យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ដែលបាន​ចុះផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែកញ្ញា បានឱ្យដឹង​ថា ប្រទេស​ចិន​បានចាប់ផ្តើម​បើក​សម្ពោធ​ខ្សែ​រថភ្លើង​ល្បឿនលឿន​របស់​ខ្លួន ដែលនឹង​រត់តាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ហ្វ៊ូជាន (Fujian) ក្បែរ​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយឆ្លងកាត់​ឆ្នេរសមុទ្យ​នៃទីក្រុង​ធំៗ​មួយចំនួន។

យោងតាម​សារព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួរ (Xinhua) បានរាយការណ៍​ថា​ កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍ រថភ្លើង​ល្បឿនលឿន​មួយនេះ​បានចាប់ផ្ដើម​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ហ្វ៊ូចូវ (Fuzhou) រដ្ឋធានី​នៃខេត្ត​ហ្វ៊ូជាន​ភាគខាងកើត​ប្រទេស​ចិន។


នេះគឺជា​ការចាប់ផ្តើម​បើក​ដំណើរការ​ផ្លូវដែក​ដែលតភ្ជាប់​ទីក្រុង​ហ្វ៊ូចូវ រហូត​ដល់ទៅ​ទីក្រុង​ស៊ាមិន (Xiamen) និងទីក្រុង​ចាងចូវ (Zhangzhou) ដែលមាន​ប្រវែង​សរុប ២៧៧ គីឡូម៉ែត្រ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បានដក​ស្រង់​សម្តី​របស់​ក្រុមហ៊ុន​ប្រតិបត្តិករ​ផ្លូវដែក​នេះ​ឈ្មោះ​ថា China State Railway Group ថា «វាគឺជា​ផ្លូវ​ដែក​ឆ្លងកាត់​សមុទ្រ​ដំបូងគេ​បង្អស់​របស់​ប្រទេស​ចិន ដោយមាន​រថភ្លើង​ល្បឿនលឿន​ខ្លាំង និងដែល​អាចធ្វើ​ដំណើរ​នៅលើ​ស្ពាន ឆ្លងកាត់​ឆ្នេរសមុទ្រ​ចំនួន​បី​ធំៗ និងមាន​ល្បឿន​អតិបរមា​រហូត​ដល់ទៅ ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង»។


ដូច្នេះ ប្រជាជន​ចិន​នឹងត្រូវ​ចំណាយ​ពេលត្រឹមតែ​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ ក្នុងការ​ធ្វើ​ដំណើរ​ពីទីក្រុង​ហ្វ៊ូចូវ ទៅកាន់​ទីក្រុង​ស៊ាមិន ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និងជា​តំបន់​ទេសចរណ៍​ដ៏ពេញ​និយម​នៅប្រទេស​ចិន។ គួរបញ្ជាក់​ថា ក្រុមហ៊ុន​ដែលសាងសង់​ផ្លូវ​ដែក​ល្បឿនលឿន​នេះ​ឈ្មោះ​ថា China Railway Siyuan Survey and Design Group ហើយនេះ​ជាការរួម​ចំណែក​ដល់បណ្តាញ​ផ្លូវដែក​ល្បឿនលឿន​យ៉ាងទូលំទូលាយ​នៅក្នុង​ប្រទេស​ចិន។

គិតត្រឹម​ខែ​មិថុនា ឆ្នាំ២០២២ ប្រទេស​ចិន​មានផ្លូវ​រថភ្លើង​ល្បឿនលឿន​ប្រវែង ៤២០០០ គីឡូម៉ែត្រ​ដែលកំពុង​ដំណើរការ។ ក្នុងនោះ​ផ្លូវ​រថភ្លើង​ប្រហែល​ជា ៣២០០ គីឡូម៉ែត្រ អាចមាន​សមត្ថភាព​រត់ក្នុង​ល្បឿន​រហូត​ដល់ ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដោយឡែក កាលពី​ដើម​សប្តាហ៍​នេះ ប្រទេស​ចិន​ក៏បាន​ដាក់ចេញ​នូវ​គម្រោង​ខ្សែ​រថភ្លើង​ទំនើប​លើអាកាស​ជាលើក​ដំបូង​ផងដែរ នៅក្នុង​ទីក្រុង​វូហាន (Wuhan) ដែលជា​រដ្ឋធានី​នៃខេត្ត​ហឺប៉ី (Hubei)។

ផ្លូវ​រថភ្លើង​ទំនើប​លើអាកាស​នេះ គឺជា​ប្រព័ន្ធ​រថភ្លើង​មួយ​ប្រភេទ ដែលតួ​រថយន្ត​ត្រូវបាន​តភ្ជាប់​ទៅនឹង​ផ្លូវដែក​ផ្នែក​ខាងលើ ខុសពី​ផ្លូវ​រថភ្លើង​ធម្មតា​ដែលតួ​រថភ្លើង​ត្រូវធ្វើ​ដំណើរ​នៅលើ​ផ្លូវដែក។ នេះគឺ​ជាទម្រង់​ដឹកជញ្ជូន​មួយ​ប្រកបដោយ​ប្រសិទ្ធភាព និងសន្សំ​សំចៃ​កន្លែង​បានច្រើន៕