​ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ដកយក​ឥណទាន​ស​ម្ប​ទាន​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​កន្លងមក​ជិត ៩១៤​ លាន​ដុល្លារ​ សម្រាប់​ប្រើប្រាស់​នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ដោយ​កើនឡើង​ប្រមាណ ១១ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​បានឱ្យដឹងថា នៅក្នុង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​ដក​សាច់ប្រាក់​ពី​ឥណទាន​សម្បទាន​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​កន្លងមក​សរុប​ចំនួន ៦៤៧,០២ ​លាន​ដុល្លារ​អាមេរិក​។ បើ​សរុប​ចាប់ពី​ត្រីមាស​ទី​១ រហូតដល់​ត្រីមាស​ទី​២ ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​បាន​ដក​សាច់ប្រាក់​សរុប ៩១៣,៧៨ ​លាន​ដុល្លារ​ក្នុងនោះ​ក្រប​ខ័​ណ្ឌ​ទ្វេភាគី មាន​ប្រមាណ ៣៤ ​ភាគ​រយ ​(៣១២,២៦ ​លាន​ដុល្លារ​) និង​ក្រប​ខ័​ណ្ឌ​ពហុភាគី ៦៦ ​ភាគរយ ​(៦០១,៥២​លាន​ដុល្លារ​)​។ បើ​ធៀប​រយៈពេល​ដូច​​គ្នា​ឆ្នាំ​ ២០២២ គឺ​ការដក​សាច់ប្រាក់​ជាក់​ស្តែង​សរុប​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ គឺមាន​កំណើន​ប្រមាណ ១១ ​ភាគរយ​។​


​ឯកសារ​បញ្ជាក់ថា​៖ «​សាច់ប្រាក់​ទាំង​នេះ​ត្រូវបាន​ប្រើប្រាស់​ជាក់ស្តែង​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ៥៣ ​ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត ​៤៧ ​ភាគរយ​»​។​

​បើតាម​ឯកសារ គឺ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន មានដូចជា ដឹកជញ្ជូន​, ថាមពល​, ធារាសាស្ត្រ... និង​ផ្គត់ផ្គង់​ទឹកស្អាត រីឯ​វិស័យ​មិនមែន​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន កសិកម្ម​, សុខាភិបាល ...​និង​អប់រំ​។​


​ឯកសារ​ឱ្យដឹងទៀតថា ទន្ទឹមនឹង​ការ​ដក​ប្រាក់​ឥណទាន​សម្បទាន រាជរដ្ឋាភិបាល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ក៏បាន​ទូទាត់​សេវា​បំណុល​សរុប ២៤៧,៣៦ ​លាន​ដុល្លារ​អាមេរិក​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ការទូទាត់​សេវា​បំណុល​សរុប​ក្នុង ២ ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២៣ មាន​កំណើន​ប្រមាណ ១៦ ​ភាគរយ​។​

​ឥណទាន​សម្បទាន សំដៅ​ដល់​ឥណ​ទាន​ដែលមាន​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ជាង​លក្ខខណ្ឌ​ទីផ្សារ ឬ​លក្ខខណ្ឌ​ឥណ​ទាន​ពាណិជ្ជកម្ម ដោយមាន​ធាតុ​អំ​ណោ​យ​ចាប់ពី ៣៥ ​ភាគរយ​ឡើងទៅ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ កាលពី​ថ្ងៃទី ​២៨ ខែកញ្ញា បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ថា ការ​ដកយក​ឥណទាន​សម្បទាន​ទៅប្រើ​ប្រាស់​សម្រាប់​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម គឺជា​កិច្ចការ​ចាំបាច់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ជាប្រចាំ​។ ឥណទាន​សម្បទាន តែង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​រដ្ឋា​​ភិ​បាល​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍​ឱ្យមាន​ថវិកា​ក្នុង​ដៃ​សម្រាប់​យកទៅ​អភិវឌ្ឍ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​លោក​បាន​ថ្លែងថា​៖ «​តាម​ការសង្កេត​របស់​ខ្ញុំ គឺ​ការប្រើប្រាស់​ឥណទាន​ស​ម្ប​ទាន​របស់​រាជរដ្ឋាភិបាល​កន្លងមក​គឺមាន​ភាពល្អប្រសើរ ប្រើប្រាស់​ចំ​គោល​ដៅ មាន​ប្រសិទ្ធភាព និង​តម្លាភាព​»​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​អះអាងថា ស្ថានភាព​បំណុល​សាធារណៈ​បច្ចុប្បន្ន​របស់​កម្ពុជា​នៅតែ​ត្រូវបាន​វាយតម្លៃថា ស្ថិតក្នុង​ភាព​អាច​គ្រប់គ្រង​បាន ពោលគឺ​នៅតែមាន ​«​ចីរភាព​» និង ​«​ហានិភ័យ​កម្រិត​ទាប​»​ ដដែល បើទោះបី​សេដ្ឋកិច្ចកម្ពុជា​ទទួលរ​ង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេងទៀត​ក្តី​។​

​យោងតាម​ឯកសារ​ខាងលើ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​ ២ ឆ្នាំ ២០២៣ កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប ១០,៧២ ​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ៩៩,៥៧​ ភាគរយ ត្រូវ​នឹង​ប្រមាណ ១០,៦៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស (​ក្រប​ខ័​ណ្ឌ​ទ្វេភាគី​ប្រមាណ ៦៤​ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី ៣៦ ​ភាគរយ​) និង ០,៤៣ ​ភាគរយ ត្រូវ​នឹង​ប្រមាណ ៤២,៥១​ លាន​ដុល្លារ​អាមេរិក​ជា​បំណុល​សាធារណៈ​ក្នុងប្រទេស​៕