ភ្នំពេញៈ ឥទ្ធិពល​វិបត្តិ​សេដ្ឋ​កិច្ច​សកល​បានធ្វើឱ្យ​ទឹកប្រាក់​ដែល​កម្ពុជា​រកបាន​ពី​ការនាំ​ជ័រកៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៨​ ខែ​ដើមឆ្នាំ​ ២០២៣ មាន​ត្រឹមតែ​ជាង ២៧៣​ លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់ចុះ​ជាង ១០ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​បង្ហាញថា ពី​ខែមករា​-​ខែសីហា ឆ្នាំ​ ២០២៣ ការនាំចេញ​ជ័រកៅស៊ូ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​បរិមាណ​សរុប ២០៥ ១៦៧​ តោន កើន ៦ ៣៥៤​ តោន ឬ​ស្មើនឹង ៣​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ទោះយ៉ាងណា​ទឹកប្រាក់​ដែល​បាន​ពី​ការនាំចេញ​ក្នុង​រយៈពេល​នេះ គឺមាន​ត្រឹម ២៧៣,៣៦​ លាន​ដុល្លារ​ធ្លាក់ចុះ​ប្រមាណ ១០,២ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ​៣០៤,៣៨​ លាន​ដុល្លារ​។​


​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ តម្លៃ​មធ្យម​ជ័រកៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ ចន្លោះ​ពី​ខែមករា​-​ខែសីហា ឆ្នាំ​ ២០២៣ គឺ​ប្រមាណ ១ ៣២៧​ ដុល្លារ​ ក្នុង​ ១​ តោន ថយចុះ ២៣០​ ដុល្លារ ឬ​ប្រមាណ ១៥​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។​

​ឯកសារ​ខាងលើ​ឱ្យដឹងទៀតថា សម្រាប់​តម្លៃ​ជ័រកៅស៊ូ​លក្ខ​ណៈ​គ្រួសារ គឺ​ទឹក​ជ័រ ​(DRC ១០០ ​ភាគរយ​) មានតម្លៃ ៤ ៤៧៥-៤ ៧០០​ រៀល ​ក្នុង ​១​ គីឡូក្រាម និង​ជ័រ​កក ​(DRC ៥០​ ភាគរយ​) ​ថ្លៃ ២ ០០០ ទៅ ២ ៦៧៥ ​រៀល​។​


​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៨ ខែកញ្ញា​ថា វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​មកនេះ ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់ទី​ផ្សារ​ផលិតផល​កៅស៊ូ​។

លោក​បន្តថា មូលហេតុ​ធំៗ​ដែល​ទាញ​ទម្លាក់​តម្លៃ​ជ័រកៅស៊ូ​នៅលើ​ទីផ្សារ​អន្តរជាតិ គឺ​បញ្ហា​តម្រូវការ​ទីផ្សារ​ពិភព​​លោក​មាន​កម្រិត​ទាប​, កំណើន​ទិន្នផល​កាន់តែច្រើន​, ការ​ដំ​ឡើង​អត្រា​ការប្រាក់​របស់​ធនា​គារ​កណ្តាល​អាមេរិក​, សង្គ្រាម​រវាង​រុស្សី​-​អ៊ុយ​ក្រែ​ន និង​ផល​ប៉ះពាល់​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ចិន និង​អាមេរិក ជាដើម​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​ផលិតផល​ជ័រកៅស៊ូ​កម្ពុជា​ពឹង​ផ្អែកលើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ភាគច្រើន ដូច្នេះ​នៅពេល​ទីផ្សារ​អន្តរជាតិ​មាន​បញ្ហា បរិមាណ និង​តម្លៃ​ជ័រកៅស៊ូ​នាំចេញ​ក៏​ជួប​បញ្ហា​ដែរ​»​។​

​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា ឆ្នាំ​ ២០២៣ ដែល​រៀបចំ​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​ កាលពី​ថ្ងៃទី​ ១១ សីហា ឆ្នាំ ២០២៣ លោក ជា វុទ្ធី អគ្គ​លេខាធិការ​រង CDC បាន​លើក​ឡើង​ថា ឧស្សាហកម្ម​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដោយពេល​នេះ មាន​ក្រុមហ៊ុន ២ កំពុង​សិក្សា​ទីតាំង​សម្រាប់​កសាង​រោងចក្រ ស្របពេល​កម្ពុ​ជាមាន​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​ចំនួន ៣ ហើយ​កំពុងដំណើរការ​គឺ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តស្វាយរៀង (​ក្រុង​បាវិត​) ខេត្ត​ព្រះសីហនុ និង​ខេត្តក្រចេះ​។ លោក​បន្ថែមថា តម្រូវការ និង​តម្លៃ​ជ័រកៅស៊ូ នឹងមាន​ភាពល្អ​ប្រសើរ​ជាង​មុន នៅពេល​មាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​កាន់តែច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេល​ខាងមុខ​ឆាប់ៗ​នឹងមាន​ក្រុម​ហ៊ុន ២ បន្ថែមទៀត​ដោយពេល​នេះ​កំពុង​ចរចា​ជ្រើសរើស​ទី​តាំង​នៅតាម​បណ្តា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មួយចំនួន​»​។​

​លោក​លើកឡើង​ទៀតថា តាម​ការ​ព្យាករ​បើ​ក្រុមហ៊ុន​ទាំង ៥ ដំណើរ​ការផលិត​ពេញលេញ គឺ​ក្នុង ១ ​ឆ្នាំៗ​ អាច​នឹង​ស្រូបយក​ជ័រកៅស៊ូ​ (​ធម្មជាតិ​) កម្ពុជា​ប្រមាណ ២០ ម៉ឺន​តោន ខណៈ​បច្ចុប្បន្ន​ទិន្នផល​ជ័រកៅស៊ូ​ដែល​កម្ពុជា​ប្រមូលបាន​ក្នុង ១ ​ឆ្នាំ​គឺ​ក្នុង​រង្វង់ ៥០​ ម៉ឺន​តោន​។ ដោយ​សារ​មិនមាន​ទីផ្សារ​ក្នុងស្រុក​គឺ​បរិមាណ​ស្ទើរ​ទាំងអស់​ត្រូវបាន​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បន្តថា បើតាម​សមាគម​ចម្ការកៅស៊ូ​កម្ពុជា ការនាំចេញ​ជ័រកៅស៊ូ​ផ្លូវការ​គឺមាន​ប្រមាណ ៣០ ​ម៉ឺន​តោន និង​ក្រៅផ្លូវការ​ប្រមាណ ២០ ​ម៉ឺន​តោន​។​

​បើតាម​លោក វុទ្ធី មកដល់ពេលនេះ​គឺមាន​តែ​រោងចក្រ​ចំនួន ១ ប៉ុណ្ណោះ​ក្នុងចំណោម​រោង​ចក្រ​ទាំង ៣ ដែល​ទទួល​ទិញ​ជ័រកៅស៊ូ​កម្ពុជា ដោយ​រយៈពេល ៥ ខែ​ដើមឆ្នាំ​ ២០២៣ ក្រុមហ៊ុន​នោះបាន​ទិញ​ជ័រកៅស៊ូ​នៅក្នុង​ស្រុក​ចំនួន ១៤ ០០០ ​តោន​។

​នៅក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​រកចំណូលបាន​ជាង ៥៣១​ លាន​ដុល្លារ​ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុងនោះ​ការ​នាំចេញ​ជ័រកៅស៊ូ ៥២៧,៧៧ លាន​ដុល្លារ និង​ឈើ​កៅស៊ូ ៤, ០៩​ លាន​ដុល្លារ​៕