ភ្នំពេញៈ គម្រោង​វិនិយោគ​ចំ​នួន​ជិត ៣០ ដែលមាន​ទុន​វិ​និ​យោគ​ជាង ២៥០​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ​២៧ ​ពាន់​កន្លែង ត្រូវបាន​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុ​​ម័ត​ឱ្យ​វិនិយោគ​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ ដែល​ក្នុងនោះ ៩ ​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ នេះ​បើ​យោងតាម CDC​។​

​យោងតាម​ការ​គណនារ​បស់​ភ្នំពេញ​ប៉ុស្តិ៍ គឺ​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២៣ មាន​គម្រោង​វិនិយោគ​ចម្រុះ​ចំនួន ២៦ ដែលមាន​ទុន​​វិនិយោគ​សរុប ២៥៦,៦៥​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២៧ ២៦២​ កន្លែង ត្រូវបាន CDC អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​។ គម្រោង​ចំនួន ៩​ ស្ថិតនៅក្នុង​តំ​បន់​សេដ្ឋកិច្ច​នៃ​ខេត្ត​ព្រះសីហនុ និង​ស្វាយរៀង ខណៈ​ក្រៅពីនោះ ស្ថិត​នៅក្រៅ​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​ដូចជា ក្នុង​រាជធានី​​ភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ ព្រះ​សីហនុ ក្រចេះ កណ្តាល និង​កំពង់ចាម​។


​គម្រោង​វិនិយោគ​ដែលមាន​ទុនវិនិយោគ​ច្រើន គឺ​គម្រោង​អភិវឌ្ឍន៍​អនុ​ស្ថានីយ និង​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី តង់ស្យុង​ខ្ពស់ ២៣០ គីឡូវ៉ុល ពី​ខេត្តកំពង់ចាម ទៅ​ខេត្តក្រចេះ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដែក​គ្រប់​ប្រភេទ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ផ្អែក​តាម CDC គម្រោង​ទាំង​នោះ​មានដូចជា បណ្តាញ​ចែក​ចាយ​អគ្គិសនី អំពូល​ភ្លើង ដែក​ខ្សែភ្លើង កាត់ដេរ គ្រឿងសង្ហារិម ចំណី​សត្វ សម្ភារ​វេច​ខ្ចប់ កេះ​កា​តុង​, និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ ជាដើម​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ខែ​តុលា​ថា ការទទួលបាន​គម្រោង​វិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់​នេះ​បញ្ជាក់ថា កម្ពុជា​កំពុង​ក្លាយជា​ប្រទេស​ដែលមាន​សក្តានុពល​គ្រប់គ្រាន់​ក្នុងការ​ទាក់ទាញ​វិ​និ​យោគិន​ជាតិ និង​អន្តរជាតិ​ឱ្យមក​បណ្តាក់ទុន ខណៈ​ក្រៅពី​មានច្បាប់​វិនិយោគ​ល្អប្រសើរ​កម្ពុជា​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​ច្រើន​ដើម្បី​បើក​ទីផ្សារ​នាំចេញ​ឱ្យ​កាន់តែ​ធំ និង​មាន​លក្ខខណ្ឌ​ពិសេស​(​ពន្ធ​)​ផងដែរ​។

លោក​បន្តថា នៅពេល​ចង្វាក់​ផលិត​កម្ម និង​អាជីវកម្ម​ក្នុងស្រុក​កាន់​តែ​រីកចម្រើន គឺ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សមត្ថភាព និង​មុខ​មាត់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​កម្ពុជា​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ផលិតផល​នាំចូល​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​នេះ​ជា​មោ​ទ​ន​ភាព​សម្រាប់​កម្ពុជា ព្រោះ​នៅពេល​មាន​គម្រោង​វិនិយោគ​ផ្ទាល់​កាន់តែច្រើន​ឱកាស​បង្កើន​ការងារ និង​កម្លាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ក៏​នឹង​កាន់តែខ្លាំង​ផងដែរ​។ គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ គឺមាន​ភាព​ចម្រុះ និង​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទំនើប​»​។​

​ខណៈ​ក្នុង​ខែវិច្ឆិកា​នេះ​កម្ពុជា​នឹង​រៀបចំ​វេទិកា​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ដែលជា​វេទិកា​ជំនួប​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ​(​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​នឹង​ធ្វើជា​ប្រធាន​កិច្ច​ប្រ​ជុំ​)​ និង​ផ្នែក​ឯកជន លោក លឹម ហេង បាន​អះអាងថា បន្ទាប់ពី​វេទិកា​ខាងលើ គឺ​នឹងមាន​ក្រុម​ហ៊ុន​ជាតិ និង​អន្តរជាតិ​កាន់តែច្រើន​បន្ថែមទៀត​ចូលមក​វិ​និ​យោគ​នៅ​កម្ពុជា​។​

​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី លោកស្រី កែវ មុំ បាន​ប្រាប់ថា បើ​តម្លៃ​ថាមពល​អគ្គិសនី​កម្ពុជា​អាច​ស្មើ ឬ​ទាប​ជាង​ប្រទេសជិតខាង គឺ​កម្ពុជា​នឹងមាន​ឱកាស​ច្រើន​ថែមទៀត​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​។ ដោយសារ​តម្លៃ​អគ្គិសនី​ផ្សារភ្ជាប់​នឹង​គ្រប់​ចង្វាក់​ផលិតកម្ម ដូច្នេះ​បើ​តម្លៃ​អគ្គិសនី​ទាប វា​ក៏​នឹង​ជួយ​លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផងដែរ​។​

​លោកស្រី​និយាយថា​៖ «​អគ្គិ​ស​នី​កាន់តែ​ទាប ធ្វើឱ្យ​ថ្លៃដើម​ផលិត​កាន់តែ​ទាប ដែល​នឹង​ជួយ​ឱ្យ​សមត្ថភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ជាមួយ​ទំនិញ​របស់​ប្រទេស​នានា​លើ​ពិភពលោក​។ អ្នកវិនិយោគ​បរទេស មុននឹង​ទៅ​បណ្តាក់ទុន​នៅក្នុង​ប្រទេស​ណាមួយ សំណួរ​មុនគេ​តើ​អគ្គិ​ស​នី​នៅ​ទីនោះ​មាន​គ្រប់គ្រាន់​ដែរឬទេ​? តើ​អគ្គិសនី​មានតម្លៃ​ខ្ពស់ ឬ​ទាប​?»៕