​ស់​ខេត្ត​គឺជា​សញ្ញា​ល្អ​និង​បង្ហាញ​ពី​ការ​រួម​ចំណែក​ធានា​ដល់​និរន្តរ​ភាព​សេដ្ឋ​កិច្ច​រយៈ​ពេល​វែង​របស់​កម្ពុជា​។​

​លោក​ថា​៖«​ជា​ភារ​កិច្ច​ដែល​ខេត្ត​ពិសេស​រដ្ឋាភិ​បាល​គួរ​ធ្វើ​បន្ថែម​ទៀតដើម្បី​ផ្តល់​ទំនុក​ចិត្ត​សម្រាប់​អ្នក​វិនិយោគ​ គឺ​រដ្ឋាភិ​បាល​ចាំ​បាច់​ត្រូវមា​ន​កិច្ច​សន្ទនា​ច្បាស់​លាស់​តាមរ​យៈ​ការជំរុញ​កិច្ច​សហ​ការ​ជា​មួយ​វិនិយោ​គិន​ក្នុង​ស្រុក​ដែល​មាន​លទ្ធ​ភាព​ធំៗ​បង្ហាញ​ពី​សុទិដ្ឋិ​និយម​ពី​កម្ពុជា​បង្ហាញ​សក្តានុ​ពលវិស័យ​អាទិ​ភាព​ដល់​វិនិយោ​គិន​បរទេស​ទាំង​នោះថា​យើង​ពិត​ជា​មាន​ផែន​ការ​ច្បាស់​លាស់ដើម្បី​ធានា​សុខុ​មាល​ភាព​របស់​កម្ពុ​ជា​រយៈ​ពេល​វែង​»​។​

​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋ​បាល​ខេត្ត​បាត់​ដំបង​គិត​ត្រឹម​រយៈ​ពេល​៥​ឆ្នាំ​ពោល​គឺ​ពី​ឆ្នាំ​២០១៨​-២០២២ ខេត្ត​មាន​ដំណាំ​ស្រូវ​អនុវត្ត​បាន​ចំនួ​ន៤១៤​ ៧៦១​ហិកតា​និង​ដំណាំ​សាក​វប្ប​កម្ម​និង​ឧស្សាហ​កម្ម​សរុប​មាន​ចំនួន​២៥៤ ​៩៧៤​ហិក​តា​៕