ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន ជាមួយ​សាខា​ធនាគារ​កសិក​ន ផាប់​ប្ល៊ី​ក ខម​ភេ​នី លី​មី​ធី​ត ​(​ភ្នំពេញ​) ដើម្បី​បង្កើន​ទំនុកចិត្ត និង​ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន​ ដែលមាន​ការធានា​ជូន​ដល់​ម្ចាស់​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​នៅ​ការិយាល័យ​របស់ CGCC ដោយមាន​ការចូលរួម​ពី​សំណាក់​លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល CGCC និង​លោក Cherdkiat Atthakor ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា និង លោក Suwat Techawatanawana អគ្គនាយក​ប្រតិបត្តិ​រង​ធនាគារ​កសិក​ន​ប្រទេស​ថៃ​។​


​អគ្គនាយក CGCC លោក Wong Keet Loong បាន​លើកឡើងថា CGCC មាន​កិត្តិយស​ជាខ្លាំង​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ថៃ ក្នុង​ការផ្តល់​ការធានា​ឥណទាន​ដើម្បី​គាំទ្រ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (SMEs) នៅ​កម្ពុជា​។

លោក​បន្តថា សាខា​ធនាគារ​កសិក​ន​នៅទីនេះ​នឹង​នាំយក​បទពិសោធន៍​ពី​ប្រទេស​ថៃ ដែល​វិស័យ​ធនាគារ​នៅ​ទីនោះ​មានការ​អភិវឌ្ឍ​ខ្លាំង ក្នុងការ​ផ្តល់​កម្ចី​ដែលមាន​ការធានា​។ តាមរយៈ​បទពិសោធន៍​ទាំងនេះ លោក​សង្ឃឹមថា ធនាគារ​កសិក​ន​នៅ​កម្ពុជា​នឹង​ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន​ដែលមាន​ការធានា ជូន​ដល់​ម្ចាស់​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​។​


​លោក​បាន​ថ្លែងថា​៖«​កិច្ចសហការ​នេះ​ក៏​នឹង​បើកឱកាស​សម្រាប់ CGCC ដើម្បី​ស្វែងយល់​បន្ថែម​ពី​ការធានា​ឥណទាន​ឆ្លង​ព្រំដែន រវាង​ធុរកិច្ច​ក្នុង​ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ចុង​ឆ្នាំនេះ យើង​ក៏មាន​គម្រោង​សិក្សា និង​សហការ​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​ប្រទេស​ថៃ ដែលមាន​បទពិសោធន៍​ជាង ៣០​ឆ្នាំ​ផងដែរ​»​។​

​ប្រធាន​ចាត់ការ​ទូទៅ​នៃ​សាខា​ធនាគារ​កសិក​ន​(​ភ្នំពេញ​) លោក Mr. Ritthiwut Watthanachai បាន​និយាយថា​៖«​ប្រទេស​កម្ពុជា​គឺជា​ចំណុចកណ្តាល​នៃ​យុទ្ធសាស្ត្រ​ការពង្រីក​ខ្លួន​របស់​ធនាគារ​កសិក​ន ប្រចាំ​តំបន់​។ គំនិត​ផ្តួចផ្តើម​នេះ​ស្របតាម​ផែនការអាជីវកម្ម​រប​ស់​យើង​សម្រាប់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដែល​ក្នុងនោះ​យើង​មាន​គោលបំណង​បង្កើន​បទពិសោធន៍​រប​ស់​យើង​ក្នុងការ​គាំទ្រ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅក្នុង​ប្រទេស​ថៃ និង​ទាញយក​គំរូ​ស្រដៀង​គ្នា​នេះ ដើម្បី​បម្រើ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

ភាពជា​ដៃគូ​ជាមួយ CGCC នឹង​ក្លាយជា​កត្តា​ជំរុញ​ដ៏​សំខាន់​ សម្រាប់​យើង​ក្នុងការ​ពង្រីក​វិសាលភាព​ទៅកាន់​សហគ្រិន​ឱ្យបាន​កាន់តែ​ច្រើនជាង​មុន ស្របពេល​ជាមួយ​ការបង្កើន​សមត្ថភាព​សេវាកម្ម​របស់​យើង​ផងដែរ​។ លើសពីនេះ ភាពជា​ដៃគូ​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការគាំទ្រ​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។​

CGCC ផ្តោតលើ​ការបង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​បេសកកម្ម​ចម្បង​នៃ​ការផ្តល់​ការធានា​លើ​កម្ចី​អាជីវកម្ម​ដែល​ផ្តល់ឱ្យ​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ​(PFIs) ដល់ MSMEs​។ ស្រប​ជាមួយគ្នានេះ សាខា​ធនាគារ កសិក​ន​(​ភ្នំពេញ​) គឺជា​សាខា​របស់​ធនាគារ កសិក​ន ផាប់​ប្ល៊ី​ក ខម​ភេ​នី លី​មី​ធី​ត ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​របស់​ថៃ ដែលមាន​គោលបំណង​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​ក្នុងស្រុក​របស់​កម្ពុជា តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​យ៉ាង​ទូលំទូលាយ​ដល់​ម្ចាស់​អាជីវកម្ម និង​ក្រុមហ៊ុន​ផងដែរ​៕